ខេត្តកំពង់ឆ្នាំង ៖ នៅលើវាលវដ្តសង្សារយើងនេះ គ្មាននរណាម្នាក់ចង់និរាស្ត្រព្រាត់ប្រាស់ បែកបាក់គ្រួសារនោះទេទាំងមនុស្ស សត្វ ប៉ុន្តែអ្វីដែលគួរអនិច្ចានោះ វាបានធ្លាក់ទៅលើកុមារមួយគ្រួសារ ដែលមានទារកម្នាក់ទើបកើតមិនស្គាល់ពន្លឺថ្ងៃផង ។ បន្ទាប់ពីម្តាយបានស្លា.ប់បាន២ខែ ឪពុកក៏បានស្លា.ប់ទៀត ដោយបន្សល់ទុកក្មេងកំព្រា៥នាក់កំពុងរស់នៅយ៉ាងឯកោលើផ្ទះដែលឡើងពីទឹក មករស់នៅលើគោក ក្នុងភូមិពាមខ្នង ឃុំផ្លូវទូក ស្រុកកំពង់លែង។
លោក ប៉ាត់ គន មេឃុំផ្លូវទូកបានបញ្ជាក់ នៅព្រឹកថ្ងៃទី២៩ ធ្នូ ឆ្នាំ២០២២ នេះថា ពិតជាសង្វេគពេកណាស់ ដែលគ្រួសារមួយមានម្ដាយស្លា.ប់បាន២ខែ បន្ទាប់មកឪពុកបានស្លា.ប់ចោលទៀត ដោយបន្សល់ទុកកូន៥នាក់។ ក្នុងនោះទារកម្នាក់ទើបកើតបាន២ខែ បើគិតត្រឹមថ្ងៃនេះ(២៩ធ្នូ) ។ គ្រួសារនេះមានម្ដាយឈ្មោះ ស្រៀង ចម្រើន អាយុ៣៩ឆ្នាំ ឪពុកឈ្មោះភី សាម៉េត អាយុ៣២ឆ្នាំ ។ គ្រួសារនេះ មានកូន៥នាក់ ក្នុងនោះកូនស្រីច្បងអាយុ១៣ឆ្នាំនិងកូនប្រុសប្អូនអាយុទើបបាន២ខែ ។
លោកមេឃុំផ្លូវទូកបានបន្តថា កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ស្ត្រីជាម្ដាយឈ្មោះ ស្រៀង ចំរើន បានឈឺពោះសម្រាលកូនទី៥ ហើយបានមកសម្រាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ប៉ុន្តែពេលត្រឡប់ទៅផ្ទះវិញស្រាប់តែស្ត្រីជាម្តាយមានជំងឺហើយស្លា.ប់ចោលកូនទៅ ។ ក្រោយពេលស្ត្រីជាប្រពន្ធស្លា.ប់ បុរសជាប្ដីឈ្មោះ ភី សាម៉េត មានជំងឺផ្លូវចិត្តបានដើរចោលកូនបាត់ៗពីផ្ទះ ដោយទុកកូនៗ ឱ្យនៅកំព្រាឯកោ ។ ប៉ុន្តែមិនបានប៉ុន្មាន បុរសជាប្តី និងត្រូវជាឪពុកក៏មានជំងឺ ហើយក៏បានស្លា.ប់កាលពីថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២២ បន្តទៀត ដោយបានបន្សល់ទុកក្មេង៥នាក់
ឱ្យនៅកំព្រា ។
លោក ប៉ាត់ គន មេឃុំផ្លូវទូក បានបន្តថា គ្រួសារនេះជាគ្រួសារមួយដែលបានបម្លាស់ទីពីការរស់នៅលើទឹកមករស់នៅលើគោក ដូចគ្រួសារដទៃទៀតក្នុងឃុំផ្លូវទូកដែរ ប៉ុន្តែមានជីវភាពក្រលំបាកជាងគេ ។ កន្លងទៅ អាជ្ញាធរឃុំបានជួយឧបត្ថម្ភស្បៀងអាហារជាបន្តបន្ទាប់ ។ សូម្បីតែការស្លាប់របស់ស្ត្រីជាប្រពន្ធនិងបុរសជាប្ដីពុំមានលុយធ្វើបុណ្យដែរ គឺត្រូវបានអាជ្ញាធរមូលដ្ឋានជួយឧបត្ថម្ភនិងរៃលុយគ្នាពីអ្នកភូមិមកជួយធ្វើបុណ្យឱ្យ ។ ពេលនេះ កូនៗកំពុងតែរស់នៅជាក្មេងកំព្រា ចំណែកទារកទើបកើតបាន២ខែ ត្រូវបានម្ដាយមីង ដែលត្រូវជាប្អូនបង្កើតរបស់ ឈ្មោះ ភី សាម៉េត ឈ្មោះភី សោភា ជាអ្នកយកទៅចិញ្ជឹមបីបាច់ថែរក្សា ។
ក្នុងនាមលោកជាមេឃុំបានឯកភាពគ្នា ពីក្រុមគ្រួសារកុមារកំព្រាសំណូមពរដល់អាជ្ញាធរ ខេត្ត សូមមេត្តាជួយឧបត្ថម ដល់ក្មេងកំព្រាទាំងនោះ ឬបើអាចសូមយកកុមារកំព្រាទាំងនោះ ទៅដាក់នៅមណ្ឌលកំព្រាផងចុះ ៕
ចែករំលែកព័តមាននេះ