រាជធានីភ្នំពេញ ៖ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា (ស.ស.ស.ក) នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានចេញសេចក្តីអំពាវនាវដល់វិទ្យុបរទេសជាខេមរៈភាសា និងសារព័ត៌មាននានា «សូមចូលរួមពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងការផ្សព្វផ្សាយ» ។
ស.ស.ស.ក បានឃើញអង្គភាពវិទ្យុបរទេសជាខេមរៈភាសា ផ្សាយអត្ថបទមួយក្រោមចំណងជើងថា «ព្រះមហាក្សត្រ នរោត្តម សីហមុនី ៖ ពីអតីតអ្នករាំរបាំបាឡេ ទៅជាស្តេចក្បត់ជាតិ ?» ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ជាអត្ថបទទម្រង់ បទវិចារណកថា ដែលបានចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងឆ្លុះបញ្ចាំងទាំងស្រុងពីសារជាតិរបស់វិទ្យុ ដែលបានប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះ អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់របស់ប្រជាជនកម្ពុជា ។
ស.ស.ស.ក យល់ឃើញថា ការផ្សាយបទវិចារណកថារបស់វិទ្យុ បានបំពានទាំងស្រុងលើរដ្ឋធម្មនុញ្ញ ដែលចែងពី «ព្រះមហាក្សត្រ មិនអាចនរណាបំពានបាន» ព្រមទាំងបានប្រាសចាកឆ្ងាយពីច្បាប់ ស្តីពី របបសារព័ត៌មាន និងបានប្រាសចាកទាំងស្រុងចេញគោលការណ៍វិជ្ជាជីវៈសារព័ត៌មាន ។ អ្នកគ្រប់គ្រងវិទ្យុ ព្រមទាំងអ្នកផ្សាយផង មិនគួរធ្វើខ្លួនដូចជនក្បត់ជាតិបីជំនាន់ ដែលបាត់បង់ភាពជាមនុស្ស គ្មានសីលធម៌ និងមិនដឹងពីគុណតម្លៃ ហើយរំលោភបំពានក្រមសីលធម៌វិជ្ជាជីវៈ ខ្លួនឯងគួរឲ្យអៀនខ្មាសពន់ពេក ។
ស.ស.ស.ក សូមទាញការចាប់អារម្មណ៍ថា អង្គព្រះមហាក្សត្រ គឺជានិមិត្តរូប នៃការឯកភាពជាតិ ដែលមានតម្លៃដ៏ខ្ពង់ខ្ពស់បំផុតសម្រាប់ជាតិ និងប្រជាជន ហើយព្រះអង្គក៏មិនលូកលាន់ក្នុងកិច្ចការនយោបាយទេ ដែលមិនគួរចាប់យកជាកម្មវត្ថុ នៃការប្រមាថ និងវាយប្រហារចំពោះព្រះអង្គឡើយ ។ សីលធម៌របស់អ្នកមិនគួរធ្លាក់ចុះទាបបែបនេះ តាមរបៀបពួក ប៉ុល ពត ទមិឡឥតសាសនា ដែលបានធ្វើរួចមកហើយចំពោះ ព្រះមហាក្សត្រ ញាតិវង្សានុវង្ស និងចំពោះប្រជាជាតិខ្លួនឯង ។
ស.ស.ស.ក សូមទាញការចាប់អារម្មណ៍ថា វិទ្យុបរទេសផ្សាយជាខេមរៈភាសា ក៏ដូចជាសារព័ត៌មាននានា មិនគួរណាបន្តប្រើប្រាស់សេរីភាព ដែលបម្រើមនោគមន៍វិជ្ជាអន់ទាប ផ្សាយប្រមាថ ញុះញង់ អុជអាល និងបំបែកបំបាក់សង្គមខ្លួនឯងយ៉ាងដូច្នេះទេ ដែលជាទង្វើខុសឆ្គង និងគួរតែមានភាពខ្មាសអៀន ។ គេក៏មិនគួរបន្តប្រើប្រាស់សេរីភាពបែបឆ្កួតលេលា ព្យាយាមញែកខ្មែរឱ្យស្អប់ខ្ពើមគ្នាគ្មានទីបំផុតនោះឡើយ ហើយគួរតែមានការរលឹកដឹងជាប្រចាំថា «ភាសាប្រមាថ គឺជាចរិតនៃជនបាតសង្គម» ។
ស.ស.ស.ក សូមអំពាវនាវដល់សារព័ត៌មានទាំងអស់ បន្តប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានឱ្យបានខ្ពស់ ដោយតម្កល់នូវគោលការណ៍គ្រឹះនៃការផ្សាយ ៤យ៉ាង ដែលជាគុណតម្លៃដ៏ពិសិដ្ឋរបស់សារព័ត៌មានគឺ៖ «ការពិត សុចរិតភាព តុល្យភាព និងភាពអាចផ្ទៀងផ្ទាត់បាន»។
ស.ស.ស.ក ក៏សូមអំពាវនាវដល់សារព័ត៌មាន និងអ្នកនិយមប្រើប្រាស់បណ្តាញសង្គម សូមជៀសវាងឱ្យបាននូវការផ្សាយបែបប្រមាថ ញុះញង់ អុជអាល និងបំបែកបំបាក់សង្គមជាតិ ដែលជាការខាតបង់ធំធេង និងសូមលើកទឹកចិត្តដល់ទាំងអស់គ្នា បន្តបំពេញតួនាទីរួមចំណែកផ្សព្វផ្សាយឱ្យសង្គមបានយល់ដឹងប្រកបដោយការពិចារណាមានហេតុនិងផលសម្រាប់ជាមូលដ្ឋានសម្រេចចិត្តត្រឹមត្រូវ និងប្រកបដោយសេចក្តីថ្លៃថ្នូរ ។ សូមសារព័ត៌មាន និងអ្នកនិយមប្រើប្រាស់បណ្តាញសង្គម បន្តចូលរួមបង្កបរិយាកាសឱ្យសង្គមកម្ពុជា មានការឯកភាពគ្នាខាងទស្សនៈ និងសាមគ្គីជាតិរឹងមាំ ដើម្បីកម្ពុជារួមគ្នាចាប់យកឱកាសថ្មីៗ បង្កើនសក្តានុពលកសាងប្រទេសជាតិយើងឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕
ចែករំលែកព័តមាននេះ