លោក យ៉ង សាំងកុមារ សុំចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា
- ភ្នំពេញ
ភ្នំពេញ៖ លោក យ៉ង សាំងកុមារ បានសរសេរលិខិតមួយច្បាប់ ជូនសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។…
ភ្នំពេញ៖ លោក យ៉ង សាំងកុមារ បានសរសេរលិខិតមួយច្បាប់ ជូនសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។…
ភ្នំពេញ៖ លោក យ៉ង សាំងកុមារ បានសរសេរលិខិតមួយច្បាប់ ជូនសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ លោក យ៉ង់ សាំងកុមារ ជាអតីតប្រធានអង្គការកសិកម្ម សេដាក និងជាប្រធានគណៈកម្មាធិការនាយកនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលមានលោក យ៉េង វីរៈ ជាប្រធាន។
លិខិតរបស់លោក យ៉ង សាំងកុមារ ដែលគេផ្សព្វផ្សាយនៅល្ងាចថ្ងៃអាទិត្យ ទី២៧ ខែវិច្ឆិកានេះ បង្ហាញថា «ដោយឃើញនូវគោលនយោបាយរបស់សម្តេចតេជោ លើវិស័យកសិកម្ម ដែលសម្តេច ទើបបានប្រកាសថ្មីៗ ក្នុងនោះ មានគោលនយោបាយលើកកម្ពស់ជីវភាពកសិករ ប្រកបដោយវិធានការជាក់ស្តែង ដូចជាគោលនយោបាយផលិតពូជសម្រាប់លក់ចែកជូនប្រជាពលរដ្ឋ ក្នុងតម្លៃសមរម្យ គោលនយោបាយកាត់បន្ថយថ្លៃដើមផលិត គោលនយោបាយបង្កើនទុនដល់ធនាគារអភិវឌ្ឍកសិកម្ម និងជនបទ និងគោលនយោបាយដោះស្រាយបញ្ហាទីផ្សារកសិផល ខ្ញុំបាទមានទំនុកចិត្តថា ការដាក់ចេញនូវគោលនយោបាយប្រាកដនិយមថ្មីនេះ នឹងអាចនាំមកនូវផ្លែផ្កា និងប្រយោជន៍យ៉ាងពិតប្រាកដដល់ប្រជាពលរដ្ឋទាំងមូល។ គោលនយោបាយទាំងនេះ គឺដូចគ្នាទៅនឹងចំណេះដឹង និងជំនាញ ឆន្ទៈ និងបទពិសោធន៍ការងារលើវិស័យកសិកម្មរបស់ខ្ញុំ កន្លងមក»។
លោក យ៉ង សាំងកុមារ ដែលបានដឹកនាំអង្គការកសិកម្ម សេដាក អស់ជាច្រើនឆ្នាំ បានបន្ថែមថា «នូវក្នុងន័យនេះ ខ្ញុំបានសូមចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមអនុវត្តន៍គោលនយោបាយទាំងនេះ ឱ្យជោគជ័យ និងមានផ្លែផ្កា ក្នុងគោលបំណងលើកស្ទួយជីវភាពកសិករ សន្តិសុខស្បៀង បរិស្ថាន និងសេដ្ឋកិច្ចជាតិ។ ខ្ញុំបានស្នើសុំចាប់ផ្តើមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា នៅថ្ងៃប្រវត្តិសាស្ត្រ ២ធ្នូ ឆ្នាំ២០២២ តទៅ»។
កើតនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ១៩៦៦ លោកបណ្ឌិត យ៉ង សាំងកុមារ មានស្រុកកំណើតនៅភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។ ឪពុករបស់លោក ជាគ្រូបង្រៀន ម្តាយលោកជាកសិករ។ លោកចេះភាសាអង់គ្លេស អាល្លឺម៉ង់ និងបារាំង។
ទាក់ទងការសិក្សា លោក យ៉ង សាំងកុមារ បានរៀនចប់ថ្នាក់បណ្ឌិតកសិកម្ម នៅសកលវិទ្យាល័យ ឡែបស៊ិក នៃប្រទេសអាល្លឺមង់ នៅឆ្នាំ១៩៩៥ បន្ទាប់ពីចំណាយពេលសិក្សា និងរស់នៅទីនោះ អស់រយៈពេលជិត ១១ឆ្នាំ (១៩៨៤-១៩៩៥)។
ចំពោះប្រវត្តិការងារសំខាន់ៗរបស់លោក យ៉ង សាំងកុមារ គឺលោកជាសាស្ត្រាចារ្យនៃសកលវិទ្យាល័យភូមិន្ទកសិកម្ម (ចំការដូង) ពីឆ្នាំ១៩៩៥-២០០៣។ នៅឆ្នាំ១៩៩៥ ដល់ឆ្នាំ១៩៩៧ លោកបានបម្រើការងារ នៅអង្គការក្រៅរដ្ឋាភិបាលជប៉ុន (JVC) និងបារាំង (GRET)។
លោក យ៉ង សាំងកុមារ ជាស្ថាបនិក និងនាយក/ប្រធានអង្គការសេដាក (CEDAC) ពីឆ្នាំ១៩៩៧-២០១៥។ លោកជាអភិបាលនៃស្ថាប័នមីក្រូហិរញ្ញវត្ថុស្ថាបនា ពីឆ្នាំ២០១០-២០១៦។ លោកក៏ជាស្ថាបនិកម៉ាស៊ីនកិនស្រូវសរីរាង្គកសិករ សេដាក និងសហគមន៍ទីផ្សារកសិផលធម្មជាតិ ក្រុមហ៊ុននាំចេញកសិផលសរីរាង្គ
នៅឆ្នាំ២០១៥ លោក យ៉ង សាំងកុមារ បានលាឈប់ពីប្រធានអង្គការកសិកម្ម សេដាក ហើយទៅចូលរួមបង្កើតគណណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) ជាមួយលោក យ៉េង វីរៈ រួមទាំងអតីតប្រធានអង្គការក្រៅរដ្ឋាភិបាលជាច្រើនទៀត។
លោក យ៉ង សាំងកុមារ បានរៀបអាពាហ៍ពិពាហ៍ នៅឆ្នាំ២០០៦ ហើយមានកូន ៣នាក់ (ស្រី២នាក់ និងប្រុស ១នាក់)។ លោក យ៉ង សាំងកុមារ ជាមិត្តភក្តិជិតស្និទ្ធនឹងលោកបណ្ឌិត កែម ឡី ដែលត្រូវបានឃាតកបាញ់សម្លាប់ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។
សូមបញ្ជាក់ថា ក្រៅពីលោក យ៉ង សាំងកុមារ ក៏មានអ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន គឺលោក ឡឹក សុធារ បានសរសេរលិខិត ស្នើសុំចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា និងស្នើសុំបម្រើការងារជាមួយរាជរដ្ឋាភិបាល ដើម្បីមានឱកាស ចូលរួមអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជាផងដែរ៕
ចែករំលែកព័តមាននេះ