រាជធានីភ្នំពេញ ៖ តាមរយៈវីដេអូឃ្លីបដែលត្រូវបានគេបង្ហោះ និងចែកចាយពាសពេញបណ្តាញសង្គមយ៉ាងព្រោងព្រាត កាលពីថ្ងៃទី៣ ខែវិច្ឆិកា ម្សិលមិញនេះបានបង្ហាញពីសកម្មភាពរបស់សន្តិសុខសណ្តាប់ធ្នាប់ខណ្ឌ៧ មករាវា.យអ្នករើសអេតចាយម្នាក់ នៅតាមដងផ្លូវសាធារណៈ។
បើមើលតាមវីដេអូ គេឃើញសន្តិសុខខណ្ឌ៧មករាម្នាក់បានក្រៀកបុរសអេតចាយពីក្រោយ ខណៈសន្តិសុខម្នាក់ទៀតបានទះកំផ្លៀងទៅលើបុរសជាអ្នករើសអេតចាយរូបនោះដែលទង្វើបែបនេះមើលទៅហាក់មិនសមជាមន្ត្រីអនុវត្តច្បាប់ទាល់តែសោះ។
បន្ទាប់ពីបែកធ្លាយវីដេអូឃ្លីបខាងលើរួចមក នៅថ្ងៃដដែលនោះរដ្ឋបាលខណ្ឌ៧មករាបានចេញសេចក្តីប្រកាសព័ត៌មានដោយបញ្ជាក់ដំណើររឿងថា កាលពីវេលា៣និង៣០នាទីល្ងាចក្រុមការងារចំនួន៤នាក់បានចុះរៀបចំសណ្នាប់ធ្នាប់ចរាចរណ៍លើកំណាត់ផ្លូវលេខ១៦៤ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ដែលមានការចតយានជំនិះរទេះអេតចាយ និងរទេះលក់ទំនិញផ្សេងៗលើទ្រូងថ្នល់នៃកំណាត់ផ្លូវនេះ។
រដ្ឋបាលខណ្ឌ៧មករាបន្តថា កំឡុងពេលនៃការរៀបចំសណ្តាប់ធ្នាប់នេះ ក្រុមការងារបានផ្សព្វផ្សាយណែនាំតាមឧគ្ឃោសនសព្វឲ្យម្ចាស់យានជំនិះ និងរទេះដែលចតលើកំណាត់ផ្លូវ១៦៤ ឲ្យយកយានជំនិះ និងរទេះរបស់ខ្លួនចេញ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍បានល្អប្រសើរ។
សេចក្តីប្រកាសដដែលបន្តថា រំពេចនោះក៏មានយុវជនម្នាក់ដែលម្ចាស់រទេះអេតចាយបានធ្វើសកម្មភាពជេរប្រមាថមកលើក្រុមការងារដោយមិនព្រមយករទេះចេញពីលើទ្រូងថ្នល់ ហើយក្រុមការងារក៏បានព្យាយាមនាំយករទេះ និងយុវជនម្នាក់នោះមកអប់រំ។ប៉ុន្តែយុវជនជាម្ចាស់រទេះអេតចាយនោះមិនព្រម ថែមទាំងជេរប្រមា.ថមកលើក្រុមការងារក៏បានកើតមានការប្រតា.យប្រត.ប់គ្នាទៅវិញទៅមករហូតដល់មានការប្រើអំពើហិ.ង្សាបន្តិចបន្តួច។
ក្រោយកើតហេតុ រដ្ឋបាលខណ្ឌបានជួបជាមួយយុវជនជាម្ចាស់រទេះអេតចាយជាមួយគ្នានេះដែរ យុវជនរូបនោះបានសុំទោស និងទទួលស្គាល់កំហុស ហើយមិនមានការប្តឹងផ្តល់អ្វីឡើយ។
រដ្ឋបាលខណ្ឌ៧មករាបានបញ្ជាក់ថា ចំពោះក្រុមការងារដែលបានប្រព្រឹត្តកំហុសឈ្មោះ ឆាំ ឆាន រដ្ឋបាលខណ្ឌបានធ្វើការអប់រំ ដោយដាក់ពិន័យដោយបញ្ឈរជើងផ្អាក់ប្រាក់ខែរយៈពេល៦ខែ និងដាក់ពិន័យទៅតាមច្បាប់ព្រមទាំងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
ដោយឡែកលោក ផែង វណ្ណៈ ដែលគេស្គាល់ថា ជាអ្នកកាសែត និងជាអ្នកឈឺឆ្អាលរឿងសង្គមនោះ នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា លោកបានយកថវិកាចំនួន៤០០ដុល្លារ ក្នុងនោះ(ថវិកាលោក៣០០ដុល្លារ និងសប្បុរសជន១០០ដុល្លារ ជូនដល់បុរសអេតចាយរងគ្រោះឈ្មោះ កើត សុខនៅ អាយុ៣៦ឆ្នាំ ដែលកំពុងស្នាក់នៅតាមសំយ៉ាបផ្ទះប្រជាពលរដ្ឋម្ដុំសាលាបាក់ទូក។
ពាក់ព័ន្ធករណីខាងលើនេះ អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនបានរិះគន់ដូចទឹកបាក់ទំនប់ទៅលើអាជ្ញាធរខណ្ឌ៧មករា ដែលបានប្រើហិ.ង្សាលើបុរសជាអ្នករើសអេតចាយ។ ពោល គឺពួកគេហាក់មិនអស់ចិត្តទាល់តែសោះ នៅពេលដែលឃើញសន្តិសុខរូបនោះត្រឹមតែទទួលពិន័យផ្នែករដ្ឋបាល ដោយពួកគេហាក់ចង់ឲ្យមានចំណាត់ការតាមផ្លូវតុលាទៅលើសន្តិសុខរូបនោះបន្ថែមទៀត ដើម្បីជាមេរៀនសម្រាប់អ្នកប្រព្រឹត្តទង្វើមិនគប្បីថ្ងៃក្រោយទៀត៕
ចែករំលែកព័តមាននេះ