រាជធានីភ្នំពេញ ៖ អ្នកយាមចម្ការម្នាក់បានក្លែងខ្លួនធ្វើជាឧត្តមសេនីយ៍ទោយោធាពាក់ផ្កាយ២ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ក្រសួងមហាផ្ទៃនាំខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដោយជាប់ពាក់ពន្ធពីបទ.ឆបោក និងក្លែងឯកសារសាធារណៈលើទឹកប្រាក់ជាង១លានដុល្លារអាមេរិក ក្រោមរូបភាពទិញដី ដើម្បីធ្វើគម្រោងសាងសង់ផ្ទះស្តុកឥវ៉ាន់ខ្យល់។
ជនសង្ស័យមានឈ្មោះ ឌឿន សាវឿន ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរ អ្នកយាមចម្ការក្លែងធ្វើមន្ត្រីយោធាពាក់ផ្កាយ២ មានទីលំនៅផ្លូវលំ ភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ការចាប់ខ្លួនអ្នកយាមចម្ការរូបនោះត្រូវបានសមត្ថកិច្ចបង្ហើបឲ្យដឹងថា ជាការអនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញក្រោយពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះ។
តាមពាក្យបណ្តឹងរបស់ឈ្មោះ សែស ប្រាក់ពិសិដ្ឋ ភេទប្រុស អាយុ៥២ ឆ្នាំ បានចោទប្រកាន់ឈ្មោះ ធឿន សាវឿន ថា កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ ឈ្មោះ ឌឿន សាវឿន បានទំនាក់ទំនងទៅគេ(សែស ប្រាក់ពិសិដ្ឋ) ដើម្បីទិញដី និងសាងសង់ផ្ទះសម្រាប់ស្តុកឥវ៉ាន់ចំនួន១២កន្លែង ដោយមានទំហ៊ំទឹកប្រាក់១៨៩០ ០០០ ដុល្លារអាមេរិក ដែលផ្ទះទី១ និងផ្ទះទី២ មានទីតាំងស្ថិតនៅភូមិព្រៃស្វាយ ឃុំស្ទឹងវែង ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង ផ្ទះទី៣នៅភូមិត្រស់ ឃុំជ័យកំពត ស្រុកព្រះស្ដេច ខេត្តព្រៃវែង ផ្ទះទី៤ស្ថិតនៅក្នុងខេត្តប៉ៃលិន ផ្ទះទី៥មានទីតាំងស្ថិតនៅខេត្តបាត់ដំបង ផ្ទះទី៦ មានទីតាំងស្ថិតនៅទីរួមខេត្តពោធិ៍សាត់ ផ្ទះទី៧ មានទីតាំងស្ថិតនៅខេត្តកំពត ផ្ទះទី៨ នៅស្ថិតនៅខេត្តសៀមរាប ផ្ទះទី៩ ស្ថិតនៅរោងចក្រថ្មដា ទីរួមខេត្តក្រចេះ ផ្ទះទី១០ មានទីតាំងស្ថិតនៅខេត្តរតគិរី ផ្ទះទី១១ មានទីតាំងស្ថិតនៅទីរួមខេត្តមណ្ឌគិរី និងផ្ទះទី១២ មានទីតាំងស្ថិតនៅទីរួមខេត្តកំពង់ស្ពឺ ។
ដោយមានការជឿទុកចិត្តទៅលើឈ្មោះ ឌឿន សាវឿន ដែលគេតែងតែគ្រងសម្លៀកបំពាក់ជាឧត្តមសេនីយ៍ទោយោធាពាក់ផ្កាយ២នោះទើបដើមបណ្តឹងបានប្រគល់ប្រាក់ជាង១ដុល្លារឲ្យទៅឈ្មោះ ឌឿន សាវឿន ដោយឈ្មោះ ឌឿន សាវឿន ធានាអះអាងថា និងសងប្រាក់គ្រប់ចំនួនវិញក្នងរយៈពេល៣ខែក្រោយពីដំណើរការសាងផ្ទះរួច។
លុះដល់ថ្ងៃកំណត់ឈ្មោះ ឌឿន សាវឿន មិនមានផ្ទះដែលថា សង់ទុកស្តុកឥវ៉ាន់ចំនួន១២កន្លែង និងដីត្រូវប្រគល់ឲ្យទៅជនរងគ្រោះ តាមការអះអាងក្នុងពេលដែលទទួលយកប្រាក់ជាង១លានដុល្លារនោះទេ មិនតែប៉ុណ្ណោះនៅពេលជនរងគ្រោះទាក់ទងទារប្រាក់ម្តងៗជនសង្ស័យតែងតែសម្លុតគំរា.មកំហែងរកបា.ញ់ទៀតផង។
បន្ទាប់មកក៏បិទទូរស័ព្ទផ្តាច់ការទំនាក់ទំនង និងបានព្យាយាមគេចវេសពីបំណុលទើបជនរងគ្រោះសម្រេចដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចចាប់ខ្លួនចាត់ការតាមផ្លូវច្បាប់។
សំណុំរឿងត្រូវបានតំណាងអយ្យការបើកការស៊ើបសួរ និងបានចោទប្រកាន់ជនសង្ស័យជាផ្លូវការពីបទ.ឆបោក និងប្រើប្រាស់ឯកសារសាធារណៈក្លែង ប្រព្រឹត្តនៅចំណុចផ្ទះលេខ១៤៨ដេ ផ្លូវផ្លូវ២០០៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ ជាបន្តបន្ទាប់និងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ តាមបញ្ញត្តិមាត្រា៣៧៧ មាត្រា៣៧៨ និងមាត្រា ៦៣០ នៃក្រមព្រហ្មទណ្ឌ ។
ក្រោយពីតំណាងអយ្យការបានធ្វើការចោទប្រកាន់រួចហើយ សំណុំរឿងបានចាត់បញ្ជូនទៅចៅក្រមស៊ើបសួរ និងសម្រេចឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារជាបណ្តោះអាសន្ន នារសៀលថ្ងៃទី២៩ ខែតុលា នោះតែម្តងទៅ៕
ចែករំលែកព័តមាននេះ