ភ្នំពេញ៖ គ.ជ.ប បានប្រកាសនៅថ្ងៃទី១៩ ខែតុលានេះ ពីលទ្ធផលបណ្ដោះអាសន្នចំនួនភ្នាក់ងារគណបក្សនយោបាយ សម្រាប់សង្កេតមើលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២។ នោះគឺមាន ៣គណបក្ស បានដាក់ភ្នាក់ងារសង្កេតមើលដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ រួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សភ្លើងទៀន និងគណបក្សខ្មែររួបរួមជាតិ។
តាមសេចក្តីប្រកាស គិតត្រឹមថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ មានភ្នាក់ងារគណបក្សនយោបាយ ស្នើសុំសង្កេតមើលដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ សរុបមានចំនួន ៤៦៦៩នាក់ ក្នុងនោះ ស្ត្រីមានចំនួន ១១២៥នាក់។
គ.ជ.ប ប្រកាសថា ក្នុងចំណោមភ្នាក់ងារគណបក្សនយោបាយ ស្នើសុំសង្កេតមើលដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ សរុបមានចំនួន ៤៦៦៩នាក់ គឺ១-គណបក្សប្រជាជនកម្ពុជា បានដាក់ភ្នាក់ងារនៅគ្រប់ ២៥រាជធានីខេត្ត តែមិនគ្រប់ឃុំសង្កាត់ទេ គឺតែចំនួន ១៤៥៦ឃុំសង្កាត់ ក្នុងចំណោមឃុំសង្កាត់សរុប ១៦៥២ឃុំសង្កាត់ ដោយមានភ្នាក់ងារ ច្រើនជាងគេ ចំនួន ៣៣០៩នាក់ ( ស្ត្រី ៩៤២នាក់ )។ ២-គណបក្សភ្លើងទៀន ដាក់ភ្នាក់ងារ នៅ ២១រាជធានីខេត្ត ដោយនៅតាមឃុំសង្កាត់តែ ៦៣២ឃុំសង្កាត់ប៉ុណ្ណោះ និងមានភ្នាក់ងារ ចំនួន ១៣៣៦នាក់ ( ស្ត្រី ១៧២នាក់ ) និង៣-គណបក្សខ្មែររួបរួមជាតិ ដាក់ភ្នាក់ងារសង្កេតមើល នៅ ៤រាជធានីខេត្ត ហើយនៅតែ ១៣ឃុំសង្កាត់ ដោយមានភ្នាក់ងារ ២៤នាក់ ( ស្ត្រី ១១នាក់ )។
គ.ជ.ប ប្រកាសថា ការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ ដើម្បីចូលរួមសង្កេតមើលដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣។
គ.ជ.ប ក៏បានគូសបញ្ជាក់ថា ភ្នាក់ងារគណបក្សនយោបាយ ដែលចូលរួមសង្កេតមើលដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ត្រូវគោរពច្បាប់ បទបញ្ជា ដែលពាក់ព័ន្ធជាធរមាន និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌ សម្រាប់គណបក្សនយោបាយ បេក្ខជន និងភ្នាក់ងារគណបក្សនយោបាយ ក្នុងដំណើរការបោះឆ្នោត។
ដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ចាប់ផ្តើមនៅថ្ងៃទី២០ ខែតុលា រហូតដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ នៅតាមសាលាឃុំសង្កាត់ នៅទូទាំងប្រទេស។
ក្រៅពីទៅពិនិត្យបញ្ជីឈ្មោះដោយផ្ទាល់ នៅសាលាឃុំសង្កាត់ ប្រជាពលរដ្ឋខ្មែរ ដែលបានចុះឈ្មោះ និងបានបោះឆ្នោតឃុំសង្កាត់ កាលពីខែមិថុនានេះ ក៏អាចពិនិត្យ និងស្វែងរកឈ្មោះរបស់ខ្លួន តាមរយៈវេបសាយរបស់គ.ជ.ប voterlist.nec.gov.kh ឬតាមរយៈ App-NEC KH ក្នុងទូរស័ព្ទដៃ។
ចំណែកអ្នកមិនទាន់មានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងមានអាយុចាប់ពី ១៨ឆ្នាំឡើង គិតត្រឹមថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ អាចទៅចុះឈ្មោះបោះឆ្នោត នៅតាមសាលាឃុំសង្កាត់ ដែលខ្លួនរស់នៅសព្វថ្ងៃ ដោយភ្ជាប់នូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងសៀវភៅស្នាក់នៅ ឬលិខិតបញ្ជាក់ទីលំនៅ។
សូមកុំភ្លេចថា អ្នកដែលមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០២២ នេះ ទើបអាចបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣៕
ចែករំលែកព័តមាននេះ