រាជធានីភ្នំពេញ ៖ នាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីជប៉ុនបានជជែកពិភាក្សា ជាពិសេសពាក់ព័ន្ធទៅនឹងបញ្ហានុយក្លែអ៊ែរ និងការចាប់ជំរិតជនជាតិជប៉ុន។
នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញឯកឧត្តមនាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ានៅខែវិច្ឆិកាខាងមុខនៅកម្ពុជា។
សម្ដេចតេជោ ក៏បានថ្លែងអំណរគុណនាយករដ្ឋមន្ត្រីជប៉ុនដែលបានគាំទ្រកម្ពុជាធ្វើជាប្រធានអាស៊ាន។ លើសពីនេះទៅទៀត សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណដល់នាយករដ្ឋមន្ត្រីជប៉ុនដែលបានថ្លែងលើកឡើងនៅក្នុងសន្និបាតអង្គការសហប្រជាជាតិពាក់ព័ន្ធទៅនឹងវិភាគទានរបស់ជប៉ុនដល់ប្រទេសកម្ពុជា ជាពិសេសនៅក្នុងក្របខណ្ឌការរក្សាសន្តិភាពរបស់ប្រជាជនជប៉ុននៅកម្ពុជា។
សម្ដេចតេជោ ក៏បានគូសបញ្ជាក់ផងដែរថា៖«កម្ពុជា និងបន្តចូលរួមក្នុងការរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិនាពេលខាងមុខបន្តទៀត»។
ឯកឧត្តម នាយករដ្ឋមន្ត្រីជប៉ុន ក៏បានថ្លែងអំណរគុណដល់សម្ដេចតេជោនាយករដ្ឋមន្ត្រីចំពោះការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន និងកិច្ចប្រជុំអាស៊ី-បូព៌ា នៅខែវិច្ឆិកាខាងមុខនេះនៅកម្ពុជា។ឯកឧត្តម នាយករដ្ឋមន្ត្រីជប៉ុនក៏បានថ្លែងអំណរគុណដល់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលកម្ពុជាដែលកន្លងទៅទទួលនាវាជប៉ុនក្នុងការចូលចតនៅកំពង់ផែខេត្តព្រះសីហនុ។ឯកឧត្តម ក៏បានលើកអំពីការងារដែលធ្វើបន្តដើម្បីពង្រឹងកិច្ចសហប្រវត្តិការលើវិស័យសេដ្ឋកិច្ច ជាពិសេសជប៉ុន នឹងបង្កើតរោងចក្រក្រុមហ៊ុន Toyota នៅប្រទេសកម្ពុជា និងស្នើសុំការគាំទ្រក្រុមហ៊ុនរបស់ជប៉ុនប្រតិបត្តិការធុរកិច្ចនៅកម្ពុជា។
ឯកឧត្តមក៏បានបញ្ជាក់ថា៖« ដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកាន់ប្រទេសកម្ពុជានៅខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះនឹងបន្តពង្រឹងពង្រីកប្រតិបត្តការជាមួយប្រទេសកម្ពុជា។ខ្ញុំស្នើសុំសម្តេចតេជោគាំទ្រជប៉ុន ក្នុងក្របខណ្ឌរវាងអាស៊ាន និងជប៉ុនផងដែរ»។
សម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន ក៏បានពិភាក្សាផ្លាស់ប្ដូរមតិគ្នាជុំវិញស្ថានភាពនៅក្នុងតំបន់ និងអន្តរជាតិ បញ្ហានៅមីយ៉ាន់ម៉ា បញ្ហានៅសមុទ្រចិនខាងត្បូង នៅឧបទ្វិបកូរ៉េ សង្គ្រាមនៅអ៊ុយក្រែន។ ចំពោះបញ្ហានៅមីយ៉ាន់ម៉ា ឯកឧត្តមបានបញ្ជាក់ថា ឯកឧត្តមពិតជាអរគុណចំពោះការខិតខំប្រឹងប្រែងទាំងអស់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ថ្វីត្បិតស្ថានភាពមីយ៉ាន់ម៉ាជាការបារម្ភ ប៉ុន្តែជប៉ុននៅតែបន្តគាំទ្រការខិតខំប្រឹងប្រែងរបស់អាស៊ានទាំងឡាយ។
ចំពោះបញ្ហានៅឧបទ្វីបកូរ៉េ ឯកឧត្តម នាយករដ្ឋមន្ត្រីជប៉ុនបានលើកឡើងថា ជាពិសេសពាក់ព័ន្ធទៅនឹងបញ្ហានុយក្លែអ៊ែរ និងការចាប់ជំរិតជនជាតិជប៉ុន ដែលជាការបារម្ភរបស់ប្រទេសជប៉ុន ក៏ដូចជា សហគមន៍អន្តរជាតិផងដែរ។
ជាការឆ្លើយតប សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានគូបបញ្ជាក់ថា៖« បញ្ហាមីយ៉ាន់ម៉ា យើងនឹងបន្តការងារនេះក្នុងក្របខណ្ឌអាស៊ាន ហើយយើងនឹងបន្តក្នុងការជំរុញ ទោះបីជាការប្រឈមក៏ដោយគឺយើងមិនបោះចោលការងារនោះទេ»។ ចំពោះបញ្ហាផ្សេងៗទៀតដែលឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុនបានលើកឡើងថា យើងនឹងបន្តធ្វើកិច្ចការជាមួយគ្នាបន្តទៀត៕
ចែករំលែកព័តមាននេះ