រាជធានីភ្នំពេញ៖ ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ បានធ្វើឡើង កាលពីរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្នាក់ការរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង នៅជាប់ពហុកីឡដ្ឋានជាតិមរតកតេជោ ជិតស្ពានព្រែកព្នៅ ទល់មុខវិមានឈ្នះឈ្នះ។
លោក កែវ ចាន់ណារិទ្ធ អតីតប្រធានទីលានចាក់សំរាមដង្កោ និងអភិបាលរងរដ្ឋាករសំណល់រឹង និងសំរាម ត្រូវបានប្រកាសតែងតាំងជាអភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ ជំនួសលោក អ៊ាន សុឃីម។
នៅក្នុងកម្មវិធីប្រកាសនេះ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានផ្តាំផ្ញើទៅកាន់លោកអភិបាលរដ្ឋាករថ្មីឱ្យបន្តនិរន្តរភាពការផ្តល់សេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus), ការផ្តល់សេវាដឹកជញ្ជូនតាមកាណូតសាធារណៈ (Taxi Boat) និងថែរក្សាសមិទ្ធផលនានារបស់រដ្ឋាករ ដែលចាប់តាំងពីឆ្នាំ២០១៥មក បានផ្តល់សេវាដឹកជញ្ជូនសាធារណៈជូនបងប្អូនប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ប្រសិទ្ធភាព និងគុណភាព។
លោក កើត ឆែ បានជម្រាបជូនអង្គពិធីទាំងមូលឱ្យបានជ្រាបថា ការរីកចម្រើននៃវិស័យដឹកជញ្ជូនសាធារណៈជាបន្តបន្ទាប់ ក្នុងរាជធានីភ្នំពេញ អាចធ្វើទៅបានគឺដោយសារការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់នូវ « សន្តិភាព » ដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូបអាចទទួលបាននូវការអភិវឌ្ឍលើគ្រប់វិស័យ និយាយជារួម និងនិយាយដោយឡែកគឺការទទួលបានសេវាដឹកជញ្ជូនសាធារណៈប្រកបដោយប្រសិទ្ធភាព ទំនើប និងគុណភាព។ ដូចនេះ ដើម្បីបន្តទទួលបានការអភិវឌ្ឍសេវាដឹកជញ្ជូនសាធារណៈ និងសមិទ្ធផលថ្មីៗទៀតនោះ យើងត្រូវ « ការពារសន្តិភាព » នេះទោះក្នុងតម្លៃណាក៏ដោយ ព្រោះ « សន្តិភាព » ជារបស់មានតម្លៃដែលមិនអាចកាត់ថ្លៃបាន៕
ចែករំលែកព័តមាននេះ