រាជធានីភ្នំពេញ ៖ កម្មករបូមខ្សាច់ម្នាក់បានស្លា.ប់ដោយសារមិនប្រយ័ត្ន ត្រូវទឹកទុយោបង្ហូរទឹកស្រូបចូល នៅក្នុងការដ្ឋានបូមខ្សាច់មួយកន្លែងយីហោ « ប៊ុន ហាក់ » ស្ថិតតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១៦និង៣០នាទីល្ងាច ថ្ងៃទី២៧ ខែសីហានេះ ។
ជនរងគ្រោះមានឈ្មោះ ផូ សុខចើង ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មករបូមខ្សាច់ និងស្នាក់នៅកន្លែងកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិត្រពាំងបិត ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ រូបគេទើបធ្វើការកន្លែងកើតហេតុ បាន១០ថ្ងៃប៉ុណ្ណោះ ។
យោងតាមប្រភពព័ត៌មាន ពីបុរសឈ្មោះមាស ហេងវិឆេង ភេទប្រុស អាយុ៣៧ឆ្នាំ ជាមេការ អោយដឹងថា ៖ នៅមុនកើតហេតុ រូបគេប្រាប់ឲ្យជនរងគ្រោះទៅមើលទុយោប៊ូមខ្សាច់បង្ហូរទឹក នៅខាងក្រោយ ក្រែងមានដីខ្សាច់ហូរចូលស្ទះទុយោ ។ លុះរហូតដល់ម៉ោង១៧និង៣០នាទីថ្ងៃដដែល ដោយបាត់យូរពេកមិនឃើញមកវិញ បុរសជាមេការបានទំនាក់ទំនងទូរស័ព្ទទៅជនរងគ្រោះចូលតែមិនលើកទើបរូបគេចម្លែកចិត្តក៏បានដើរទៅមើល ស្រាប់តែឃើញជនរងគ្រោះជាប់មួយកំណាត់ខ្លួនចូលទៅក្នុងទុយោប៊ូមខ្សាច់បង្ហូរទឹក ។
ភ្លាមៗនោះ បុរសមេការបានប្រាប់ទៅអ្នកបើកអេស្កាវ៉ាទ័រឲ្យកាយយកទុយោឡើងមកលើរួចនាំគ្នាទាញជនរងគ្រោះចេញមកក្រៅ តែអកុសលជនរងគ្រោះស្លា.ប់បាត់ទៅហើយក៏បង្កអោយមានការភ្ញាក់ផ្អើលតែម្តងទៅ ។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញបានចុះអន្តរាគមន៍ ដើម្បីធ្វើកោសល្យវិច្ច័យពិនិត្យ ។ ក្រោយការពិនិត្យវិច្ច័យយ៉ាងល្អិតល្អន់រួចមក សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះត្រូវស្លា.ប់ដោយសារឈ្លក់ទឹក និងកៀបដើមទ្រូងដោយពុំមែនជាករណីអ្វីផ្សេងនោះឡើយ ។
ក្រោយការពិនិត្យរួច ស.ពត្រូវប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ។ ក្នុងនោះដែរ ម្ចាស់ការដ្ឋានបូមខ្សាច់ខាងលើក៏បានជួយលុយមួយចំនួនដល់សាច់ញាតិជនរងគ្រោះ ដើម្បីជាការចូលរួមរំលែកមរណៈទុក្ខ និងបានយកទៅធ្វើបុណ្យផង។
គួរបន្ថែមថា តាមមន្ត្រីជំនាញកោសល្យវិច្ច័យ បានបញ្ជាក់ថា ស្លាកស្នាមនៅលើខ្លួនសាកជនរងគ្រោះមាន ៖ នៅក្នុងច្រមុះ មាត់មានដីខ្សាច់ , កែវភ្នែកឡើងកន្ទួលក្រហម, ផ្ទៃមុខឡើងកន្ទួលក្រហម , ពេលផ្អៀង និងសង្កត់ពោះមានទឹកហូរចេញតាមច្រមុះ មាត់ , ស្នាមជាំទ្រុឌកោសរលាត់នៅដើមទ្រូង ពោះ ខ្នង ចំហៀងខ្លួនសងខាង , ស្នាមដាច់រយះនៅក្លៀកសងខាង ៕
ចែករំលែកព័តមាននេះ