ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​យាយ​​អាយុ​៧៦ឆ្នាំ​​ ខំត្រដរទាំង​ឈឺដឹក​បន្លែ​​​​លក់​​​​​​តាម​​​​កង់​​

1 ឆ្នាំ មុន

ខេត្តស្វាយរៀង​ ៖ លោកយាយទុរគតម្នាក់​ឈ្មោះ តូច ផា​ន្នី ហៅ​អាន អាយុ​៧៦​ឆ្នាំ ​មានជំងឺ​ប្រចាំ​កាយផង និង​រស់នៅ​ម្នាក់ឯងស្ថិត​ក្នុងភូមិ​តាណ សង្កាត់​ស្វាយ​តឿ…

ខេត្តស្វាយរៀង​ ៖ លោកយាយទុរគតម្នាក់​ឈ្មោះ តូច ផា​ន្នី ហៅ​អាន អាយុ​៧៦​ឆ្នាំ ​មានជំងឺ​ប្រចាំ​កាយផង និង​រស់នៅ​ម្នាក់ឯងស្ថិត​ក្នុងភូមិ​តាណ សង្កាត់​ស្វាយ​តឿ ក្រុង​ស្វាយ​រៀង ដោយ​លោក​យាយ​បានប្រឹងតស៊ូលក់​បន្លែ ត្រកួន​ និង​កណ្តៀង​មួ​យក​ញ្ជ្រែ​ង ​ដើម្បី​ចិញ្ចឹម​ជីវិត​ប្រចាំ​ថ្ងៃរបស់
គាត់ ។

ទោះបី​រាងកាយ​លោកយាយទ្រុឌទ្រោម​លំបាក​យ៉ាងណាក៏ដោយ ​លោកយាយ​នៅតែប្រឹងរក​បេះ​បន្លែ​ ត្រកួន និង​កណ្តៀង​ប្រមាណ​ជាង​១០​ដុំ ដឹកតាម​កង់​យក​មក​លក់​នៅ​ក្នុង​ផ្សារ​ក្រមួន ស្ថិត​ក្នុងភូមិ​រោង​បន្លែ​សង្កាត់​ស្វាយ​រៀង ដោយក្នុង​១​ស​ប្តា​ហ៍​លក់​០៣​ព្រឹក​​ ។

លោកយាយ អាន បាន​រៀបរាប់ប្រាប់កោះ​សន្តិភាពអំពីរ​ដំណើរ​ជីវិត​ដ៏​កំសត់​របស់​គាត់​ថា លោក​យាយ​មាន​ស្វាមី ឈ្មោះ ប៉ា​ង ស៊ុត អតីតជា​ទាហានសម័យ​រាជា​និយម ក្រោយ​ពី​ធ្វើ​រដ្ឋប្រហារ​ថ្ងៃ​១៨ មីនា ឆ្នាំ​១៩៧០​ ស្វាមី លោកយាយ​ត្រូវ​មេបញ្ជាការ​បញ្ជូន​ទៅ​ឈ​ជើង​នៅ​ខេត្តក្រចេះ ។ កាល​គ្រានោះ លោកយាយ ទើបតែ​ឆ្លងទន្លេ​រួចបាន​ជាង​១០​ថ្ងៃ បានកូន​ស្រី​មួយ ចំណែក​លោកយាយ​រស់នៅ​ជាមួយ​ម្តាយ នៅ​ខេត្តស្វាយរៀង ក្រោយមក​ បាន​២​ខែ​កូនស្រី​ក៏​មាន​ជំងឺ​ស្លា.ប់​បាត់​ទៅ ។

លោកយាយក៏ត្រូវ​រស់នៅ​បែក​ពី​ប្តី​រហូត​ដល់​ឆ្នាំ​១៩៧៥​ ទើប​ជួបជុំ​ជាមួយ​ស្វាមី​វិញ នៅ​ភូមិ​ព្រៃឈ ឃុំ​ព្រៃឈ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ។ មកដល់​ចុងឆ្នាំ​១៩៧៨ ​ខ្មែរក្រហម​គេ​ស៊ើប​ដឹង​ថា ប្តី​គាត់​ធ្វើ​ទាហាន​លន់ ​ណុ​ល ពួក​ខ្មែរក្រហម​ប៉ុ​ល ​ពត បាន​ចាប់​ប្តី​របស់​គាត់​យក​ទៅ​សម្លា.ប់​ចោល​តែ​ម្តង​ ។

មកដល់​ឆ្នាំ​១៩៧៩ ក្រោយ​ថ្ងៃ​រំដោះ​៧​មក​រា លោកយាយ​និង​ម្តាយ​ក៏​បាន​នាំ​គ្នា​មក​រស់នៅ​ស្រុក​កំណើត ភូមិ​តាណ នេះ​រហូត​មក ក្រោយមក​ ឪពុក​ម្តាយ​ចាស់ជរាក៏​បាន​ស្លា.ប់​ទៀត រូប​គាត់​រស់នៅ​ម្នាក់ឯង គ្មាន​ដីធ្លី​និង​គេ​ទេ ប្រកប​មុខរបរ ស៊ីឈ្នួល​ដក​ស្ទូង​ឲ្យ​គេ ហើយ​បាន​សុំ​ដី​ភូមិ​ប្អូនស្រី សង់​ខ្ទម​រស់នៅ​រហូត​មក​។

រហូត​មក​ដល់​ឆ្នាំ​២០០០ ក៏​មានជំងឺ​រោគ​ស្ត្រី​ប្រចាំ​កាយ ស្រុត​ស្បូន ក្រោយមក​គ្រូពេទ្យ​ធ្វើការ​វះ​កាត់​ស្បូន​ចោល ក៏​ប៉ុ​ន្តែជំងឺរោគ​ស្ត្រី​នៅ​តែ​បៀតបៀន​បន្ត​រហូត​មក ​និង​មាន​ជំងឺ​លើសឈាម ឈឺ សន្លាក់​រ៉ាំរ៉ៃ​ដល់​សព្វថ្ងៃ ។ ​លោកយាយ​បន្ត​ទៀត​ថា គាត់​មាន​ដី​កូន​អំពក​តូច​មួយ​ដែរ​ នៅ​មាត់​ព្រែក​ទន្លេ​វ៉ៃ​គោ ទំហំ​១០​ម៉ែត្រ​x២០​ម៉ែត្រ គាត់​ក៏​ដាំ​បន្លែ ត្រកួន ទឹក និង​កណ្តៀង សម្រាប់​បេះ​លក់ គឺ​ក្នុង​១​ថ្ងៃ កាត់​បាន ត្រកួន​៥​ដុំ កណ្តៀង ១០​ដុំ ក្នុង​១​ដុំ តម្លៃ​៨០០​រៀល សរុប​បាន​១​ម៉ឺន​២​ពាន់​រៀល​។

​ក៏​ប៉ុន្តែ​ក្នុង​១​ស​ប្តា​ហ៍កាត់​បាន​តែ​០៣​ទៅ​៤ ដង​អស់ហើយ ដោយសារ​ស្មៅ​ដុះ​ច្រើន គាត់​គ្មាន​កម្លាំង​បោចស្មៅ ហើយ​ពេល​កាត់​បន្លែ​បាន​លោកយាយ​ចង​ជា​ដុំ​ដាក់​ក្នុង​ចានដែក​ដឹក​កង់​យក​ទៅ​លក់​នៅ​ផ្សារ​គ្រាន់​និង​ទិញ​អង្ករ​ និង​ម្ហូប​ប្រចាំ​ថ្ងៃ ។​ លោកយាយ​បន្ត​ទៀត​ថា ដោយ​ផ្ទះ​ខ្ទម លោកយាយ​បាក់​ទ្រុឌទ្រោម ក្មួយ​និង​អ្នក​ភូមិ​បាន​រួម​គ្នា សង់ផ្ទះ​១​ខ្នង​៤​ម៉ែត្រ​X៥​ម៉ែត្រ​សង់​អំពី​ដែក​ប្រក់ស័ង្កសី លើ​ដី​ក្មួយគេ​ឲ្យ​នៅ​រហូត​អស់​ជីវិត ។​

ហើយ​កន្លង​មក ​ពេល​ខ្វះខាត​បាយ​ទឹក​ម្ហូប​អ្នក​ជិត​ខាងគេ​ហុច​ឲ្យ និង​អាជ្ញាធរ​ក៏​បាន​ជួយ​ខ្លះ​ដែរ ក៏​ប៉ុន្តែ​មិន​គ្រប់គ្រាន់​តាម​តម្រូវការ​នោះ​ទេ ដោយសារ​ជរាជំងឺ​ប្រចាំ​កាយ​ ដូច្នេះ​ សូម​អំពាវនាវ​សូម​សប្បុរសជន​មេត្តា ជួយ​ឧបត្ថម្ភថវិកា ឬ អង្ករ ស្បៀងអាហារ សម្លៀក​បំពាក់ ដល់​លោកយាយ បាន​ផ្គត់​ផ្គង​ជីវភាព​នៅ​ជីវិត​ចុង​ក្រោយ​ដោយ​អនុគ្រោះ​ ។

អត្ថបទសរសេរ ដោយ