ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​នៅ​តែ​ប្រឈម​នឹង​ឧស​ប​គ្គជា​ច្រើន​រួម​មាន​ផ្នែក​នយោបាយ និង​កិច្ចការ​សាធារណៈ​ ​

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​នៅ​ពេល​បច្ចុប្បន្ន​នេះ នៅ​តែ​ជួប​ការ​ប្រឈម​នឹង​ឧស​ប​គ្គជា​ច្រើន រួម​មាន​ផ្នែក​នយោបាយ និង​កិច្ច​សាធារណៈ ទោះបីជា​ចំនួន​ស្ត្រី​មាន​ជាង​៥០​ភាគរយ​នៃ​ចំនួន​ប្រជាជន​សរុប​ក៏​ដោយ ។ នេះ​តាម​ការ​បញ្ជាក់​របស់​រដ្ឋមន្ត្រីក្រសួង​កិច្ចការ​នារី ។…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​នៅ​ពេល​បច្ចុប្បន្ន​នេះ នៅ​តែ​ជួប​ការ​ប្រឈម​នឹង​ឧស​ប​គ្គជា​ច្រើន រួម​មាន​ផ្នែក​នយោបាយ និង​កិច្ច​សាធារណៈ ទោះបីជា​ចំនួន​ស្ត្រី​មាន​ជាង​៥០​ភាគរយ​នៃ​ចំនួន​ប្រជាជន​សរុប​ក៏​ដោយ ។ នេះ​តាម​ការ​បញ្ជាក់​របស់​រដ្ឋមន្ត្រីក្រសួង​កិច្ចការ​នារី ។

ថ្លែង​ក្នុង​វេទិការ​ជាតិ​ស្តី​ពី «​ស្ត្រី​ក្នុង​ភាព​ជា​អ្នកដឹកនាំ និង​អភិបាលកិច្ច​»​នា​ព្រឹក​ថ្ងៃ​ទី​១៧ ខែឧសភា នៅ​សណ្ឋាគា​សុខា លោក​ជំទាវ អ៊ឹ​ង ក​ន្ថា​ផា​វី រដ្ឋមន្ត្រីក្រសួង​កិច្ចការ​នារី​លើក​ឡើង​ថា យោង​តាម​លទ្ធផល​នៃ​ការ​អនុវត្តន៍​ការងារ​លើកកម្ពស់​សមភាព​យេ​ន​ឌ័​រ និង​ភាព​អង់អាច​ដល់​ស្ត្រី និង​ផ្អែក​តាម​ការ​សិក្សា​ស្រាវជ្រាវ នៅ​ក្នុង​ពិភពលោក​ភ័ស្តុតាង​មួយ​ចំនួន​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា ការ​ចូលរួម​ស្របច្បាប់ និង​ពេញលេញ​របស់​ស្ត្រី​នៅ​ក្នុង​ការ​ធ្វើ​សេចក្តីសម្រេច និង​អភិបាលកិច្ច អាច​ធ្វើ​ឱ្យ​គោលនយោបាយ​ច្បាប់ និង​កម្មវិធី​នានា​កាន់តែ​ឆ្លើយ​តប ទៅ​នឹង​តម្រូវការ​របស់​ប្រជាជន​ទាំងអស់ ជា​ពិសេស​លើ​បញ្ហា​សុខុមាលភាព​គ្រួសារ និង​សង្គម​ដែល​ជា​មូលដ្ឋាន​គ្រឹះ​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ឈាន​ឆ្ពោះទៅ​រក​ការ​អភិវឌ្ឍ​ប្រកបដោយ​ប៊ី​រ​ភាព ។

លោក​ជំទាវ​ថា ការ​បង្កើន​ចំនួន​ស្ត្រី​នៅ​ក្នុង​តួនាទី​ធ្វើ​សេចក្ដីសម្រេច​នៅ​គ្រប់​លំដាប់ថ្នាក់​អាច​ធ្វើ​ទៅ​បាន លុះត្រាតែ​មានការ​គាំទ្រ និង​ការ​ផ្ដល់​ឱកាស​ឱ្យ​ស្ត្រី​ចូលរួម​មាន​ជា​អាទិ៍ ៖ ការ​គាំទ្រ​ផ្នែក​នយោបាយ គោលការណ៍​នានា ការ​ពង្រឹងសមត្ថភាព​ស្ត្រី និង​ការ​ផ្ដល់​ធនធាន ដើម្បី​ធានា​ថា ស្ត្រី​ដែល​បាន​ទទួល​តួនាទី​ជា​អ្នកដឹកនាំ​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​បំពេញ​តួនាទី និង​ភារកិច្ច​របស់​ពួក​គេ​ឱ្យ​មាន​ប្រសិទ្ធភាព ។

លោក​ជំទាវ​បញ្ជាក់​ថា ៖«​បច្ចុប្បន្ន​ស្ត្រី​នៅ​ប្រឈម​ទៅ​នឹង​ឧបសគ្គ​ជា​ច្រើន​ទៀត នៅ​ក្នុង​ការ​ចូលរួម​ផ្នែក​នយោបាយ និង​ធ្វើ​សេចក្តីសម្រេច ហើយ​កម្រិត​នៃ​ការ​ចូលរួម​របស់​ពួក​គេ​នៅ​ទាប​នៅឡើយ ។ ឧបសគ្គ​ទាំងនេះ​រួម​មាន ៖ ឥរិយាបថ​សង្គម​នៅ​រើសអើង​លើ​ស្ត្រី​ការ​ទទួល​បានការ​សិក្សាអប់រំ​នៅ​មាន​កម្រិត បន្ទុក​ធ្ងន់ធ្ងរ​លើ​ការ​ទទួលខុសត្រូវ​ក្នុង​គ្រួសារ​កង្វះខាត​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ និង​ការ​គាំទ្រ​ពី​ក្រុម​គ្រួសារ ព្រមទាំង​ទស្សនៈ​អវិជ្ជមាន​ចំពោះ​កិច្ចការ​នយោបាយ​ក្នុង​ចំណោម​ស្រី្ត​ខ្លួនឯង​ដែល​ធ្វើ​ឱ្យ​ស្ត្រី​មិន​ហ៊ាន​ឈរឈ្មោះ​បោះ​ឆ្នោត ឬ​ទទួល​តួនាទី​តាម​ការ​ចាត់តាំង ។

ហេតុ​ដូច្នេះ​ហើយ ទោះបីជា​ស្ត្រី​មាន​ចំនួន​ជាង​៥០%​នៃ​ប្រជាជន​សរុប​ក៏​ដោយ ក៏​ស្ត្រី​ជា​អ្នក ដឹកនាំ​ផ្នែក​នយោបាយ និង​ក្នុង​កិច្ចការ​សាធារណៈ​បច្ចុប្បន្ន មិន​ទាន់​មាន​សមាមាត្រ​ជាមួយនឹង​ភាគរយ​នេះ​នៅឡើយ​»​។

ជាមួយ​គ្នា​នោះ​ដែរ លោក​ជំទាវ​ថា រាជរដ្ឋាភិបាល​បាន​ណែនាំ​ឱ្យ​គិតគូរ​បញ្ចូល​ឱ្យ​មាន​ស្ត្រី​នៅ​គ្រប់​ប្រអប់​តួនាទី​ធ្វើ​សេចក្តីសម្រេច​នៅ​ក្នុង​ក្រសួង​-​ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់ ក្រោម​ជាតិ រួម​ទាំង​នៅ​ក្នុង​រដ្ឋបាល​ឃុំ សង្កាត់ និង​តាម​ភូមិ​ជាដើម ។ នៅ​ក្នុង​ស្ថាប័នរដ្ឋ គិតគូរ​ឱ្យ​មានការ​ជ្រើសរើស​មន្ត្រី​មុខងារ សាធារណៈ​ថ្មី ត្រូវ​មាន​ចំនួន​ស្ត្រី​ចាប់ពី​២០% ទៅ​៥០% ។

ក្រសួង​-​ស្ថាប័ន បាន​រៀបចំ​យន្តការ និង​ក្រុមការងារ​យេ​ន​ឌ័​រ​នៅ​តាម​វិស័យ និង​នៅ​ថ្នាក់​ក្រោម​ជាតិ ព្រមទាំង​បញ្ចូល​កម្មវិធី អភិវឌ្ឍន៍ភាព​ជា​អ្នកដឹកនាំ​របស់​ស្ត្រី​ក្នុង​ស្ថាប័ន និង​ដែន​រដ្ឋបាល​របស់​ខ្លួន​នីមួយ​ៗ ។ សម​ទ្ធិ​ផល​ដ៏​ធំធេង និង​មាន​តម្លៃ​ដ៏​ថ្លៃថ្លា​ទាំង​អស់នេះ​ត្រូវ​តែ​ពង្រឹង​បន្ថែម​ទៀត ដើម្បី​ជា​ឧត្តម​ប្រយោជន៍ និង​ការ​ទទួលស្គាល់​ពី​តម្លៃ​នៃ​ការ​ចូលរួម​របស់​ធនធានមនុស្ស​ដែល​មាន​ជាង​ពាក់កណ្តាល និង​ជា​ដៃគូ​មិន​អាច​ខ្វះ​បាន​ជាមួយនឹង​បុរស​ក្នុង​ការ​ចូលរួម​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​ជាតិ ។

ចំណែក​លោកស្រី​កែវ មុំ ប្រធាន​សមាគម​ន៍​សហគ្រិន​ស្ត្រី​កម្ពុជា​បាន​លើក​ឡើង​ថា មិន​ថា ពិភពលោក​ទេ សូ​ម្បី​តែ​កម្ពុជា​បាន​លើកតម្កើង​ស្ត្រី​ក្នុង​ការ​ចូលរួម​ធ្វើ​ការងារ​ជាមួយ​បុរស ។ លោកស្រី​បញ្ជាក់​ថា ៖«​យើង​សង្កេត​ឃើញ​ថា ស្ត្រី​បាន​ចូលរួម​ក្នុង​ការ​ធ្វើ​អាជីវកម្ម​ចំនួន​ច្រើន ប៉ុន្តែ​យើង​ឃើញ​ថា អាជីវកម្ម​នៅ​មាន​កម្រិត​នៅឡើយ ។

ករណី​ដោយសារ​គាត់​ពិបាក​ក្នុង​ការ​ពង្រីក​ខ្លួន​ឲ្យ​ទៅ​ជា​សហគ្រាស​ខ្នាត​មធ្យម និង​ធំ​នោះ គឺ​គាត់​មាន​បញ្ហា​ខ្លួនឯង​ច្រើន (​រវល់​ច្រើន​)»​។ ជាមួយ​គ្នា​នោះ​ដែរ លោកស្រី​ខាង​ក្រសួង​កិច្ចកា​នារី និង​រាជ​ដ្ឋា​ភិ​បាល​បាន​កៀងគរ​បណ្តុះបណ្តាល​ដល់​ស្ត្រី​ឲ្យ​មានចំណេះ​ចំនាញ និង​បទ​ពិសោធន៍ និង​ពង្រឹង​ឲ្យ​មាន​ភាព​អង់អាច​ក្លាហាន​របស់​គាត់​ឲ្យ​ចូលរួម​ក្នុង​សង្គម​បាន​ច្រើន​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ