រាជធានីភ្នំពេញ ៖ ក្រុមប្រឹក្សាធម្មនុញ្ញ បានសហការជាមួយអង្គការមូលនិធិខុនរ៉ាដ អាដិនណៅអ៊ែរ រៀបចំពិធីផ្សព្វផ្សាយខ្លឹមសាររដ្ឋធម្មនុញ និងសមត្ថកិច្ចរបស់ក្រុមប្រឹក្សាធម្មនុញនៅសណ្ឋាគារអាំងទែរកុងទីណង់តាល់ កាលពីថ្ងៃទី៣០ មីនា ។ សិក្ខាសាលានេះធ្វើឡើងដើម្បីផ្សព្វផ្សាយដល់មន្ដ្រីរាជការ មន្ដ្រីស្ថាប័នតុលាការ តំណាងគណៈមេធាវី ស្ថានទូត និងភ្នាក់ងារសហប្រតិបត្ដិការអន្ដរជាតិ សង្គមស៊ីវិលប្រមាណ៣០០នាក់ ។
លោកឯក សំអុល ប្រធានក្រុមប្រឹក្សាធម្មនុញបានថ្លែងសុន្ទរកថាមានខ្លឹមសារថា នេះគឺជាលើកទី១ហើយដែលក្រុមប្រឹក្សាធម្មនុញបានសហការជាមួយអង្គការមូលនិធិខុនរ៉ាដ អាដិនណៅអ៊ែរ រៀបចំពិធីផ្សព្វផ្សាយខ្លឹមសាររដ្ឋធម្មនុញ និងសមត្ថកិច្ចរបស់ក្រុមប្រឹក្សាធម្មនុញ។ ក្នុងឱកាសនេះ ខ្ញុំមានកិត្ដិយសជំរាបពីប្រវត្ដិរដ្ឋធម្មនុញរបស់ព្រះរាជាណាចក្រកម្ពុជាដូចតទៅប្រទេសកម្ពុជា ចាប់ផ្ដើមមានរដ្ឋធម្មនុញតាំងពីឆ្នាំ១៩៤៧ មកម្ល៉េះ ហើយបានផ្លាស់ប្ដូរជាបន្ដបន្ទាប់អស់ចំនួន៦លើកមកហើយទៅតាមរបប
នយោបាយដែលនៅក្នុងរបៀបវារៈព្រឹកនេះ លោកប៉ែន ថុល សមាជិកក្រុមប្រឹក្សាធម្មនុញ្ញមានភារកិច្ចឧទ្ទេសនាមជូនជ្រាប ។
លោកថ្លែងថា ខ្ញុំក៏មានកិត្ដិយសជំរាបជូនអំពីស្ថាប័នក្រុមប្រឹក្សាធម្មនុញនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ ក្រុមប្រឹក្សាធម្មនុញ្ញជាស្ថាប័នកំពូលមួយឯករាជ្យ និងអព្យាក្រឹតដែលមានចែងក្នុងរដ្ឋធម្មនុញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣ និងត្រូវបានបង្កើតឡើងដោយព្រះរាជក្រមលេខ ជស,រកម០៤៩៨,០៦ ចុះថ្ងៃទី៨ ខែមេសា ឆ្នាំ ១៩៩៨ ដែលប្រកាសឱ្យប្រើច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្ដទៅនៃក្រុមប្រឹក្សាធម្មនុញ ។
លោកបន្ដថា ក្រុមប្រឹក្សាធម្មនុញចាប់ផ្ដើមបំពេញការងាររបស់ខ្លួនពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៩៨ នៅអគារ“ស” ក្នុងបរិវេណវិមានរដ្ឋចំការមន។ ក្រុមប្រឹក្សាធម្មនុញ្ញ មានសមត្ថកិច្ចធានាការពារការគោរពរដ្ឋធម្មនុញបកស្រាយរដ្ឋធម្មនុញ និងច្បាប់ដែលរដ្ឋសភាបានអនុម័ត និងព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់ហើយ ព្រមទាំងមានសិទ្ធិពិនិត្យ និងសំរេចអំពីករណីវិវាទកម្មទាក់ទងនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។ ក្រុមប្រឹក្សាធម្មនុញ្ញថ្វាយមតិព្រះមហាក្សត្រ ចំពោះសេចក្ដីស្នើទាំងឡាយដែលសុំធ្វើវិសោធនកម្មលើរដ្ឋធម្មនុញ្ញ។ ខ្ញុំសូមគូសបញ្ជាក់ថា សេចក្ដីសំរេចរបស់ក្រុមប្រឹក្សាធម្មនុញជាសេចក្ដីសំរេចស្ថាពរចុងក្រោយ បិទផ្លូវតវ៉ាហើយមានអានុភាពទៅលើអំណាចទាំងអស់ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងត្រូវចុះផ្សាយក្នុងរាជកិច្ច។ ការបង្កើតស្ថាប័ននេះឡើងដើម្បីពង្រឹងពង្រីក លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងនីតិរដ្ឋ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នៅពេលបន្ដិចទៀតនេះ លោកសឺន ស៊ូបែរ្ដិ៍ សមាជិកក្រុមប្រឹក្សាធម្មនុញនឹងធ្វើបទឧទ្ទេសនាម អំពីសមត្ថកិច្ចរបស់ក្រុមប្រឹក្សាធម្មនុញ ។
លោកឯក សំអុល ថ្លែងថា ខ្ញុំសង្ឃឹមថា ពិធីផ្សព្វផ្សាយក្នុងថ្ងៃនេះអាចនាំមកនូវការយល់ដឹងមួយកំរិតថែមទៀតអំពីរដ្ឋធម្មនុញដែលជាច្បាប់គោល និងអំពីសមត្ថកិច្ចរបស់ក្រុមប្រឹក្សាធម្មនុញនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនេះដែរ ខ្ញុំសូមសំដែងអំណរគុណដ៏ស្មោះអស់ពីដួងចិត្ដដល់មូលនិធិខុនរ៉ាដអាដិនណៅអ៊ែរ ដែលបានជួយឧបត្ថម្ភដល់គណៈប្រតិភូក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងការចូលរួមសិក្ខាសាលានៃសមាគមតុលាការធម្មនុញ្ញអាស៊ីនៅតាមបណ្ដាប្រទេសនានាចំនួន៦លើកកន្លងមក និងការជួយរៀបចំពិធីផ្សព្វផ្សាយនាថ្ងៃនេះ ។
ចែករំលែកព័តមាននេះ