ខេត្តពោធិ៍សាត់ ៖ នៅមន្ទីរគណបក្សប្រជាជនកម្ពុជា ខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ មានធ្វើពិធីបញ្ចូលសមាជិកថ្មី ក្រោមអធិបតីភាពលោក យូ សិរីវុឌ្ឍ បេសកជនពិសេសរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមចលនាកសាងសមាជិក គណបក្ស នៅមូលដ្ឋានរាជធានីខេត្ត ។
លោក ខូយ រីដា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តពោធិ៍សាត់ មានប្រសាសន៍ថា កន្លងមកនេះ ក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ និងក្រុមចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋាន ទាំងថ្នាក់កណ្ដាល ខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ បានខិតខំចលនាមហាជន ប្រជាជន ក្នុងខេត្តពោធិ៍សាត់ទាំងមូល ឲ្យយល់ច្បាស់អំពីគោលនយោបាយរបស់គណបក្ស និងសមិទ្ធផលយ៉ាងច្រើនរបស់រាជរដ្ឋាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវ និងឈ្លាសវៃ របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា ព្រមទាំងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែតស៊ូពុះពារគ្រប់ឧបសគ្គ មិនខ្លាចនឿយហត់ ដើម្បីជាតិមាតុភូមិ ។
ជាក់ស្ដែងថ្ងៃនេះ ក្រោយពីយល់ច្បាស់នូវតថភាព និងសមិទ្ធផលធំៗ ដែលគណបក្សប្រជាជនកម្ពុជា បានសម្រេចជូនជាតិមាតុភូមិ ជាពិសេសសន្តិភាពនិងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច បងប្អូនយើងចំនួន ២៦២នាក់ មកពីគណបក្សចំនួន៣ មានគណបក្សភ្លើងទៀន គណបក្សសង្គ្រោះជាតិ និងគណបក្សឆន្ទះខ្មែរ មកពីស្រុកភ្នំក្រវាញ ស្រុកតាលោសែនជ័យ ស្រុកកណ្ដៀង ស្រុកបាកាន និងក្រុងពោធិ៍សាត់ បានសម្រេចចិត្តចូលមករួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។ ការសម្រេចចិត្តនេះ ពិតជាត្រឹមត្រូវណាស់ ហើយគណបក្សប្រជាជនកម្ពុជា បើកបេះដូងរង់ចាំទទួលជានិច្ច ប៉ុន្តែមិនបង្ខិតបង្ខំនោះទេ ។
តំណាងសមាជិកគណបក្សនយោបាយទាំង២៦២នាក់ ដែលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា បានឡើងប្ដេជ្ញាចំពោះមុខ គណៈអធិបតីដូចតទៅ ៖ ១.ប្ដេជ្ញាដើរតាមគោលមាគ៌ានយោបាយ របស់គណបក្សប្រជាជនកម្ពុជា ឥតងាករ៉េជារៀងរហូត។ ២.ប្ដេជ្ញាប្រឆាំងដាច់ខាត ចលនាបំបះបំបោររបស់ពួកក្បត់ជាតិ ឲ្យមានការប្រឆាំងជាមួយរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត។ ៣.ប្ដេជ្ញាចូលរួមគាំទ្រយ៉ាងសកម្ម ជាមួយគណបក្សប្រជាជនកម្ពុជា នៅមូលដ្ឋានភូមិឃុំ ដែលយើងខ្ញុំរស់នៅ ។
បន្ថែមលើនេះ លោក យូ សិរីវុឌ្ឍ បេសកជនពិសេសរបស់សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ជូនអំពីការរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសជាតិ ក្រោមការដឹកនាំដ៍ឈ្លាសវៃរបស់សម្ដេច និងកំពុងតែរីចម្រើនថែមទៀតក្រោមការដឹកនាំបន្តពីសម្ដេចបវេធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាពេលបច្ចុប្បន្ន ។ លោកសូមឲ្យបងប្អូនជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល មករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ស្រលាញ់គ្នា សាមគ្គីគ្នាជាធ្លុងមួយ រួមគ្នាអភិវឌ្ឍ និងការពារប្រទេសទាំងអស់គ្នា ៕
ចែករំលែកព័តមាននេះ