ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​រាជធានី​រៀបចំ​ពិធី​ទទួល​ទេវតា​ឆ្នាំ​ថ្មី នៅ​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​វត្ត​ភ្នំ

2 ឆ្នាំ មុន
  • ភ្នំពេញ

ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​, គណៈ​អភិបាល​រាជធានី​ភ្នំពេញ​, អាជ្ញាធរ​ខណ្ឌ សង្កាត់ មន្ត្រីរាជការ​, កងកម្លាំងប្រដាប់អាវុធ​ក្រោម​ឱវាទ​រាជធានី​ភ្នំពេញ បាន​កំណត់​យក​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិ​សាស្ត្រ​វត្ត​ភ្នំ ដែល​ជា​និមិត្តរូប​នៃ​ការ​កកើត​រាជធានី​ភ្នំពេញ ដើម្បី​ប្រារព្ធ​ពិធី​តាម​បែប​សាសនា និង​ទទួល

រាជធានី​ភ្នំពេញ ៖ ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​, គណៈ​អភិបាល​រាជធានី​ភ្នំពេញ​, អាជ្ញាធរ​ខណ្ឌ សង្កាត់ មន្ត្រីរាជការ​, កងកម្លាំងប្រដាប់អាវុធ​ក្រោម​ឱវាទ​រាជធានី​ភ្នំពេញ បាន​កំណត់​យក​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​វត្ត​ភ្នំ ដែល​ជា​និមិត្តរូប​នៃ​ការ​កកើត​រាជធានី​ភ្នំពេញ ដើម្បី​ប្រារព្ធ​ពិធី​តាម​បែប​សាសនា និង​ទទួល​អំណរ​សាទរ​ទេវតា ឆ្នាំ​ថ្មី​ឆ្នាំខាល ចត្វា​ស័ក ព​.​ស​២៥៦៦​។

លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​លោក​ជំទាវ​ដែល​បាន​អញ្ជើញ​ជា​អធិបតី​នា​ឱកាស​នោះ បាន​បួងសួង​ដល់​ម្ចាស់​ទឹក ម្ចាស់​ដី សុំ​ជួយ​បីបាច់​ថែរក្សា​ប្រ ជា​ពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ ឲ្យ​មាន​សេចក្តីសុខ​ចំរុងចំរើន និង​ទទួល​បាន​ជោគជ័យ​គ្រប់​ការងារ ក្រោម​ម្លប់​នៃ​សុខ​សន្តិភាព​។

ពិធី​នេះ ក៏​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ស្មារតី​សាមគ្គីភាព មិត្តភាព​រវាង​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ ក៏​ដូច​ជា​រំលឹក​ឡើង​វិញ​ពី​សមិទ្ធផល​នានា ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​កសាង​ឡើង​ក្នុង​រយៈពេល​១​ឆ្នាំ​កន្លង​ទៅ ដើម្បី​បំរើ​សេចក្តី​ត្រូវការ​របស់​ប្រជាពលរដ្ឋ​ក្នុង​ទីក្រុង ទាំង​សេវា​សាធារណៈ ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ក៏​ដូច​ជា​ការ​ពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់ ការ​លើកកម្ពស់​បរិស្ថាន​សោ​ភណ្ឌ​ភាព​ក្នុង​រាជធានី​ភ្នំពេញ​ផង​ដែរ​។

ថ្នាក់ដឹកនាំ​រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​ដូច​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ បាន​បួងសួង​សុំ​ពរ​ជ័យ​ពី​ទេវតា​ឆ្នាំ​ថ្មី សូម​កើត​មាន​ដល់​ប្រជាពលរដ្ឋ​គ្រប់​រូប និង​ជំ​រះ​អស់​នូវ​គ្រោះ​ចង្រៃ​អ៊ុ​ប​ទ្រុប​ទាំងពួង​ដែល​កើត​មាន​ពី​ឆ្នាំ​ចាស់​ឲ្យ​ជ្រះស្រឡះ និង​ទទួល​ពរ​ជ័យ​សិរី​សួរ​ស្តី​ពី​ទេវតា​ឆ្មាំ​ថ្មី ព្រះ​នាម​កិ​រិ​ណី​ទេវី ដែល​ជា​បុត្រី​ទី​៥ របស់ កបិល​មហាព្រហ្ម ព្រមទាំង​សំរេច​បាន​ជោគជ័យ​ថ្មី​ៗ​ថែម​ទៀត​ក្នុង​ឆ្នាំ​ថ្មី​នេះ​។

សង្ក្រាន្ត​ឆ្នាំ​ថ្មី ឆ្នាំខាល​ចត្វា​ស​ក័ ព​.​ស​២៥៦៦ បាន​ចូល​មក​ដល់​នៅ​វេលា​ម៉ោង​១០.០០​នាទី​ព្រឹក​ថ្ងៃ​ទី​១៤ ខែមេសា ក្នុង​ពេល​ដែល​ទេវតា​ឆ្នាំ​ថ្មី បាន​ចូល​មក​ឃុំគ្រង​ភព​ផែនដី​ជំនួស​ទេវតា​ឆ្នាំ​ចាស់​។ នេះ​ជា​ការ​រៀបចំ​សង្ក្រាន្ត​វត្ត​ភ្នំ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ជា​ថ្មី​ឡើង​វិញ ក្រោយ​ពី​អាក់​ខានមិនបាន​រៀបចំ​អស់​រយៈពេល​២​ឆ្នាំ​ជាប់​គ្នា ដោយសារ​ការ​រី​រាលដាល​នៃ​ជំងឺ​ផ្លូវដង្ហើម​ដ៏​ស្រួចស្រាល គឺ​កូ​វី​ដ ១៩​។

ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ បាន​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​ពិភពលោក​ទាំងមូល ក្នុង​នោះ​កម្ពុជា​ក៏​ទទួល​រង​ផល​ប៉ះពាល់​ផង​ដែរ​។ រាជធានី​ភ្នំពេញ​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំងក្លា​ក្នុង​ការ​ចាត់វិធានការ ដើម្បី​ប្រយុទ្ធ​ប្រឆាំង និង​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ក្រោម​អនុ​សាស​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​។

នា​ឱកាស​នោះ​ដែរ លោក​អភិបាល​រាជធានី​ភ្នំពេញ និង​លោក​ជំទាវ​, លោក​ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ បាន​ទស្សនា​ស្តង់​ពិ​ពណ៌​បែប​បុរាណ រួម​ទាំង​ផលិតផល​សិប្បកម្ម​ផលិត​ដោយ​ដៃ និង​បង្ហាញ​ពី​ទំរង់​វប្បធម៌​ជាតិ​ជា​ច្រើន​។ ហើយ​ក៏​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​មក​ទស្សនា និង​ចូលរួម​លេង​កំសាន្ត​ល្បែង​ប្រជាប្រិយ មាន​ទាញព្រ័ត្រ​, លោត​បាវ​, ចោល​ឈូង​, បោះ​អ​ង្គុ​ញ​, លាក់កន្សែង និង​រាំ​កំសាន្ត​ជាដើម​ក្នុង​សង្ក្រាន្ត​វត្ត​ភ្នំ​ដែល​រៀបចំ​ឡើង​ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្នុង​គោលបំណង​ផ្តល់​ឱកាស​កំសាន្ត​ដល់​បងប្អូន​ប្រជាពលរដ្ឋ​យើង​ដែល​មិន​បាន​អញ្ជើញ​ទៅ​ស្រុក​កំណើត​។

លោក ឃួ​ង ស្រេង បាន​ថ្លែង​ថា ៖ យើង​បាន​សប្បាយ​រីករាយ គឺ​ដោយសារ​យើង​មាន​សុខ​សន្តិភាព​ពេញលេញ ស្ថេ​រ​ភាព​ក្រោម​ការ​ដឹកនាំ​របស់​ស្ថាបនិក​សន្តិភាព គឺ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ហើយ​ស្រប​ពេល​ដែល​កម្ពុជា កំពុង​ត្រៀម​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​ក្នុង​ឆ្នាំ​២០២២​នេះ និង​ព្រឹត្តិការ​សំខាន់​មួយទៀត គឺ​ការ​ត្រៀម​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​អាណត្តិ​ទី​៥ នា​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០២២ ខាង​មុខ​នេះ​ផង​ដែរ​។

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​រយៈពេល​៣​ថ្ងៃ គឺ​ថ្ងៃ​ទី​១៤.១៥.១៦ ខែមេសា​នេះ​ដែរ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្តី​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ជា​ពិសេស​ក្មួយ​ៗ​ជា​យុវវ័យ សិស្ស និស្សិត កម្មករ​កម្មការិនី ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​មិន​ត្រូវ​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង ដើម្បី​ជៀសវាង​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​, ចូលរួម​ទប់ស្កាត់ ការពារ​គ្រោះ​អគ្គី​ភ័យ​ដោយ​ប្រុង​ប្រ​យ​ត្ន័​ចំពោះ​ភ្លើងទៀន​ធូប ចង្ក្រានហ្គាស និង​ចរន្តអគ្គិសនី​ជាដើម​។

ក្នុង​សេចក្តី អំពាវនាវ​ដដែល​នេះ​ដែរ ក៏​បាន​ណែនាំ​អោយ​ជៀសវាង​ដាច់ខាត​ការ​លេង​បាញ់​ទឹក ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ប៉ាត​ម្ស៉ៅ ទះ​គក់​ដោយ​ដៃ ឬ​វា​.​យ​នឹង​រំពាត់ ទៅ​លើ​អ្នកដំណើរ​, ការ​ជិះ​ម៉ូតូ​បង្ហោះ​តាម​ដងផ្លូវ និង​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង អុជ​ផាវ និង​គ្រឿងផ្ទុះ​គ្រប់​ប្រភេទ ដោយ​រក្សា​បាន​នូវ​សេចក្តី​ថ្លៃថ្នូរ ស័​ក្ត​សមជា​កុលបុត្រ កុលធីតា​ខ្មែរ​ប្រកបដោយ​គុណធម៌ និង​សីលធម៌​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ