រាជធានីភ្នំពេញ ៖ ចូលឆ្នាំប្រពៃណីជាតិ និងបុណ្យភ្ជុំបិណ្ឌ ជាដើម ត្រូវគេដឹងថា ជាឱកាសដែលមានលំហូរសាច់ប្រាក់ក្នុងសង្គមកម្ពុជាពីទីក្រុងទៅជនបទច្រើនជាងគេប្រចាំឆ្នាំ ។ លំហូរសាច់ប្រាក់ដោយសារសកម្មភាពធ្វើបុណ្យ ដើរកម្សាន្តរបស់ប្រជាពលរដ្ឋ ។ អស់រយៈពេលពីរឆ្នាំមកហើយ ដែលការជួបជុំគ្នាក្នុងសង្គមគ្រួសារខ្មែរ នៅក្នុងឱកាសបុណ្យទានប្រចាំឆ្នាំនេះ បានរឹតត្បិតដោយសារជំងឺកូវីដ ១៩ ។
គេនៅចាំថា កាលពីឆ្នាំកន្លងទៅអ្នកចិញ្ចឹមត្រី បានត្អូញថា ត្រីដែលខ្លួនចិញ្ចឹមបានធំហើយ សល់ពេញៗស្រះដោយសារតែគ្មានទីផ្សារបណ្តាមកពីជំងឺកូវីដ ១៩ ។ កូវីដ ១៩ ដែលរដ្ឋាភិបាលបិទការជួបជុំ បិទការប្រារព្ធកម្មវិធីនានាដូចជាអាពាហ៍ពិពាហ៍ ពិសេសពិធីបុណ្យចូលឆ្នាំថ្មីជាដើមបានធ្វើត្រីរួមទីផ្សារលក់មិនចេញ ។ មិនខុសគ្នានេះ អ្នកចិញ្ចឹមមាន់ អ្នកដាំបន្លែ ជាច្រើនសុទ្ធតែបានត្អូញថា ទីផ្សារលក់ផលិតកសិផលបានរួមតូច នៅពេលផ្ទុះកូវីដ ១៩ ។
អ្នកចិញ្ចឹមមាន់ជាច្រើនបានត្អូញពីការខាត់បង់ថវិកាដោយសារមាន់ធ្លាក់ថ្លៃ ។ អ្នកដាំបន្លែ អ្នកខ្លះរហូតភ្ជួររាស់ចោលតែម្តងនៅពេលបន្លែចុះថោកពេក ។ នៅពេលខ្លះលក់មិនចេញក៍មានដែរ កសិករដែលបានប្រកាសឲ្យពលរដ្ឋឲ្យបេះ ឬដកបន្លែរបស់ខ្លួនមកទទួលទានដោយមិនយកប្រាក់ ។
នៅឆ្នាំនេះរដ្ឋាភិបាលបានបើកឲ្យមានការរៀបចំពិធីបុណ្យចូលឆ្នាំឡើងវិញ ។ ប៉ូលទេសចរណ៍សំខាន់ៗរបស់កម្ពុជា មានខេត្តសៀមរាប ខេត្តព្រះសីហនុ កំពតជាដើមនោះបានប្រុងប្រៀបរៀបចំកម្មវិធីសង្គ្រានរៀងៗខ្លួនដើម្បីទាក់ទាញអ្នកទេសចរ ។ នៅពេលមានសកម្មភាពទេសចរមានសកម្មភាពធ្វើបុណ្យទាន ប្រាកដណាស់ត្រី មាន់ បន្លែដែលកសិករចិញ្ចឹមនិងដាំដុះប្រាកដជាមានទីផ្សារ ។
នៅប៉ុន្មានថ្ងៃមុនចូលឆ្នាំនេះសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានអះអាងតម្រូវការសាច់ជ្រូកនៅកម្ពុជាមានការកើនឡើងប្រមាណ ២ ពាន់ក្បាលក្នុងមួយថ្ងៃ ។ ក្នុងមួយថ្ងៃកម្ពុជាមានតម្រូវការជាមធ្យមសត្វជ្រូករស់ចំនួន ៨ ពាន់ក្បាល ប៉ុន្តែប៉ុន្មានថ្ងៃមកនេះ នៅក្នុងឱកាសចូលឆ្នាំថ្មីកាន់តែខិតជិតមកដល់ រួមផ្សំមានពិធីឆេងម៉េង របស់បងប្អូនកាត់ចិន និងវៀតណាម ផងនោះតម្រូវការជ្រូកកើនដល់ ១ ម៉ឺនក្បាលក្នុងមួយថ្ងៃ ។
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាថា អ្នកចិញ្ចឹមជ្រូកសប្បាយចិត្តពេលមានទីផ្សារ លោកថាទោះមានតម្រូវការកើនឡើង ក៍ការផ្គត់ផ្គង់សាច់ជ្រូកលើទីផ្សារមិនមានបញ្ហានោះទេ ។ ចូលឆ្នាំនៅពេលនេះ ពេលដែលត្រីចិញ្ចឹមរបស់កសិករនៅតាមខេត្តមួយចំនួនដល់ពេលចាប់លក់ផងដែរ ។ សមាគមវារីវ្បករកម្ពុជាបានឲ្យដឹងថា នៅពេលនេះ អ្នកចិញ្ចឹមត្រីនៅតាមបណ្តាលខេត្តចិញ្ចឹមត្រីប្រា និងត្រីពោច្រើនៗ មានដូចជា កណ្តាល កំពង់ចាម ពោធិសាត់ បាត់ដំបង សៀមរាប និងកំពង់ធំ ចាប់ផ្តើមលក់ត្រីចេញពីស្រះបរិមាណច្រើនៗជាបណ្តើរៗហើយ ។ សមាគមាអំពាវាឲ្យពលរដ្ឋចូលរួមទិញត្រីដែលសកិករចិញ្ចឹម ។ «ដូចនេះសូមបងប្អូនជនរួមជាតិយើងជួយទិញផលិតផលត្រីខ្មែរយើង ដែលផលិតដោយវារីវប្បករខ្មែរ មានគុណភាពទុកចិត្តបាន និងមានឱជារសឆ្ងាញ់ពិសា» ។
កសិករអ្នកចិញ្ចឹមទាយកស៊ុត នៅខេត្តតាកែវ បានឲ្យដឹងថា ឆ្នាំនេះពងទាបានឡើងថ្លៃបន្តិចពីឆ្នាំកន្លងទៅ ។ ពោលឆ្នាំនេះឈ្មួញបានចុះទៅពងទាពីកសិករក្នុងមួយគ្រាប់ ៣៨០ រៀល ថ្លៃជាងឆ្នាំកន្លងទៅដែលកសិករលក់បានតែ ៣០០ ទៅ ៣៥០ រៀលប៉ុណ្ណោះក្នុងមួយគ្រាប់ ។
មានការមើលឃើញថា ពលរដ្ឋកម្ពុជាតែងតែចំណាយថវិកានៅក្នុងពេលបុណ្យទានដូចជាពេលចូលឆ្នាំថ្មីនេះជាដើម ទោះបីខ្លួនមានបញ្ហាសេដ្ឋកិច្ចប្រចាំថ្ងៃក្តី ។ ពលរដ្ឋតែងតែនិយាយថាមួយឆ្នាំមានតែម្តង ដូច្នេះខ្លួនត្រូវតែចំណាយ ដោយចៀសមិនរួច ដើម្បីជួបជុំក្រុមគ្រួសារនិងធ្វើបុណ្យទាន ។
ទោះមានតម្រូវការសាច់ បន្លែ និងសេវាកម្មនានានៅក្នុងឱកាសបុណ្យទាននេះក៍ពិតមែន តែពលរដ្ឋជាទូទៅក៍មិនសប្បាយចិត្តនឹងការដំំឡើងថ្លៃទំនិញពីអ្នកឆ្លៀតឱកាសមួយចំនួនផងដែរ ។ សូមកុំត្អូញពេលគ្មានអ្នកទិញថា ខ្លួនលក់មិនដាច់ ពេលពលរដ្ឋមិនទៅដើរលេងថាសេវាកម្មខ្លួនដួលរលំ តែពេលពលរដ្ឋត្រូវការខ្លួនដំឡើងថ្លៃនោះ ។
និយាយបែបនេះ ពីព្រោះជាទូទៅនៅពេលបុណ្យទានបែបនេះគេសង្កេតឃើញថា ទំនិញគ្រប់មុខបានឡើងថ្លៃ ។
អាជ្ញាធរតែងតែអំពាវនាវឲ្យពលរដ្ឋអ្នកលក់ដូរ អ្នកប្រកបអាជីវកម្មដូចជាខាងដឹកជញ្ជួនជាដើម កុំដំឡើងថ្លៃសេវានិងអាជីវកម្មរបស់ខ្លួនហួសហេតុពេក ។ ចរន្តសេដ្ឋកិច្ច ដែលអាចកើតមាននៅពេលពេញប្រទេស ដោយសមធម៌ ត្រូវស្ថិតនៅក្នុងសីលធម៌ ដោយយកឱកាសនេះ កើបចំណេញហួសហេតុនោះឡើយ ៕
ចែករំលែកព័តមាននេះ