ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ប្រាក់ វុ​ទ្ធី ជំរុញ​ក្រុមបាល់ទាត់​នារី​កម្ពុជា​ចូលរួម​ប្រកួត​ស៊ី​ហ្គេ​ម លើក​ដំបូង

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ ក្រុមបាល់ទាត់​នារី​ជម្រើសជាតិ​កម្ពុជា ដែល​កំពុង​មាន​សកម្មភាព​ផុសផុល​នា​ប៉ុន្មាន​ឆ្នាំ​ចុង​

​រាជធានីភ្នំពេញ ៖ ក្រុមបាល់ទាត់​នារី​ជម្រើសជាតិ​កម្ពុជា ដែល​កំពុង​មាន​សកម្មភាព​ផុសផុល​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ទីបំផុត​នឹង​ឈាន​ជើង​ចូល​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី​អាគ្នេយ៍ ជា​លើក​ដំបូង នៃ​ស៊ី​ហ្គេ​ម​លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម ដែល​គ្រោង​នឹង​ចាប់ផ្ដើម​នា​ខែឧសភា​ខាង​មុខ​។

លោក ប្រាក់ វុ​ទ្ធី អតីត​គ្រូ​បង្គោល​ក្លិប​បឹង​កេ​ត ដែល​កំពុង​ដឹកនាំ ក្រុមបាល់ទាត់​នារី​ជម្រើសជាតិ​កម្ពុជា បាន​បង្ហើប​ថា វា​ជា​ឱកាស​ដ៏​ល្អ​មួយ​ដើម្បី​បង្ហាញ​ដល់​មហាជន ពី​សក្តានុពល​បាល់ទាត់​នារី​។ ជា​ពិសេស​ជា​ការ​វាស់​ស្ទង់​សមត្ថភាព​កីឡាការិនី មុន​ពេល​ដែល​កម្ពុជា ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣​។ លោក​ថ្លែង​ថា «​យើង​​ពិត​ជា​មាន​មោទកភាព​ចំពោះ​ការ​ផ្តល់​ឱកាស​ឲ្យ​កីឡាបាល់ទាត់​នារី​បាន​ចូលរួម​ប្រកួត ស៊ី​ហ្គេ​ម​នៅ​វៀតណាម ទោះបីជា​លើក​ដំបូង តែ​វា​គឺជា​ឱកាស​ដ៏​ល្អ​មួយ​ដើម្បី​បង្ហាញ​ដល់​មជ្ឈដ្ឋាន​ទូទៅ ពី​សក្តានុពល​បាល់ទាត់​នារី ដែល​ទទួល​បានការ​អនុញ្ញាត​ពី​ថ្នាក់ដឹកនាំ ដោយ​បាន​ពិនិត្យ​លើ​ភាព​រីក​ចម្រើន​នៃ​កីឡាបាល់ទាត់​នារី​មក​ដល់​ពេល​បច្ចុប្បន្ន​»​។

លោក​បាន​បន្ត​ថា ៖ «​ម្យ៉ាងទៀត​ប្រភេទ​កីឡាបាល់ទាត់​នារី​នេះ ជា​ចំណុច​អាទិភាព​មួយ ដែល​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន និង​កំពុង​អភិវឌ្ឍ​។ ឧទាហរណ៍​ជាក់ស្តែង យើង​កំពុង​រៀបចំ​ការ​ប្រកួត​ជម្រើស​ជើងឯក​បាល់ទាត់​នារី​ឆ្នាំ​២០២១ នេះ​ឱ្យ​បាន​ចប់​រួចរាល់ មុន​ការ​ត្រៀម​ចូលរួម ប្រកួត​ស៊ី​ហ្គេ​ម​លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម​ក្នុង​ខែឧសភា​នេះ​»​។

«​លើស​ពី​នេះ​ទៅ​ទៀត នៅ​ឆ្នាំ​២០២៣ ខាង​មុខ កម្ពុជា​ត្រៀម​ធ្វើ​ជា​ម្ចាស់ផ្ទះ ក្នុង​ការ​រៀបចំ​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣២ នៅ​ក្នុង​នោះ​មានការ​រៀបចំ​កីឡាបាល់ទាត់​នារី​ផង​ដែរ ដូច្នេះ​ការ​ចូលរួម​ប្រកួត​នា​ពេល​នេះ គឺជា​ម៉ែត្រ​វាស់​ពី​កត្តា​គុណ​ផល របស់​កីឡាការិនី​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា ដែល​យើង​ទាំងអស់​គ្នា​ជឿជាក់​ថា ពួក​គេ​នឹង​ទទួល​បាន​បទ​ពិសោធន៍​ល្អ​ៗ​សម្រាប់​ការ​ប្រកួត​នេះ​។ បន្ត​ពង្រឹង​នៅ​ចំណុច​ខ្វះខាត បង្កើន​គុណ​ផល ដើម្បី​ជា​ផ្លែផ្កា​ល្អ​ក្នុង​ឆ្នាំ​២០២៣​នេះ​»​។ លោក ប្រាក់ វុ​ទ្ធី បាន​បន្ថែម​។

អតីត​គ្រូ​បង្គោល​ក្លិប​អគ្គិសនី​កម្ពុជា ដដែល​រូប​នេះ​បាន​បង្ហាញ​ពី​គុណសម្បត្តិ​នៃ​ការ​ចូលរួម​ព្រឹត្តិការណ៍​នេះ​ទៀត​ផង​ដែរ​ថា ៖«​គុណសម្បត្តិ គឺ​ដើម្បី​ត្រៀម​រៀបចំ​ក្រុម​ឲ្យ​បាន​ល្អ ទាំង​គុណ​ផល បទ​ពិសោធន៍ និង​ស្មារតី ទទួល​បាន​នូវ​ការ​វិភាគ និង​វាយតម្លៃ​មួយ​ត្រឹមត្រូវ​ច្បាស់លាស់​ពី​ចំណុចខ្លាំង និង​ចំណុចខ្សោយ សម្រាប់​ការ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ ក្នុង​ការ​កំណត់​គោលដៅ ស៊ី​ហ្គេ​ម​២០២៣»​។

នៅ​ពេល​ចោទសួរ​ថា តើ​ក្រុមបាល់ទាត់​នារី​ជម្រើសជាតិ​កម្ពុជា មាន​គម្រោង​បោះជំរំ​ហ្វឹកហាត់​ក្រៅប្រទេស ឬ​ក៏​នៅ​ក្នុងស្រុក​រយៈពេល​ប៉ុន្មាន​ស​ប្ដា​ហ៍ មុន​ព្រឹត្តិការណ៍​មក​ដល់? អតីត​គ្រូ​បង្គោល​ដែល​ជួយ​ឲ្យ​បឹង​កេ​ត លើក​ពាន​លី​គ​កំពូល​កម្ពុជា លើក​ដំបូង​រូប​នេះ​បាន​បង្ហើប​ឲ្យ​ដឹង​ថា ក្រុមបាល់ទាត់​នារី​ជម្រើសជាតិ​បាន​ត្រៀម​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ចិន​តាំងពី​ឆ្នាំ​២០២១ មក​ម្ល៉េះ ប៉ុន្តែ​គម្រោង​នេះ​ត្រូវ​បាន​ផ្អាក​ទៅ​វិញ​។ ក្នុង​ការ​ត្រៀម​ចូលរួម​ប្រកួត​ស៊ី​ហ្គេ​ម​នៅ​វៀតណាម ក្រុមបាល់ទាត់​នារី​កម្ពុជា​គ្មាន​គម្រោង​ហ្វឹកហាត់​នៅ​ក្រៅប្រទេស​ទេ គឺ​បោះជំរំ​ហ្វឹកហាត​ក្នុង​ប្រទេស នៅ​សាលា​បាល់ទាត់​ជាតិ​បាទី រយៈពេល ៥​ស​ប្តា​ហ៍​មុន​ចេញដំណើរ​ទៅ​វៀតណាម​។ នៅ​ក្នុង​ការ​ហ្វឹកហាត់​នេះ ក្រុម​ក៏​មាន​គម្រោង​ធ្វើ​ជា​ម្ចាស់ផ្ទះ​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ ១​ប្រកួត​ផង​ដែរ​។

ក្រុមបាល់ទាត់​នារី​ជម្រើសជាតិ​កម្ពុជា នឹង​ចូលរួម​ប្រកួត​ស៊ី​ហ្គេ​ម លើក​ទី​៣១ ឆ្នាំ​២០២២ នៅ​ប្រទេស​វៀតណាម ដែល​គ្រោង​ចាប់ផ្ដើម​មុន​ពិធី​បើក (​ពិធី​បើក​នៅ​ថ្ងៃ​ទី​១២ ខែឧសភា​) នៅ​ថ្ងៃ​ទី​៦ ខែឧសភា ឆ្នាំ​២០២២​។ ការ​ចាប់ឆ្នោត​បែងចែក​ពូ​ល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៦ ខែមេសា ដោយ​កម្ពុជា ស្ថិត​នៅ POT ទី​៣៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ