ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជម្រុះ World Cup ៖ ឥណ្ឌូណេស៊ីបន្តមិនស្គាល់ចាញ់ ខណៈដែលចិននៅតែគ្មានពិន្ទុរាប់

4 ថ្ងៃ មុន

អន្តរជាតិ ៖ ក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូណេស៊ី នៅតែអាចរក្សាភាពមិនស្គាល់ចាញ់របស់ខ្លួន នៅក្នុងការប្រកួតពូល C វគ្គជម្រុះជុំទី៣ ពានរង្វាន់ World Cup…

អន្តរជាតិ ៖ ក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូណេស៊ី នៅតែអាចរក្សាភាពមិនស្គាល់ចាញ់របស់ខ្លួន នៅក្នុងការប្រកួតពូល C វគ្គជម្រុះជុំទី៣ ពានរង្វាន់ World Cup ឆ្នាំ ២០២៦ ប្រចាំទ្វីបអាស៊ី ខណៈដែលចិនបន្តរកពិន្ទុមិនទាន់ឃើញ។

ឥណ្ឌូណេស៊ី បញ្ចប់ការប្រកួតទី៣ ពូល C ស្មើនឹងជាមួយនឹងម្ចាស់ផ្ទះបារ៉ែន ដោយលទ្ធផល ២-២ ខណៈដែលម្ចាស់ផ្ទះអូស្ត្រាលីផ្តួលចិន ដោយលទ្ធផល ៣-១។ ចំណែកក្រុមខ្លាំងជប៉ុនទៅបំបាក់មុខម្ចាស់ផ្ទះអារ៉ាប៊ីសាអូឌីត ដោយលទ្ធផល ២-០ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤។

ឆ្លងកាត់៣ប្រកួតកន្លងទៅ ជប៉ុនឈ្នះទាំង៣ប្រកួត កាន់កាប់កំពូលតារាងបណ្តោះអាសន្ន អូស្ត្រាលីឈរនៅលេខ២ អារ៉ាប៊ីសាអូឌីតនៅលេខ៣ និងបារ៉ែននៅលេខ៤ ដោយឈ្នះ១ ស្មើ១ និងចាញ់១ មាន៤ពិន្ទុស្មើគ្នា គ្រាន់តែខុសចំនួនគ្រាប់បាល់ចំណេញ។ ចំណែកឥណ្ឌូណេស៊ី ដែលជាក្រុមមកពីអាស៊ីអាគ្នេយ៍តែមួយគត់ឈានដល់វគ្គ បន្តរក្សាភាពមិនស្គាល់ចាញ់របស់ខ្លួន ដោយស្មើទាំង៣ប្រកួត ឈរនៅលេខ៥ ខណៈដែលចិននៅបាតតារាង គឺជាក្រុមតែមួយគត់ក្នុងពូល C ដែលចាញ់ទាំង៣ប្រកួត។

ជំនួបបន្ទាប់ដែលជាការប្រកួតទី៤ នៅក្នុងពូល C ដែលធ្វើឡើងនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២៤ ខាងមុខនេះ ៖
-ជប៉ុន ប៉ះ អូស្ត្រាលី វេលាម៉ោង ០៥:៣៥នាទីរសៀល ម៉ោងនៅកម្ពុជា
-ចិន ប៉ះ ឥណ្ឌូណេស៊ី វេលាម៉ោង ០៧:០០នាទីយប់
-អារ៉ាប៊ីសាអូឌីត ប៉ះ បារ៉ែន វេលាម៉ោង ០១:០០នាទីទៀបភ្លឺឈានចូលថ្ងៃថ្មី

ក្រឡេកទៅពូលផ្សេងទៀត ក្រោយបញ្ចប់ការប្រកួតទី៣ដូចគ្នា ពូល A អ៊ូសបេគីស្ថានឈរកំពូលតារាងបណ្តោះអាសន្ន និងអ៊ីរ៉ង់ឈរនៅលេខ២ ដោយមាន ៧ពិន្ទុស្មើគ្នា។ ចំណែកអារ៉ាប់រួមឈរនៅលេខ៣ និងកាតានៅលេខ៤ មាន ៤ពិន្ទុស្មើគ្នា ខណៈដែលកូរ៉េខាងជើងនៅលេខ៥ មាន ២ពិន្ទុ និងកៀហ្ស៊ីស៊ីស្ថាននៅបាតតារាងគ្មានពិន្ទុរាប់។

នៅក្នុងពូល B ឯណោះវិញ កូរ៉េខាងត្បូងកាន់កាប់កំពូលតារាងបណ្តោះអាសន្ន និងអ៊ីរ៉ាក់ឈរនៅលេខ២ ដោយមាន ៧ពិន្ទុស្មើគ្នា។ ចំណែកហ៊្សកដានីនៅលេខ៣ មាន ៤ពិន្ទុ អូម៉ង់នៅលេខ៤ មាន ៣ពិន្ទុ គុយវ៉ែតនៅលេខ៥ មាន ២ពិន្ទុ ខណៈប៉ាឡេស្ទីននៅបាតតារាងមាន ១ពិន្ទុ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ