ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាកណ្តាលស្ត្រីម្នាក់រងបម្រា.មមួយជីវិត ក្រោយធ្លាយវីដេអូរួមភេ.ទជាមួយអ្នកសង្កេតការណ៍​១រូប

9 ម៉ោង មុន

ប្រទេសតួកគី ៖ អាជ្ញាកណ្តាលកីឡាបាល់ទាត់ស្ត្រីជនជាតិតួកគី កញ្ញា Elif Karaarslan អាយុ២៤ឆ្នាំ ត្រូវបានហាមប្រាមមិនឱ្យកាត់សេចក្តីអស់មួយជីវិត បន្ទាប់ពីនាងត្រូវបានចោទប្រកាន់ ក្រោយការបែកធ្លាយវីដេអូរួមភេទជាមួយលោក…

ប្រទេសតួកគី ៖ អាជ្ញាកណ្តាលកីឡាបាល់ទាត់ស្ត្រីជនជាតិតួកគី កញ្ញា Elif Karaarslan អាយុ២៤ឆ្នាំ ត្រូវបានហាមប្រាមមិនឱ្យកាត់សេចក្តីអស់មួយជីវិត បន្ទាប់ពីនាងត្រូវបានចោទប្រកាន់ ក្រោយការបែកធ្លាយវីដេអូរួមភេទជាមួយលោក Orhan Erdemir អាយុ៦១ឆ្នាំ ដែលជាអ្នកសង្កេតការណ៍អាជ្ញាកណ្តាល។

ប្រភពពីកាសែត The Sun របស់ចក្រភពអង់គ្លេស កាលពីថ្មីៗនេះ បានឱ្យដឹងថា កញ្ញា Elif Karaarslan ត្រូវបានសហព័ន្ធកីឡាបាល់ទាត់តួកគី (TFF) ចេញបម្រាម បន្ទាប់ពីនាងត្រូវបានរាយការណ៍ថាបានរួមភេទជាមួយលោក Orhan Erdemir ក្នុងវីដេអូមួយ ដែលបានបែកធ្លាយ។ ជាមួយគ្នានោះ សហព័ន្ធបាល់ទាត់តួកគី ក៏បានដាក់ទណ្ឌកម្មដូចគ្នាលើលោក Erdermir ដែលជាអតីតមន្ត្រីសហព័ន្ធកីឡាបាល់ទាត់ពិភពលោក FIFA ផងដែរ។

កញ្ញា Karaarslan ដែលមានអ្នកតាមដានជាង៤០ម៉ឺននាក់ នៅលើបណ្តាញទំនាក់ទំនងសង្គម Instagram បានបដិសេធថា កញ្ញាមិនមែនជាមនុស្សនៅក្នុងខ្សែអាត់វីដេអូដែលបានបែកធ្លាយនោះទេ វាគឺជាការកាត់តផលិតដោយប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ហើយកញ្ញាសម្រេចចិត្តចាត់វិធានការតាមផ្លូវច្បាប់ នឹងប្តឹងឧទ្ធរណ៍ប្រឆាំងនឹងបម្រាម។ កញ្ញាបានបង្ហោះសារមួយយ៉ាងដូច្នេះថា «ខ្ញុំនឹងមានផ្លូវដ៏វែងឆ្ងាយខាងមុខដោយស្របច្បាប់ ប៉ុន្តែនឹងយកឈ្នះដោយវិធីដ៏រឹងមាំបំផុត។ ខ្ញុំទន្ទឹងរង់ចាំការគាំទ្រ សេចក្តីស្រឡាញ់ពេញទំហឹងរបស់អ្នកក្នុងដំណើរការនេះ។ ការយំ ការស្រែក និងការសោកសៅមិនមែនជាអ្វីដែលខ្ញុំនឹងធ្វើនោះទេ។ នោះមិនមែនជាខ្ញុំទេ។ ខ្ញុំនឹងឈរដោយបុព្វហេតុរបស់ខ្ញុំរហូតដល់ទីបញ្ចប់។ ខ្ញុំគ្រាន់តែជាមនុស្សម្នាក់ក្នុងចំណោមមនុស្សជាច្រើនកំពុងរងគ្រោះ ដូច្នេះហើយខ្ញុំសង្ឃឹមថាខ្ញុំនឹងជាមនុស្សចុងក្រោយ»។

កញ្ញា Karaarslan បានប្រាប់កាសែត Marca របស់អេស្ប៉ាញថា «វីដេអូបែកធ្លាយមានបំណងវាយប្រហារមកលើរូបខ្ញុំ ហើយគុណភាពនៃរូបភាពគឺអាក្រក់ខ្លាំងណាស់។ ខ្ញុំមិនមែនជាមនុស្សក្នុងវីដេអូនោះទេ។ ការចោទប្រកាន់ធ្ងន់ធ្ងរបែបនេះ គឺជាការវាយប្រហារទៅលើកិត្តិយសរបស់ស្ត្រីម្នាក់»។
សេចក្តីថ្លែងការណ៍ដែលបានផ្សព្វផ្សាយតាមអ៊ីនធឺណិតបានអះអាងថា វីដេអូដែលបានកាត់តត្រូវបានផ្សព្វផ្សាយលើបណ្តាញសង្គម ដែលមិនមែនវីដេអូជាដើម ហើយត្រូវបានបង្កើតឡើងទាំងស្រុងដោយ AI ពីគណនីរបស់ជនអនាមឹកម្នាក់ ខណៈដែលពេលពិនិត្យមើលវីដេអូទើបឃើញថា រូបភាពមិនច្បាស់នោះទេ។

សូមជម្រាបថា មុនពេលក្លាយជាអាជ្ញាកណ្តាល Elif Karaarslan គឺជាអតីតកីឡាការិនីម្នាក់របស់ក្លិប Besiktas ប៉ុន្តែការញ៉ាំញីដោយរបួសបានបង្ខំឱ្យកញ្ញាប្រកាសចូលនិវត្តន៍ទាំងវ័យក្មេង។ ឆ្លងកាត់រឿងនេះ អ្នកតាមដានកញ្ញានៅលើបណ្តាញសង្គម Instagram របស់កញ្ញា Karaarslan ភាគច្រើនជឿជាក់ថា កញ្ញាពុំបានប្រព្រឹត្តទង្វើខ្មៅកង្វក់បែបនេះទេ ហើយពួកគេលើកឡើងបន្ថែមទៀតថា យុត្តិធម៌នឹងឈរនៅខាងមនុស្សល្អ ហើយការក្រោកឈរតតាំងដោយភាពរឹងមាំរបស់ Karaarslan នឹងជាគំរូសម្រាប់ស្ត្រីជាច្រើនផ្សេងទៀត ដែលកំពុងរងគ្រោះដោយសាររឿងស្រដៀងគ្នានេះ។

ដោយឡែក លោក លោក Orhan Erdemir បាននិយាយថា វីដេអូបែកធ្លាយនេះត្រូវបានផ្សព្វផ្សាយដោយគ្មានការអនុញ្ញាតពីគាត់ ហើយលោកបានសារភាពថា អាជីពរបស់លោកបានចប់ហើយ។ កាសែត The Sun បានដកស្រង់សម្ដីរបស់លោក Erdemir ថា «កិត្តិយសរបស់ខ្ញុំ ក្រុមគ្រួសាររបស់ខ្ញុំ រង្វង់សង្គមរបស់ខ្ញុំ និងសហគមន៍អាជ្ញាកណ្តាលត្រូវបានបំផ្លាញចោលទាំងស្រុង។ បន្ថែមពីលើការខាតបង់ផ្នែកហិរញ្ញវត្ថុរបស់ខ្ញុំ ការខូចខាតផ្លូវចិត្តដែលខ្ញុំបានទទួលរងគឺមិនអាចពិពណ៌នាបាននោះទេ»។

លោក Orhan Erdemir ធ្លាប់ជាអាជ្ញាកណ្តាលរបស់ FIFA ចន្លោះឆ្នាំ ១៩៩៩ ដល់ឆ្នាំ ២០០២។ លោកក៏ធ្លាប់ជាអាជ្ញាកណ្តាលកាត់សេចក្តីការប្រកួតនៅក្នុងលីគកំពូលតួកគី Super Lig ផងដែរ មុនពេលក្លាយជាអ្នកសង្កេតការណ៍របស់អាជ្ញាកណ្តាល៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ