បើទោះជាអ្នកអស់ទ្រព្យសម្បត្តិ ឬអស់អ្វីៗពីខ្លួនរលីងក៏ដោយ ក៏អស់ទៅចុះ តែសូមកុំអស់សង្ឃឹមឡើយ ព្រោះយ៉ាងហោចណាស់ក៏អ្នកនៅមានថ្ងៃនេះនិងថ្ងៃស្អែកសម្រាប់សាងវាសនារបស់អ្នកឱ្យភ្លឺស្វាងបាន ។
មើលចុះមនុស្សដែលធ្លាប់បរាជ័យ ធ្លាប់ដួល ធ្លាប់ត្រូវគេបដិសេធរាប់មិនអស់ ប៉ុន្តែដោយសារគេមិនអស់សង្ឃឹមហ្នឹងហើយទើបគេខំតស៊ូរហូតបានផ្លៃផ្កានៃជីវិតរបស់គេ ។
ក្ដីសង្ឃឹមជាកម្លាំងជំរុញមនុស្សមិនឲ្យងាយនឹងបោះបង់ មិនងាយនឹងរត់ចោលការលំបាកនោះឡើយ ទោះបីការងារនោះយើងត្រូវធ្វើតែម្នាក់ឯងឬត្រូវអ្នកដទៃជេរស្ដីថា យើងជាមនុស្សឆ្កូតក៏ដោយ ។ ក្ដីសង្ឃឹមគ្មានរូប គ្មានរាង គ្មានរសជាតិនោះទេ ប៉ុន្តែវាអាចធ្វើឲ្យកាយមិនងាយហត់ ចិត្តមិនងាយនឿយណាយបាន ។
មនុស្សដែលចេះរស់នៅជាមួយនឹងក្ដីសង្ឃឹមរមែងនៅតែអាចរក្សាស្នាមញញឹមបាន ទោះបីបញ្ហាដែលគេកំពុងដោះស្រាយនោះធំ ឬពិបាករកដំណោះស្រាយក៏ដោយ ក៏នៅតែអាចទៅរួច ៕ សាន សារិន
ចែករំលែកព័តមាននេះ