ខេត្តក្រចេះ ៖ ជំនាញការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៦ សហការជាមួយមន្ត្រីគយ និងរដ្ឋាករខេត្តក្រចេះ មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមន្ត្រីកងរាជអាវុធហត្ថខេត្តក្រចេះ ដោយមានការសម្រកសម្រួលពីព្រះរាជអាជ្ញាខេត្តក្រចេះ កាលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២កន្លងទៅ បានចុះបង្ក្រាបបានរថយន្តអត់ពន្ធបានចំនួន០៦គ្រឿងនៅខេត្តក្រចេះ ។
យោងតាមអនុសាសន៍របស់លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លើករណីផុតសុពលភាពនៃការបន្ធូរបន្ថយប្រាក់ពន្ធនាំចូល១០% ចំពោះរថយន្តចង្កូតឆ្វេង ដែលមានស្រាប់នៅក្នុងស្រុក និងដោយមានការចង្អុលបង្ហាញពី លោកអគ្គនាយករង និងជាប្រធាននាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើសកន្លងទៅ ។
រថយន្តស៊េរីទំនើបអត់ពន្ធទាំង៦គ្រឿង ដែលជំនាញបង្ក្រាបបានរួមមាន ៖ ១ ៖ រថយន្តម៉ាក Lexus 570 ចង្កូតឆ្វេង ពណ៌ស ផលិតឆ្នាំ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 2BA-4030 ។ ២៖ រថយន្តម៉ាក Lexus Rx 350 ចង្កូតឆ្វេង ពណ៌ស ផលិតឆ្នាំ២០១១ ពាក់ស្លាកលេខ ភ្នំពេញ 2BA-8255 ។ ៣៖ រថយន្តម៉ាក Lexus Rx 350 ចង្កូតឆ្វេង ពណ៌ស ផលិតឆ្នាំ២០១២ ពាក់ស្លាកលេខ ភ្នំពេញ 2AM-2848 ។ ៤៖ រថយន្តម៉ាក TUNDRA ចង្កូតឆ្វេង ពណ៌ស ផលិតឆ្នាំ២០១៤ ពាក់ស្លាកលេខ ក្រចេះ 2C-7707។ ៥៖ រថយន្តម៉ាក Lexus Rx 400H ចង្កូតឆ្វេង ពណ៌ស ផលិតឆ្នាំ២០០៦ ពាក់ស្លាកលេខ ភ្នំពេញ 2AI-1501។ ៦៖ រថយន្តម៉ាក Lexus HS 250H ចង្កូតឆ្វេង ពណ៌ទឹកប្រាក់ ផលិតឆ្នាំ២០១០ ពាក់ស្លាកលេខ ខម2-2812។
បច្ចុប្បន្ន រថយន្តទាំងអស់បាននាំយកមករក្សាទុកជាបណ្តោះអាសន្ន នៅទីតាំងឈរជើង របស់គយការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធ តំបន់៦ពញាក្រែក ដើម្បីធ្វើកំណត់ហេតុល្មើសច្បាប់គយ ទៅតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ