ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របរ​ជួសជុល​រថយន្ត​ចល័ត​អាច​រក​ចំណូល​ពី ​១០០០ ​ទៅ ​២០០០​ ដុល្លារ​ក្នុង​មួយ​ខែ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ជាមួយ​ម៉ូតូ​ដែល​មាន​ធុង​ដាក់​សម្ភារសម្រាប់​ជួសជុល​រថយន្តដឹក​ពីក្រោយ លោក ម៉េ​ង សាន បាន​ធ្វើ​ដំណើរ​ទៅ​រក​កន្លែង​ដែល​រថយន្ត​ខូច ដែល​ម្ចាស់​គេ​បាន​ទូរស័ព្ទ​ហៅ​លោកឱ្យទៅ​ជួសជុល ខុស​ពី​ជាង​ជួសជុល​រថយន្ត​ផ្សេង ដែល​គេ​មាន​យានដ្ឋាន…

រាជធានីភ្នំពេញ ៖ ជាមួយ​ម៉ូតូ​ដែល​មាន​ធុង​ដាក់​សម្ភារសម្រាប់​ជួសជុល​រថយន្តដឹក​ពីក្រោយ លោក ម៉េ​ង សាន បាន​ធ្វើ​ដំណើរ​ទៅ​រក​កន្លែង​ដែល​រថយន្ត​ខូច ដែល​ម្ចាស់​គេ​បាន​ទូរស័ព្ទ​ហៅ​លោកឱ្យទៅ​ជួសជុល ខុស​ពី​ជាង​ជួសជុល​រថយន្ត​ផ្សេង ដែល​គេ​មាន​យានដ្ឋាន ​ឬ​រោង​ជាង​ជួសជុល​នៅ​មួយ​កន្លែង ​។ មិន​ថា​ នៅ​កន្លែង​ណា​ឱ្យតែ​លោក​អាច​ទៅ​បាន មាន​ពេលទំនេរ​អាច​ទៅ​ជួស​បាន ​គឺ​ទៅ​ជួសជុលឱ្យអតិ​ថ​ជន​មិនឱ្យខកបំណង​ឡើយ ​។

ជាមួយ​សេវាកម្ម​ល្អ ការ​ជួសជុល​ប្រកបដោយ​គុណភាព លោក ​ម៉េ​ង សាន ទទួល​បានការ​គាំទ្រ​ពី​អតិ​ថ​ជន​ជា​និច្ច ពិសេស​នៅ​ពេល​ដែល​បណ្តាញ​ទំនាក់ទំនង​សង្គម Facebook ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​ដូច​ពេល​បច្ចុប្បន្ន​នេះ​សេវាកម្ម​ដែល​ជាងរថយន្ត​ជា​ច្រើន​មិនសូវ​អនុវត្ត​នេះ បានឱ្យលោក ម៉េ​ង សាន កាក់កប​នៅ​ក្នុង​ការ​ជួសជុល​រថយន្ត​ចល័ត​នេះ​ ។ តាម​ពិត​ទៅលោក សាន ដែល​មាន​វ័យ​ជាង ​៥០ ​ឆ្នាំ​ គាត់​បាន​ប្រកប​របរ​នេះប្រមាណ​ជាង​ ២០​ ឆ្នាំ​មក​ហើយ​ ។

«រយៈ​ពេល​ជាង ​២០ ​ឆ្នាំ​មក​ហើយ​ដែល​ខ្ញុំ​បាន​ចាប់​យកមុខ​របរ​ជាង​ជួសជុលរថយន្ត​ចល័តនេះ ក្រោយ​ពី​ខ្ញុំ​បាន​រៀន​ជំនាញ​នេះ​នៅ​ម្តុំ​ផ្សារ​តូច​ខាងជើង​ស្ពាន​ជ្រោយចង្វា​ ។ ​ជា​ទូទៅ​ខ្ញុំ​ជួសជុល​គ្រឿង​ក្រោម​រថយន្ត​ខូច​មិន​ទៅ​មុខ ​។ ប៉ុន្តែ​បើ​ប្រភេទរថយន្តសាំ​យ៉ុ​ង ​វិញ​មិន​ថា ​គ្រឿង​ក្រោម ​ឬ​គ្រឿង​លើ​នោះ​ទេ គឺ​ធ្វើ​បាន​ទាំងអស់ ​។ ដោយសារ​យើង​មាន​ជំនាញ​ច្បាស់លាស់ ជួសជុល​ហើយ​គេ​អាច​ប្រើប្រាស់​បាន​យូរ​​ ហើយ​តម្លៃ​វិញ​សមរម្យ មិន​ថ្លៃ​ពេក បាន​ធ្វើ​ឱ្យម្ចាស់​ឡាន​ទទួលស្គាល់​ហើយ​ពេល​ខូច​ម្តង​ៗ​គេ​ទូរស័ព្ទ​ហៅ​ឱ្យទៅ​ធ្វើឱ្យគេ​ជា​និច្ច​» លោក ម៉េ​ង សាន រៀបរាប់ឱ្យ​ដឹង ​។

លោក ​ម៉េ​ង សាន មានស្រុក​កំណើត​នៅ​ស្រុក​អូ​រាំង​ឪ ខេត្តកំពង់ចាម បច្ចុប្បន្ន​ស្នាក់​នៅ​សហគមន៍​បឹង​ទំពុន ​។​លោក​មានកូន​ប្រុស​ស្រី ​៣​ នាក់​នៅ​ក្នុង​បន្ទុក ​។ លោក​បានឱ្យដឹង​ថា ​ក្នុង​មួយ​ថ្ងៃ​ៗ​មិន​ដែល​ថា ​អត់​រថយន្ត​ជួសជុល​នោះ​ទេ យ៉ាង​ហោច​ណាស់​មាន​រថយន្ត​ពី​ ៤ ​ទៅ ​៥​ គ្រឿន​ខូច​ហៅ​លោក​ទៅ​ជួសជុល ​។

ជា​មធ្យម​ក្នុង​មួយ​ថ្ងៃ​លោក​អាច​រក​ចំណូល​បា ​៦០ ​ទៅ ​៧០​ ដុល្លារ​ ។ ដោយ​មិន​លាក់លៀម​លោក​និយាយ​ថា ​ក្នុង​មួយ​ខែ​លោក​អាច​រក​ចំណូល​ពី ​១០០០​ ទៅ ​២០០០​ ដុល្លារ​ ។ «មុខរបរ​ជួសជុល​រថយន្ត​ចល័តនេះ​ទាមទារឱ្យ​មាន​ភាព​អំណត់​ជា​ខ្លាំង ដោយសារ​ពេល​ចេញ​ទៅ​ជួសជុល​រថយន្តឱ្យគេ យើង​ជួប​ឧបសគ្គ​ជា​ច្រើន ជួនកាល​ផ្លូវ​ឆ្ងាយ ជូន​កាល​នៅ​កន្លែង​ជួសជុល​នោះ​យើង​ខ្វះ​នេះ​ខ្វះ​នោះ មិន​ដូច​ការ​ដែល​យើង​មាន​កន្លែង​ជួសជុល​ផ្ទាល់​ឡើយ​» ។

ជា​រៀងរាល់ថ្ងៃ​លោក ម៉េ​ង សាន តែងតែ​ចេញពីផ្ទះ​នៅ​ម៉ោង ​៥ ​ព្រឹក​ ។ ជា​ទូទៅ​លោក​ចេញ​ទៅ​ជួសជុល​រថយន្តឱ្យ​គេ​នៅ​ជុំវិញ​ក្រុងភ្នំពេញ​ ។ ដោយសារ​តែ​មុខរបរ​ជួសជុល​រថយន្ត​ចល័ត​នេះ​បាន​ធ្វើ​ឱ្យគ្រួសារ​លោក​មាន​ជីវភាព​សមរម្យ​ ។ ចំណែក​កូនប្រុស ស្រី​ទាំង​បី​នាក់​បាន​រៀនសូត្រ​ខ្ពង់ខ្ពស់ និង​មានមុខ​របរ​ត្រឹមត្រូវ​ចិញ្ចឹមជីវិត​ផង​ដែរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ