រាជធានីភ្នំពេញ ៖ មិនថាតែផលិតផលគ្រឿងសង្ហារិមរបស់ក្រុមហ៊ុន IKEA ពីប្រទេសស៊ុយអ៊ែតនោះទេ ។ កម្ពុជាបាននិងកំពុងទាក់ទាញក្រុមហ៊ុនខ្នាតយក្សមកពីប្រទេសជឿនលឿនដែលមានម៉ាកយីហោល្បីៗទាំងអាស៊ី និងអឺរ៉ុបឱ្យមករកស៊ីនៅស្រុកខ្មែរ ។ មានដំណឹងថា ក្រុមហ៊ុនគ្រឿងសង្ហារិម IKEA នឹងវត្តមាននៅលើទីផ្សារកម្ពុជានៅក្នុងចុងខែកុម្ភៈ ឆ្នាំ ២០២២ នេះ ប៉ុន្តែមន្ត្រីថា មិនទាន់បានដឹងពីព័ត៌មាននេះនោះទេ ។
លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួពាណិជ្ជកម្ម បានឱ្យដឹងថា ក្នុងនាមពលរដ្ឋខ្មែរម្នាក់លោកកំពុងរង់ចាំប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុន IKEA នេះដែរ ។ លោកថា គ្រឿងសង្ហារិមរបស់ក្រុមហ៊ុនល្បីឈ្មោះលើលោកនេះទំនើប ស្រាលងាយស្រួលលើកដាក់ សមស្របតាមការរីកចម្រើន និងការអភិវឌ្ឍន៍វិស័យសំណង់នៅកម្ពុជា ពិសេសសម្រាប់អគារបែបខុនដូ ។
ទោះយ៉ាងណាមន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មខាងលើ ថា លោកពុំទាន់ដឹងថា ផលិតផល IKEA នឹងមានវត្តមាននៅលើទីផ្សារកម្ពុជានោះទេ ។ «ក្រៅពីផ្តល់នូវភាពងាយស្រួលក្នុងការប្រើប្រាស់ វត្តមានក្រុមហ៊ុន IKEA នឹងបង្ហាញពីបរិយាកាសវិនិយោគល្អរបស់ប្រទេសយើង ជាសញ្ញាកាន់តែល្អសម្រាប់ការវិនិយោគបរទេស ។ យើងទាំងអស់គ្នាកំពុងរង់ចាំ និងបានប្រឹងប្រែងទាក់ទាញការវិនិយោគពីបរទេសឱ្យបានច្រើនឡើង» នេះជាការបញ្ជាក់របស់មន្ត្រី ។
សម្រាប់លោក ប៉ែន សុវិជាតិ នៅពេលមានវត្តមាននៅកម្ពុជាក្រុមហ៊ុន IKEA អាចនឹងធ្វើការច្នៃផលឈើដាំនៅក្នុងស្រុកដែលកម្ពុជាកំពុងវិនិយោគបានផងដែរ ។
គេនៅចាំបានថា រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានស្នើដល់លោកឯកអគ្គរាជទូតប្រទេសស៊ុយអែត នៅភ្នំពេញ ក្នុងការជំរុញក្រុមហ៊ុនគ្រឿងសង្ហារិមល្បីលើពិភពលោក IKEA មកវិនិយោគនៅកម្ពុជាកាលពីអំឡុងខែមិថុនា ឆ្នាំ ២០២១ ។
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ថា វត្តមានរបស់ក្រុម IKEA នៅកម្ពុជាពិតជាចំពេលដែលពលរដ្ឋខ្មែរមានតម្រូវការគ្រឿងសំណង់ ។ លោកថា នេះជាឱកាសល្អក្នុងការវិនិយោគ ។
បើតាមប្រភពពីសភាពាណិជ្ជាកម្ម ស្ថាប័ននេះបានកំពុងធ្វើការជាមួយរាជរដ្ឋាភិបាលនៅក្នុងការទាក់ទាញអ្នកវិនិយោគបរទេសឱ្យមកបណ្តាក់ទុននៅកម្ពុជា ឱ្យកាន់តែច្រើនឡើង ។ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ថា ប្រទេសជប៉ុន បណ្តាលប្រទេសនៅអឺរ៉ុប មានហុងគ្រី និងទួគី ជាដើមនោះ កម្ពុជាបានកំពុងធ្វើទំនាក់ទំនងក្នុងការបង្កើតឱកាសវិនិយោគ ។
លោកឧកញ៉ា លឹម ហេង ឱ្យដឹងថា ក្រៅពីមានច្បាប់វិនិយោគថ្មី កម្ពុជាបានកសាងបទដ្ឋានគតិយុត្តជាច្រើនដើម្បីទាក់ទាញអ្នកវិនិយោគបរទេស ដែលនៅក្នុងនោះមានយន្តការប្រើប្រាស់ប្រព័ន្ធពាណិជ្ជកម្មឌីជីថល កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងទ្វេភាគី និងពហុភាពជាច្រើន ដែលបានបង្កើតឡើង និងកំពុងចរចាបង្កើត ។
«វត្តមានក្រុមហ៊ុនល្បីៗលើលោក ពីប្រទេសជឿនលឿន ក្រៅពីផ្តល់ការងារ ផ្តល់កំណើនសេដ្ឋកិច្ច វាជាកិត្តិយសរបស់កម្ពុជាផងដែរ ដែលនឹងបង្ហាញឱ្យឃើញពីបរិយាកាសល្អ មានតម្លាភាព ទើបក្រុមហ៊ុនធំៗរកស៊ីជាបន្ទបន្ទាប់ដូច្នេះ» ។ នេះជាការបញ្ជាក់របស់លោក លឹម ហេង ។
ក្រុមហ៊ុន IKEA ដែលជាក្រុមហ៊ុនលក់រាយគ្រឿងសិង្ហារិម ធំជាងគេបំផុតនៅលើពិភពលោក និងជាក្រុមហ៊ុនផលិត ច្នៃប្រឌិត និងលក់គ្រឿងសង្ហារិម សម្ភារផ្ទះបាយ និងគ្រឿងប្រើប្រាស់ក្នុងគេហដ្ឋាន ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៤៣ នៅប្រទេសស៊ុយអែត ។ ក្រុមហ៊ុនមានសាខាផ្សារជាង ៤០០ សាខា នៅក្នុង ៤៩ ប្រទេស ហើយនៅអាស៊ីអាគ្នេយ៍ ផ្សារនេះមានវត្តមាននៅប្រទេសសិង្ហបុរី ម៉ាឡេស៊ី ថៃ និងវៀតណាមជាដើម ៕
ចែករំលែកព័តមាននេះ