ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របរបោចរោមសត្វ ៖ ចម្លែក តែរកលុយបាន

2 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ការ​បោច​សម្អាត​រោមសត្វ​មាន់​ និង​សត្វ​ទា សម្រាប់​ពិធីបុណ្យ​ទាន​ ឬ​មង្គលការ​ម្តង​ៗ ដែល​មាន​តម្រូវការ​សាច់​មាន់​ទា​ច្រើន​ក្បាល​នោះ ការ​សម្អាត​រោមសត្វ​ស្លាប​ទាំងនេះ មិនមែនងាយស្រួល​ប៉ុន្មាន​នោះ​ទេ​ ។…

ខេត្តតាកែវ ៖ ការ​បោច​សម្អាត​រោមសត្វ​មាន់​ និង​សត្វ​ទា សម្រាប់​ពិធីបុណ្យ​ទាន​ ឬ​មង្គលការ​ម្តង​ៗ ដែល​មាន​តម្រូវការ​សាច់​មាន់​ទា​ច្រើន​ក្បាល​នោះ ការ​សម្អាត​រោមសត្វ​ស្លាប​ទាំងនេះ មិនមែនងាយស្រួល​ប៉ុន្មាន​នោះ​ទេ​ ។ ដោយសារ​ពលរដ្ឋ​ជា​ច្រើន​ធុញ​ និង​ខ្វះ​មនុស្ស​ធ្វើ​កិច្ចការ​នេះ ទើប​មានរ​បរបោច​សម្អាត​រោម​មាន់​ និង​ទា ហើយ​អ្នក​ចាប់​របរ​នេះ​អះអាង​ថា កាក់កប​ទៀត​ផង ដូច​ជា​លោក រៀម រ៉ាត់ ជាដើម ​។

លោក ​រៀម រ៉ាត់ អាយុ​ ៤៥ ​ឆ្នាំ រស់នៅ​ភូមិ​ពង្រ ឃុំ​ខ្វាវ ស្រុក​ទ្រាំង ខេត្តតាកែវ​ ។ លោក និង​ភរិយា​ជា​អ្នករក​កម្រៃ​តាម​រយៈ​បោចរោម​មាន់ រោម​ទា ឱ្យ​គេ ​និង​និង​លក់​សាច់​មាន់​ទា​ក្នុងភូមិ​ផង ​។ បុរស​ដែល​មាន​មាឌធំ មាន​កម្លាំង​ខ្លាំង​រូប​នេះនិយាយ​ថា ​ពី​ដំបូង​ឡើយ​លោក​មាន​ការងារ​ជា​អ្នក​ដើរ​អារឈើ​ ប៉ុន្តែ​ការងារ​ដែល​ប្រើ​កម្លាំង​ខ្លាំង​នេះ​មិន​កាក់កប​សោះ ​។ ទោះ​លោក​ខំ​ដើរ​អារឈើ​ពី​កន្លែង​មូ​យ​ទៅ​កន្លែង​យ៉ាងណា​ក្តី តែបើ​ក្រឡេក​មើល​ជីវភាព​វិញ​ឃើញ​ថា​នៅ​តែ​លំបាក​ ។

នៅ​ឆ្នាំ ​២០១៥ លោក​ចាប់​របរ​បោចរោម​មាន់ ​និង​ទា​វិញ ។ ប្រកប​របរ​នេះ​ឃើញ​ថា ​ជីវភាព​បាន​ល្អ​ប្រសើរ​ ។ លោក​និង​ភរិយា​អាច​សន្សំ​លុយ​បាន​រហូត​សាងសង់​ផ្ទះ​រស់នៅ​សមរម្យ​នឹង​គេ ​។ លោក​ រៀម រ៉ាត់ បាន ឱ្យដឹង​ថា ​មុខរបរ​ស៊ីឈ្នួល​បោចរោម​មាន់​ទា​មាន​អតិ​ថ​ជន​មិន​ដាច់​ទេ ដែល​បាន​យក​សត្វ​មក​ឱ្យលោក​សម្អាត ​។ លោក​ថា ​ក្រៅពី​ការ​​សម្អាត​ឱ្យគេ លោក​បាន​ធ្វើ​មាន់​ទា ដើរ​លក់​ដោយ​ខ្លួនឯង​ទៀត​ផង​ ។

ពី​ដំបូង​លោក​សម្អាត​រោម​មាន់​ និង​ទា ដោយ​ដៃ​ និង​ក្រោយមក​លោក​បាន​ទិញ​ឧក​រណ៍​សម្អាត ដែល​ធ្វើ​ឱ្យការងារ​របស់​លោក​កាន់តែ​រហ័ស សេវា​កាន់តែ​ល្អ​សម្រាប់​អតិ​ថ​ជន ​។ ដោយ​ឈរ​លើ​គោលការណ៍​ច្បាស់លាស់​ក្នុង​ការ​សន្សំ​ក្នុង​មួយ​ថ្ងៃ​ឱ្យបាន ​៥ ​ម៉ឺន​រៀល ការ​ចាប់​របរ​សម្អាត​រោម​មាន់ រោម​ទា ​នេះ​ជិត ​១០ ​ឆ្នាំ​មកនេះ ធ្វើឱ្យ​លោក​មាន​លទ្ធភាព សង់ផ្ទះ​ឈើ​លើ ក្រោម​ថ្ម​ពីរ​ខ្នង​រស់នៅ​យ៉ាង​ស​រម្យ​ ។ «របរ​អ្វី​ក៏​អាច​រក​ចំណូល​បាន​ដែរ ឱ្យ​តែ​ជា​របរ​សុច្ចរិត មិន​បោកប្រាស់​គេ ​។ ជាមួយ​គ្នា​នេះ​យើង​ត្រូវ​ចេះ​សន្សំ​សំចៃ​ទៅ​ជីវភាព​នឹង​ប្រសើរ​ហើយ​» លោក​ រៀម រ៉ាត់ ដែល​កំពុង​រវល់​នឹង​ការងារ​ផងបាន​ឆ្លៀត​បញ្ជាក់​ដូច្នេះ​ ។

ទោះជា​យ៉ាងណា​លោក រៀម រា់ត់ និយាយ​ថា ​នៅ​ក្នុង​រយៈពេល​ជាង ​១០ ​ឆ្នាំ​មកនេះ លោក​ខិតខំ​តស៊ូ​ពីរ​នាក់​ប្តី​ប្រពន្ធ​ជា​ខ្លាំង ពិសេស​ការ​សន្សំ​សំចៃ ដោយ​លុយដែល​រកបាន​មិន​ហ៊ាន​ចាយវាយ​ផ្តេសផ្តាស​នោះ​ឡើយ ​។ លោ​កថា ​របរ​បោច រោម​មាន់​នេះ ស្តាប់​ទៅ​ងាយ​ស្រូល ​ប៉ុន្តែ​មិន​ស្រួល​ទេ ដើម្បី​ឱ្យបាន​សាច់​មាន់​ទាន់​កម្មវិធី​គេ ជា​រៀងរាល់ថ្ងៃ​លោក​ និង​ភរិយា​ត្រូវ​ក្រោក​ពី​ម៉ោង ​៣ ​ទាប​ភ្លឺ​ដើម្បី​ធ្វើ​ការងារ​នេះ​ ។ ក្រោក​ពី​ព្រលឹម​សម្អាត​មាន់​ទា​ឱ្យគេ រួច​ហើយ​លោក​សម្អាត​សត្វ​របស់​ខ្លួនឯង​ទៀត ពីព្រោះ​លោក​ត្រូវ​ដើរ​លក់​មាន់​ទា ចល័ត​តាម​ភូមិ​ទៀត​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ