លោក Honda បង្ហាញវត្តមាន ខណៈមានការរំពឹងខ្ពស់ថា ក្រុមកម្ពុជានឹងចូល១ភាគ៤ AFF ជាប្រវត្តិសាស្ត្រ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ អតីតកីឡាករជប៉ុន និងជាគ្រូបង្វឹក លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិ
រាជធានីភ្នំពេញ ៖ អតីតកីឡាករជប៉ុន និងជាគ្រូបង្វឹក លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិ
រាជធានីភ្នំពេញ ៖ អតីតកីឡាករជប៉ុន និងជាគ្រូបង្វឹក លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា នឹងមកដឹកនាំក្រុមជម្រើសជាតិអាយុក្រោម ២៣ឆ្នាំកម្ពុជា ក្នុងការប្រកួតបាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍អាយុក្រោម ២៣ឆ្នាំ AFF U23 Championship 2022 នៅកម្ពុជា ដែលនឹងចាប់ផ្ដើមការប្រកួតពីថ្ងៃទី១៤-២៦ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខ នេះនៅកម្ពុជា។ វត្តមានរបស់លោក ត្រូវគេមើលឃើញថា បង្ហាញខ្លួនស្របពេលដែលមានការព្យាករណ៍ថា ក្រុមកម្ពុជានឹងអាចឈានឡើងក្នុងវគ្គ១ភាគ៤ជាលើកដំបូង នៅក្នុងព្រឹត្តិការណ៍នេះ។
យោងតាមមន្ដ្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) បានឲ្យដឹងថា លោក Keisuke Honda នឹងមកដឹកនាំក្រុមគោព្រៃជំទង់កម្ពុជាផ្ទាល់ តែពេលនេះ លោកមិនទាន់ធ្វើដំណើរមកដល់កម្ពុជានោះទេ ។ ការប្រកាសអោយដឹងនេះគឺបន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញបញ្ជីឈ្មោះកីឡាករបឋមចំនួន ៧៤នាក់ សម្រាប់ធ្វើការប្រមូលផ្ដុំហ្វឹកហាត់ និងធ្វើតេស្ដដំណាក់កាលទី១ ដែលចាប់ផ្ដើមពីថ្ងៃទី០២-០៤ ខែកុម្ភៈ ហើយចម្រាញ់កីឡាករឆ្នើមៗ សម្រាប់ត្រៀមការប្រកួតពានរង្វាន់ AFF U23 Championship 2022 ។
សម្រាប់ព្រឹត្តិការណ៍ប្រចាំតំបន់នៅរាជធានីភ្នំពេញខាងលើ នឹងប្រើប្រាស់ទីលានប្រកួតចំនួន ២ គឺពហុកីឡដ្ឋានជាតិមរតកតេជោ និងកីឡដ្ឋានព្រីនស៍ រួមជាមួយទីលានហ្វឹកហាត់មួយចំនួនទៀត ។ ចំពោះលទ្ធផលបែងចែកពូល ក្រុមម្ចាស់ផ្ទះកម្ពុជា ស្ថិតក្នុងពូល A ជាមួយទីម័រខាងកើត ហ្វីលីពីន និងព្រុយណេ ។ រីឯពូល B មានឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងឡាវ ខណៈពូល C មានថៃ វៀតណាម និងសិង្ហបុរី។ មើលតាមក្រឡាអុកនេះ កម្ពុជាអាចចូល៤ក្រុមចុងក្រោយ ជាប្រវត្តិសាស្ត្រលើកដំបូង ដោយសារតែផ្អែកតាមរូបមន្ត និង សមត្ថភាព។
ផ្អែកតាមការព្យាករណ៍បានលើកឡើងថា ក្រោយការចែកពូល គេមើលឃើញថា ក្រុមគោព្រៃរបស់កម្ពុជា គឺពិតជាមានឆ្លងចូលវគ្គ១ភាគ៤ ជាលើកដំបូង ដោយសារតែសម្អាងថា ក្រុមដែលកម្ពុជាកំពុងឈរ គឺសុទ្ធតែជាក្រុមដែលកម្ពុជាអាចស៊ីបាន ហើយក្រុមកម្ពុជានៅក្នងពេលនេះក៏មានសមត្ថភាពជាងមុន។ អ្វីដែលគេហ៊ានព្យាករណ៍បែបនេះ ដោយសារតែ ក្រុមខ្លាំងៗ ដូចជា ថៃ វៀតណាម និង សិង្ហបុរី ត្រូវបានគេដាក់ក្នុងពូលតែមួយគឺពូល C ដែលមានន័យថា ក្នងចំណោមក្រុមខ្លាំងទាំង៣ គឺ២ក្រុមប្រឈមធ្លាក់ ហើយឱកាសរបស់ក្រុមម្ចាស់ផ្ទះ គឺកម្ពុជា នឹងកាត់បន្ថយឧបសគ្គ។
ផ្អែកតាមរូបមន្តដែលបានបង្ហាញគឺក្រុមដែលឈរលេខ១ ក្នុងពូលនីមួយៗ នឹងបានឡើងប្រកួតវគ្គ១ភាគ៤ ហើយក្រុមដែលឈរលេខ២ ក្នងពូលនីមួយៗ នឹងជ្រើសតែមួយក្រុមប៉ុណ្ណោះ ដើម្បីឡើងទៅប្រកួតក្នងវគ្គ៤ក្រុម ដែលមានន័យថា ក្រុមឈរលេខ២ក្នុងពូលនីមួយៗ ដាច់ខាតត្រូវតែមានគ្រាប់ច្រើនជាក្រុមលេខ២ផ្សេងទៀត ទើបមានអាទិភាព។
មានការព្យាករណ៍ថា រូបមន្តនេះ នឹងធ្វើអោយក្រុមកម្ពុជាមានឱកាសឡើងវគ្គចុងក្រោយ ដោយមិនពិបាក ដោយសារតែក្នុងពូលដែលកម្ពុជាឈរជើង គឺមិនពិបាកអោយក្រុមកម្ពុជាដណ្ដើមយកលេខ១នោះទេ ហើយបើមានឱកាសបានឈរលេខ១ ក្នុងពូល A គឺកម្ពុជា នឹងប៉ះក្រុមលេខ១ ពូលC ដែលរូបមន្តនេះ គឺទោះជាក្រុមកម្ពុជា បរាជ័យក្រោមដៃក្រុមលេខ១ ក្នុងពូល C ក៏ពិតជាមានឱកាសទទួលបានលេខ៣ ឬ លេខ៤ ជាប្រវត្តិសាស្ត្រនោះដែរ។
មានការព្យាករណ៍ថាកម្ពុជាមិនអាចភ្លាត់យកលេខ២ ក្នុងក្រុមបានទេ ព្រោះអាចប្រទាញប្រទង់គ្រាប់បាល់ នឹងក្រុមផ្សេង ដូច្នេះគឺកម្ពុជា ត្រូវតែយកលេខ១ ដើម្បីបន្តទៅកាន់វគ្គ១ភាគ៤ ហើយឧបសគ្គដ៏ធំរបស់ក្រុមកម្ពុជា ក្នងការកាន់ពាន គឺនៅតែពិបាក ដោយសារមួយក្រុមក្នុងចំណោមពូលC ដែលអាចជា ថៃ វៀតណាម ឬ សិង្ហបុរី នឹងត្រូវគេជឿថា នឹងឡើងដណ្ដើមយកតំណែងម្ចាស់ពាន។
ការប្រកួតបាល់ទាត់ជើងឯកតំបន់អាស៊ីអាគ្នេយ៍ អាយុក្រោម២៣ឆ្នាំ២០២២ ឬ ការប្រកួត AFF U23 2022 នេះ បានសម្រេចធ្វើឡើងនៅក្នុងពហុកីឡាដ្ឋានជាតិមរតកតេជោ ដោយគេជឿថា ទាំងកម្លាំងចិត្ត និង បរិយាកាសក៏អំណោយផលដល់ក្រុមកម្ពុជា ជាម្ចាស់ផ្ទះ ខុសពីការប្រកួតក្នុងព្រឹត្តិការណ៍នេះ នាពេលកន្លងមកផងដែរ។
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានប្រកាសកាលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ថា កម្ពុជាបានទទួលសិទ្ធិធ្វើម្ចាស់ផ្ទះ ការប្រកួតបាល់ទាត់ជើងឯកតំបន់អាស៊ីអាគ្នេយ៍អាយុក្រោម២៣ឆ្នាំ (AFF U23 Championship 2022) ដែលគ្រោងប្រកួតចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ ជាផ្លូវការហើយ នៅពហុកីឡដ្ឋានជាតិមរតកតេជោ និងកីឡដ្ឋានព្រីនស៍នៃក្លិបបាល់ទាត់វិសាខា។
អ្នកគាំទ្រវិស័យកីឡាបាល់ទាត់កម្ពុជា បានសម្តែងការអបអរសាទរចំពោះការទទួលធ្វើម្ចាស់ផ្ទះ AFF U23 Championship 2022 នៅពហុកីឡដ្ឋានជាតិមរតកតេជោ ហើយក៏កាន់តែសម្ដែងការគាំទ្រ បន្ទាប់ពីការចែកពូលត្រូវបានប្រកាសឡើង ដែលធ្វើអោយគេមើលឃើញដោយមិនពិបាកថា កម្ពុជាអាចឈរលេខ១ក្នុងពូល ហើយបានឆ្លងចូលវគ្គ១ភាគ៤។ អ្នកតាមដានពីតារាងបរកួតនេះ រំពឹងថាបើកម្ពុជា មានឱកាសឆ្លងផុតវគ្គខ្វែងពូលជាមួយពូល C គឺពិតជាមានឱកាសកាន់ពាននោះផង ដោយសារតែអ្នកឈ្នះខ្វែងពូលម្ខាងទៀត អាចមិនមែនជាក្រុមដែលខ្លាំងដូចក្រុមយក្សៗ នៅក្នុងពូល C នោះឡើយ គឺលើកលែងតែក្រុមនោះ ជាក្រុមមួយក្នុងចំណោមក្រុមមកពីពូល C។
ប្រសិនបើការព្យាករណ៍ ដែលបានលើកឡើង ត្រូវតាមការពិត គឺច្បាស់ណាស់ថា នេះនឹងក្លាយជាព្រឹត្តិការណ៍កីឡាបាល់ទាត់ កម្រិតជើងឯកអាស៊ីអាគ្នេយ៍ថ្មីមួយ ដែលក្រុមកម្ពុជាអាចូលវគ្គ៤ក្រុម ហើយជាព្រឹត្តិការណ៍ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដែលផ្ដល់មុខមាត់ដ៏ធំសម្រាប់ប្រជាជាតិកម្ពុជា លើឆាកអន្តរជាតិ៕
ចែករំលែកព័តមាននេះ