ប្រទេសរុស្សុី-អ៊ុយក្រែន ៖ កងទ័ពរុស្សុី កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ បានបើកធ្វើសមយុទ្ធយោធាថ្មីមួយនៅក្បែរព្រំដែន ជាមួយអ៊ុយក្រែន និងនៅតំបន់គ្រីមេ ដែលសមយុទ្ធនោះចូលរួមដោយទាហានប្រមាណជា៦.០០០នាក់ បណ្ដាយន្តហោះប្រដេញ និងទម្លាក់គ្រាប់បែក។
នោះជាសមយុទ្ធយោធាអន្តរកងទ័ពដែលមានទាំងកងទ័ពជើងគោក ជើងអាកាសនិងជើងទឹក។ មេបញ្ជាការកងទ័ពរុស្សុីសម្រាប់ភាគខាងត្បូងប្រទេស ឧត្ដមសេនីយអាឡិចសាន់ដ្រ៍ឌីវ័រនីកូវនិយាយថា នោះជាប្រតិបត្តិការអន្តរកងទ័ពមួយ ចូលរួមជាពិសេសដោយកងទ័ពអាកាសនិងកងការពារអាកាស កងនាវាចម្បាំងនៃកងនាវាចរណ៍សមុទ្រខ្មៅនិងសមុទ្រកាស្ពីយែន។
ទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS រាយការណ៍ថា សមយុទ្ធចូលរួមដោយយន្តហោះប្រដេញនិងយន្តហោះទម្លាក់គ្រាប់បែក ប្រមាណ៦០គ្រឿងមកពីតំបន់៤ ពិសេសឧបទ្វីបគ្រីមេដែលរុស្សុីបញ្ចូលក្នុងដែនដីខ្លួន កាលពីឆ្នាំ២០១៤ ជាការសងសឹកនឹងបដិវត្តន៍ស្និទ្ធលោកខាងលិចនៅអ៊ុយក្រែន។ សមយុទ្ធនេះពិសេសជាការសម្របសម្រួលគ្នានៃសកម្មភាព របស់កងម៉ារីននិងរបស់កងកម្លាំងអាកាស ក្នុងពេលមានការបាញ់បណ្ដាមីស៊ីល។
សមយុទ្ធយោធាទ្រង់ទ្រាយធំនោះធ្វើឡើង ប៉ុន្មានម៉ោង បន្ទាប់ពីវិមានក្រឹមឡាំងបរិហារការប្រកាសអាសន្ន របស់ទាហានអាមេរិកច្រើនពាន់នាក់ មកពីវិបត្តិរុស្សុី-ពួកលោកខាងលិចលើរឿងអ៊ុយក្រែន។
ជាថ្មីម្ដងទៀតប្រធានាធិបតីអាមេរិក លោកចូបៃដិន ថ្លែងនាថ្ងៃទី២៥ ខែមករាថា លោកពុំមានបំណងបញ្ជូនកងទាហានអាមេរិកឬអូតង់ទៅអ៊ុយក្រែនឡើយ។ ទោះបីយ៉ាងណាក្រុងវ៉ាស៊ិនតោនសន្យាឆ្លើយតបវិញម៉ឺងម៉ាត់បំផុត ចំពោះបេឡារុស ប្រសិនបើប្រទេសនេះជួយរុស្សុីក្នុងការលុកលុយអ៊ុយក្រែន។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោកNED PRICEថ្លែងនៅមុខសារព័ត៌មានថា រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ យើងនិយាយយ៉ាងច្បាស់ទៅកាន់រុស្សុីដែរថា រុស្សុីនឹងត្រូវបង់តម្លៃយ៉ាងខ្ពស់ចំពោះការលុកលុយអ៊ុយក្រែន ហើយក៏និយាយច្បាស់ដែរថា ប្រសិនបើបេឡារុសឲ្យរុស្សុីប្រើដែនដីខ្លួន ដើម្បីវាយប្រហារអ៊ុយក្រែន នោះខ្លួននឹងរងការតបតវិញយ៉ាងរហ័សនិងម៉ឺងម៉ាត់ ពីសំណាក់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត។
ចំណែកប្រធានាធិបតីបារាំងលោកអេមម៉ានុយអែលម៉ាក្រុងវិញអះអាងថា បារាំងនិងពួកលោកខាងលិចនឹងរួមដៃគ្នា ក្នុងការតបតវិញក្នុងករណីរុស្សុីវាយលុកលុយអ៊ុយក្រែន៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ