រាជធានីភ្នំពេញ ៖ អ្នកចិញ្ចឹមត្រីប្រានៅកម្ពុជាកំពុងរង់ចាំដំណឹងពីប្រទេសចិន ថានៅពេលណាអាចអនុញ្ញាតឱ្យត្រីប្រាខ្មែរចូលប្រទេសខ្លួន និងថា ចិនព្រមទិញក្នុងតម្លៃណា ។ លោក សុខ រ៉ាដែន ប្រធានសមាគមវារីវប្បករកម្ពុជាបានមានប្រសាសន៍ថា វិស័យវារីវប្បកម្មកម្ពុជានឹងមានកំណើនឡើងវិញប្រសិនជាត្រីប្រាបាននាំចេញទៅប្រទេសចិននៅក្នុងឆ្នាំ ២០២២ នេះ ។
លោកថា ប្រសិនជាអាចនាំត្រីប្រាទៅចិនមែននោះ ជាឱកាសដ៏ល្អសម្រាប់អ្នកចិញ្ចឹមត្រីប្រានៅក្នុងការបង្កើនផលិតភាពចិញ្ចឹមត្រីសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញដែលនឹងអាចលើកកម្ពស់ជីវភាពពួកគេបានមួយកម្រិតទៀត ។ តាមប្រធានសមាគមចិញ្ចឹមត្រីថា អ្នកចិញ្ចឹមត្រីជាច្រើនកំពុងរង់ចាំមើលថា ភាគីចិនយល់ព្រមឱ្យត្រីប្រារបស់កម្ពុជាចូលទីផ្សាររបស់ខ្លួននោះនៅពេលណា ។ ជាពិសេសពួកគេបានរង់ចាំមើលថា ភាគីចិននឹងផ្ដល់តម្លៃប៉ុន្មានដែរ ។ «អ្នកចិញ្ចឹមយើងមិនទាមទារតម្លៃខ្ពស់ទេធ្វើយ៉ាងណាឱ្យតែមានទីផ្សារ និងចំណេញតិចតួច អាចដំណើរចិញ្ចឹមទៅមុខទៀតបានយើងយល់ព្រមក្នុងការផ្គត់ផ្គង់តម្រូវការ» ។
កាលពីថ្ងៃទី ៦ ធ្នូ ២០២១ លោក វ៉ាង វិនធាន អគ្គឯករដ្ឋទូតចិនប្រចាំកម្ពុជា បានថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ ១១ និងផ្លូវក្នុងក្រុងព្រៃវែង ថា ភាគីចិនបានសម្រេចចិត្តក្នុងសិក្សា និងវិភាគហានិភ័យលើផ្លែមៀន និងត្រីប្រារបស់កម្ពុជា តាមរយៈវីដេអូពីចម្ងាយដែលជាវិធានការសំខាន់មួយ ដើម្បីអនុវត្តកុងសង់ស៊ីស ។
មកដល់ពេលនេះ រដ្ឋបាលគយប្រទេសចិន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា បានរៀបចំកិច្ចប្រជុំវាយតម្លៃ តាមរយៈវីដេអូទៅលើភូតគាមអនាម័យត្រីប្រាកម្ពុជា ដែលត្រូវនាំចេញទៅកាន់ទីផ្សារចិននេះ ចំនួនពីរលើកហើយ ។ កិច្ចប្រជុំការវាយតម្លៃលើកទី ២ នឹងបញ្ចប់នៅថ្ងៃទី ២៨ មករា ឆ្នាំ ២០២២ ខាងមុខនេះ ។ ស្ថានទូតចិនប្រចាំកម្ពុជា បានបញ្ជាក់ថា កិច្ចប្រជុំនេះ គឺជាវិធានការសំខាន់មួយទៀត សម្រាប់ភាគីទាំងពីរអនុវត្តគោលការណ៍កុងសុងស៊ីសរបស់ថ្នាក់ដឹកនាំ ក្នុងការពន្លឿននាំចេញកសិផលកម្ពុជាទៅកាន់ប្រទេសចិន ។
ក្នុងពេលពេលកំពុងរង់ចាំទីផ្សារប្រទេសចិន អ្នកចិញ្ចឹមត្រីនិយាយថា ពួកគេបានកំពុងជូបបញ្ហាខ្វះទឹកតាមស្រះចិញ្ចឹមត្រី ដោយសារការប្រែប្រូលអាកាសធាតុ ។ ម្យ៉ាងទៀតពួកគេនៅតែទទួចសូមឱ្យរដ្ឋាភិបាលជួយទប់ស្កាត់ការនាំចូលត្រីពីប្រទេសជិតខាងក្នុងបរិមាណច្រើនលើសលប់នៅរៀងរាល់ថ្ងៃនេះឱ្យមានប្រសិទ្ធភាពផង ៕ ណែត និង សារ៉ាយ
ចែករំលែកព័តមាននេះ