រាជធានីភ្នំពេញ ៖ មានហេតុផលជាច្រើនដែលកុមារត្រូវឈ្លោះ ឬវាយគ្នា ។ វាជាការលំបាកសម្រាប់ឪពុកម្តាយ និងអ្នកថែទាំដើម្បីដោះស្រាយជម្លោះបែបនេះដោយមិនលម្អៀង ។ អ្នកត្រូវប្រយ័ត្នខ្លាំងចំពោះពាក្យសម្តី និងសកម្មភាពរបស់អ្នកក្នុងស្ថានភាពបែបនេះ ។ អ្នកអាចសាកល្បងវិធីមួយ ឬច្រើនទាំងនេះ អាស្រ័យលើស្ថានភាព និងការឈ្លោះរបស់កូនអ្នក ៖
១. ត្រូវមានយុត្តិធម៌ ៖ កុំប្រញាប់ស្វែងរកនរណាខុស និងនរណាត្រូវ ព្រោះវានឹងធ្វើឱ្យកូនមានអារម្មណ៍នៃការជ្រើសរើសអ្នកឈ្នះ ហើយវានឹងបន្សល់ទុកនូវអារម្មណ៍ភាពមិនស្មើគ្នា និងការអាក់អន់ចិត្តនៅក្នុងចិត្តរបស់កុមារ ហើយបង្កើតជាមូលដ្ឋានគ្រឹះសម្រាប់ការឈ្លោះជាបន្តបន្ទាប់ ។ ផ្ទុយទៅវិញ ចូរផ្តោតលើការដោះស្រាយបញ្ហាដែលកើតមាន ហើយផ្តល់ការពិន័យស្មើៗគ្នា ឬការដាក់ទណ្ឌកម្ម ។ គោលបំណងរបស់អ្នកគួរតែជាការសម្រុះសម្រួលដោយយុត្តិធម៌ ឧទាហរណ៍ យកប្រដាប់ប្រដាក្មេងលេងដែលក្មេងចាប់ផ្តើមឈ្លោះគ្នា ឬដណ្តើមគ្នា ហើយប្រគល់វាឱ្យពួកគេវិញ លុះត្រាតែពួកគេមានដំណោះស្រាយ ឬលែងឈ្លោះគ្នា ។
២. បំបែកកុមារ ៖ ការបំបែកកុមារដែលឈ្លោះគ្នាអាចផ្តល់ពេលឱ្យពួកគេស្ងប់ចិត្ត និងគ្រប់គ្រងកំហឹងរបស់ពួកគេ ។ អ្នកអាចបំបែកកុមារដោយបញ្ជូនម្នាក់ៗទៅបន្ទប់ដាច់ដោយឡែក ឬជ្រុងផ្សេងៗនៃបន្ទប់ ។ កុំបណ្តោយឱ្យពួកគេលេងជាមួយគ្នារហូតដល់ពួកគេត្រៀមខ្លួនជាមិត្តម្តងទៀត ។ ពេលវេលាបែកគ្នាអាចធ្វើឱ្យកូនៗកែសម្រួលចំណងរបស់ពួកគេ និងរៀនចែករំលែករឿងដោយស្និទ្ធស្នាល ។
៣. សរសើរអាកប្បកិរិយាវិជ្ជមាន ៖ រាល់ពេលដែលអ្នកឃើញកូនរបស់អ្នកលេងជាមួយគ្នាដោយសន្តិភាព និងរីករាយ ចូរសរសើរពួកគេ ។ សូមចងចាំថា កុមារធ្វើម្តងទៀតនូវសកម្មភាពដែលទទួលបានការសរសើរ និងរង្វាន់ច្រើនបំផុតពីឪពុកម្តាយរបស់ពួកគេ ។
៤. បង្រៀនឱ្យកូនចេះគោរពអ្នកដទៃ ៖ បង្រៀនកូនឱ្យស្តាប់ និងគោរពអ្នកដទៃ និងយល់ពីទស្សនៈរបស់ពួកគេ ។ សួរពួកគេថា តើពួកគេនឹងធ្វើអ្វីក្នុងស្ថានភាពដូចគ្នា ធ្វើឱ្យពួកគេដឹងថា កូនម្នាក់ទៀតក៏មានចំណុច ឬជម្រើសត្រឹមត្រូវផងដែរ ។ នេះមិនមានន័យថា បង្រៀនកូនរបស់អ្នកឱ្យសម្របសម្រួលរាល់ពេលនោះទេ ។ បង្រៀនកុមារឱ្យស្តាប់ និងគោរពយោបល់របស់អ្នកដទៃ ។ ការស្តាប់ និងការយល់ដឹងពីទស្សនៈរបស់អ្នកដ៏ទៃអាចជួយកុមារឈានដល់ដំណោះស្រាយមួយដែលមានអត្ថប្រយោជន៍រួម ។
៥. ធ្វើជាគំរូវិជ្ជមាន ៖ កុមារសង្កេតមើលមនុស្សពេញវ័យ ហើយព្យាយាមយកត្រាប់តាម ។ ប្រសិនបើកូនរបស់អ្នកកត់សំគាល់ថា អ្នកតែងតែចូលចិត្តការពិភាក្សាប្រកបដោយសុជីវធម៌ និងកម្រឈ្លោះប្រកែកគ្នា នោះពួកគេនឹងធ្វើតាមអាកប្បកិរិយារបស់អ្នក ។
៦. បង្រួមមូលហេតុនៃការឈ្លោះ ៖ កំណត់ និងលុបបំបាត់ហេតុផលដែលទំនងជានាំឱ្យមានការឈ្លោះជាញឹកញាប់ ។ ជាឧទាហរណ៍ កុមារច្រើនតែមានភាពច្របូកច្របល់ និងឆេវឆាវនៅពេលអផ្សុក ឃ្លាន អស់កម្លាំង ឬងងុយគេង ។ ត្រូវប្រាកដថា ពួកគេសម្រាកឱ្យបានគ្រប់គ្រាន់ និងញ៉ាំអាហាររបស់ពួកគេបានឆ្អែមត្រឹមត្រូវ ។ ក្នុងករណីខ្លះ កុមារអាចនឹងវាយគ្នា និងដណ្តើមរបស់លេងគ្នា ។ ចូរទិញរបស់លេងសម្រាប់កូនម្នាក់ៗ ។ ចូរសរសើរកូន ប្រសិនបើគេលះបង់ប្រដាប់ក្មេងលេង ឬយល់ព្រមចែករំលែកជាមួយបងប្អូនគេ ។
៧. តាមដានអ្វីដែលកូនមើល និងរៀន ៖ ចូរតាមដានអ្វីដែលកុមារកំពុងមើលនៅលើទូរទស្សន៍ ។ កម្មវិធីដែលមានឈុតឆាកឆេវឆាវ ឬហឹង្សាអាចជំរុញឱ្យពួកគេមានអាកប្បកិរិយាស្រដៀងគ្នា ៕
អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍ ។ សាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្ស ឡាញន៍ ផ្តល់ជូនសេវាកម្មអប់រំមត្តេយ្យភាសាខែ្មរ និងអង់គ្លេស ចំណេះទូទៅខ្មែរ ភាសាចិន និងភាសាអង់គ្លេស និងបន្តទទួលចុះឈ្មោះសិស្ស សម្រាប់កម្មវិធីចំណេះទូទៅខ្មែរ ទី ១ ដល់ ទី ១២ ។
សាលារៀនជូននូវវេទិកា និងមធ្យោបាយសិក្សាយ៉ាងសម្បូរបែប ជាមួយនឹងប្រព័ន្ធគ្រប់គ្រងសាលារៀន ប្រព័ន្ធគ្រប់គ្រងការសិក្សា និងអេបសាលារៀន ជូនដល់មាតាបិតាសិស្ស និងសិស្សានុសិស្ស ក្នុងការគ្រប់គ្រងការសិក្សា និងតាមដានព័ត៌មានសិក្សារបស់បុត្រធីតាផងដែរ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ។
ចែករំលែកព័តមាននេះ