រាជធានីភ្នំពេញ ៖ ដើម្បីបន្តជីវិតក្នុងវ័យជរា ដូនចាស់ម្នាក់ទោះមានវ័យជាង ៧០ ឆ្នាំទៅហើយក្តី នៅតែខំប្រឹងដឹកនំលក់តាមកង់ដើម្បីបានលុយសម្រាប់ចិញ្ចឹមជិវិត ពីព្រោះតែគាត់គ្មានកូនចៅទីពឹងដូចចាស់ដទៃនោះឡើយ ។ លោកយាយបានរៀបរាប់ថា រាល់ថ្ងៃជីវិតគាត់ រកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹក និងបានដាច់បាយដាច់ទឹកជាញឹកញាប់ ។
កំពុងបណ្តើរកង់ដែលមានដាក់កញ្ឆេរនំលក់ពីក្រោយយ៉ាងលំបាក ដោយសារកម្លាំងខ្សោយ គាត់ខំប្រឹងបណ្តើរកង់ឲ្យទៅមុខនៅតាមច្រកឌឿងហែម លោកយាយ ស៊ីវ ឡូក បានរៀបរាប់ពីជីវិតរបស់លោកយាយឲ្យដឹងថា គាត់បានចាប់យកមុខរបរលក់អាហារសម្រន់ពេលព្រឹកតាមច្រកឌឿងហែមនានាក្នុងរាជធានីភ្នំពេញអស់រយះពេល ៤២ ឆ្នាំមកហើយ និយាយរួមតាំងពីឆ្នាំ ១៩៧៩ មកម្ល៉េះ ។
លោកយាយជាអ្នកមានមានឪពុកម្តាយនៅទីក្រុងភ្នំពេញនេះផ្ទាល់តែម្តង ។ លោកយាយឲ្យដឹងថា ពេលខ្មែរក្រហមចូលមកកាន់កាប់ក្រុងភ្នំពេញឆ្នាំ ១៩៧៥ ក្រុមគ្រួសាររបស់គាត់ត្រូវបានជម្លៀសឲ្យទៅរស់នៅស្រុកអង្គរបុរី ខេត្តតាកែវ កាលណោះគាត់មានអាយុជិត ២០ ឆ្នាំ ។ សមាជិកក្រុមគ្រួសារលោកយាយ មានទាំងឪពុកម្តាយ បានស្លាប់បាត់ជីវិតទាំងអស់ សព្វថ្ងៃលោកយាយរស់នៅជាមួយបងស្រីដែលមានជីវភាពក្រីក្រដែរ ។
«សព្វថ្ងៃរស់នៅជាមួយបងស្រីបង្កើត មុខរបរលក់អាហារសម្រន់ដូចជា ឆាខ្វៃ នំប៉ោង និងនំផ្សេងៗទៀតនេះគ្រាន់បានលុយទិញថ្នាំ និងអាហារទទួលទាន ក្នុងមួយថ្ងៃបើលក់នំអស់អាចចំណេញជាងមួយម៉ឺនរៀល» ដូនចាស់ ឡូក រៀបរាប់ក្នុងសំឡេងខ្សាយៗ ។
ដើម្បីបានប្រាក់មួយម៉ឺនរៀលនេះ ជារៀងរាល់ថ្ងៃដូនចាស់ ត្រូវបណ្តើរកង់ដែលមានកញ្ឆេរនំពីក្រោយ រាប់រយម៉ែត្រតាមច្រកឌឿងហែមក្នុងក្រុងភ្នំពេញ ទោបីជាអាកាសក្តៅ ឬមេឃភ្លៀងយ៉ាងណាក្តី ក៍ដូនចាស់មិនហ៊ានឈប់សម្រាក់ដែរ ពីព្រោះការលក់ដូរមួយថ្ងៃសម្រាប់ហូបមូយថ្ងៃប៉ុណ្ណះ ៕
ចែករំលែកព័តមាននេះ