រាជធានីភ្នំពេញ ៖ នៅពេលធ្វើដំណើរតាមផ្លូវនានានៅភ្នំពេញជូនកាលគេនឹងឃើញស្ត្រីម្នាក់ជិះលើរទេះរុញ ចល័តពីកន្លែងមួយទៅកន្លែងមួយដើម្បីលក់នំ ឬអាហារសម្រន់ដើម្បីចិញ្ចឹមជីវិត នៅក្នុងពិការភាពដ៍លំបាក ប៉ុន្តែគាត់សុខចិត្តលំបាកកាយ ផ្សងគ្រោះថ្នាក់ មិនលើកដៃសុំប្រាក់គេនោះទេ ។ អ្នកស្រី ហ៊ន ថាវី ហៅ ភួន ផា មានអាយុ ៤៣ ឆ្នាំ ជាអតីតបុគ្គលិកអង្គការមួយ បានចាប់យកមុខរបរលក់អាហារសម្រន់តាមរទេះច្នៃមួយគ្រឿង ជិត ១០ ឆ្នាំមកហើយ ។
ស្ត្រីពិការរូបនេះ បច្ចុប្បន្នស្នាក់ផ្ទះជួលក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោបានរៀបរាប់ពីជីវិត ដែលនាំឲ្យគាត់ធ្លាក់ខ្លួនពិការដូច្នេះថា ក្រោយពីបានចែកផ្លូវគ្នាជាមួយស្វាមី ដែលជាយោធា កាលពីឆ្នាំ ២០០១ អ្នកស្រីត្រូវមើលថែកូនស្រីម្នាក់ក្នុងភាពជាស្ត្រីមេម៉ាយ ។ អ្នកស្រីបាននាំកូនទៅរស់នៅ និងបានសិក្សាជាមួយអង្គការមិត្តជួយមិត្តនៅស្រុកពញាក្រែក ខេត្តកំពង់ចាម ដែលបច្ចុប្បន្នស្ថិតនៅក្នុងត្បូងឃ្មុំ ។ ជាសំណាងអាក្រក់នៅថ្ងៃមួយ គាត់បានជួបគ្រោះថ្នាក់ចរាចរដែលបណ្តាលឲ្យធ្លាក់ខ្លួនជាជនពិការដើរមិនបាន ក្រោយពីទទួលការព្យាបាលនៅមន្ទីរពេទ្យមួយរយៈនោះ ។
ក្រោយពីជាពីមុខរបួស និងធ្លាក់ខ្លួនពិការមួយចំហៀងខ្លួន អ្នកស្រីបានវិលត្រឡប់ទៅរស់នៅឯស្រុកកំណើតស្រុកស្ទោង ខេត្តកំពង់ធំ ។ នៅស្រុកកំណើតបានមួយរយៈ ដោយមិនអាចរកប្រាក់ចំណូលចិញ្ចឹមជីវិតបាន អ្នកស្រីបានសម្រេចចិត្ត ដឹកដៃកូនស្រីចាក់ចេញពីស្រុកកំណើតមករស់ក្រុងភ្នំពេញដោយជួលផ្ទះគេនៅម្តុំស្ពានដែក ខណ្ឌដង្កោ និងបានចាប់មុខរបរលក់ផ្កាម្លិះតាមភ្លើងស្តុប ។
«មិនថាភ្លៀង ឬក្តៅហួនហែងយ៉ាងណាទេ ខ្ញុំបន្តលក់រហូតដើម្បីសន្សំលុយទុកចិញ្ចឹមកូនផង ទុកឲ្យថ្លៃឈ្នួលផ្ទះគេផង ។ ការរស់នៅវាលំបាកណាស់ គេអាចដើរបាននៅលំបាកចុះទម្រាំយើងពិការ ។ តែខ្ញុំមិនចុះចាញ់ទេ ។ តស៊ូជានិច្ចធ្វើម្តេចបើនេះជាកម្មផល ដែលធ្លាក់មកយើង ។ គ្រប់គ្នាសុទ្ធតែមានទុក្ខ មានការលំបាក ដូច្នេះខ្ញុំមិនលើកដៃសុំទានគេទេ» អ្នកស្រី ហ៊ន ថាវី និយាយទាំងទឹកមុខស្ងួត ។
បច្ចុប្បន្នក្រៅពីការរកលុយចិញ្ចឹមជីវិតដោយលំបាក តែអ្នកស្រីនៅធ្វើបុណ្យទានតាមសទ្ធាទៀត ។ អ្នកស្រី ថាវី និយាយបន្តទៀតថា អស់រយៈពេល ៧ ឆ្នាំកន្លងមកហើយដែលគាត់បានចាប់យកមុខរបរលក់ផ្កាម្លិះតាមភ្លើងស្តុបពេលខ្លះត្រូវបានសមត្ថកិច្ចដេញមិនឲ្យលក់ដូរនោះទេ ដោយបានដេញចាប់ និងឃាត់ពីកន្លែងមួយទៅកន្លែងមូយ ។ ក្រោយពីគាត់បានខិតខំសន្សំសំចៃមួយរយៈមក បានទិញរទេះច្នៃសម្រាប់ជនពិការយកមកធ្វើជាយាន្តជំនិះ សម្រាប់ដាក់អាហារសម្រន់ មានដូចជា ៖ ចេកឆាប នំថង់ងួន នំដង្កូវ និងមាននំជាច្រើនមុខទៀត ដើរលក់តាមដងផ្លូវនេះ ។
ស្ត្រីពិការខាងលើឲ្យដឹងថា ក្នុងមួយថ្ងៃៗគាត់ត្រូវជិះរទេះច្នៃដែលទៅមុខដោយប្រើដៃបង្វិលកង់នេះ ធ្វើដំណើរជុំវិញក្រុងភ្នំពេញនៅក្នុងការលក់នំដែលជាអាហារសម្រន់នេះ ។ មួយថ្ងៃៗគាត់លក់បានទាំងដើម ទាំងចុងបានលុយពី ៣០ ទៅ ៤០ ម៉ឺនរៀល ៕
ចែករំលែកព័តមាននេះ