មានការប្រៀបធៀបដូច្នេះគឺ នៅពេលនរណាម្នាក់ស្រេកទឹក ត្រូវតែផឹកដោយខ្លួនឯងទើបបំបាត់ការស្រេកឃ្លានបាន មិនអាចឲ្យនរណាម្នាក់ផឹកជំនួសដើម្បីបំបាត់ការស្រេកឃ្លានបានទេ យ៉ាងណាសេចក្តីសុខក៏ដូចគ្នា មិនអាចឱ្យនរណាម្នាក់បង្កើត ឬផ្តល់ឱ្យយើងបានទេ អ្វីដែលអាចផ្តល់បាន គឺត្រឹមតែការសប្បាយចិត្តប៉ុណ្ណោះ ។
ដូចពាក្យដែលមនុស្សតែងនិយាយរឿយៗថា ចង់បានសុខពីប្តី ពីប្រពន្ធ ពីអ្នកនោះ ពីអ្នកនេះ គឺមិនអាចជាដាច់ខាត ព្រោះសុខកើតក្នុងចិត្តមនុស្ស មានហេតុតែមួយគត់ គឺបានធ្វើសេចក្តីល្អដោយចេតនា មិនរង់ចាំការតបស្នង ប្រៀបដូចជា សង្គ្រោះសត្វឱ្យរស់ដោយមិនរង់ចាំការតបស្នងពីសត្វនោះវិញឡើយ ។ សុខក្នុងចិត្តមិនដែលធ្ងន់តែខាងរឿងល្អ ហើយក៏មិនធ្ងន់តែខាងរឿងអាក្រក់ដែរ គឺនៅជាកណ្តាលដោយឧបេក្ខា ។
ប៉ុន្តែការសប្បាយវិញគឺធ្ងន់តែខាងរឿងល្អ ឬការសប្បាយចិត្តក៏អាចកើតមានឡើងនៅពេលធ្វើរឿងអាក្រក់ ជាចេតនាអាក្រក់ដូចជា ចង់ឱ្យនរណាមួយវិនាស ចង់ឱ្យនរណាម្នាក់ជួបរឿងមិនល្អ ដល់ពេលដូចបំណងមែនក៏សប្បាយចិត្តត្រេកអរ ។ តាមពិតគឺសប្បាយមែន តែចិត្តជាចិត្តអកុសល ជាចិត្តព្យាបាទ ជាចិត្តបាត់បង់នៅសន្តិភាពផ្លូវចិត្ត ឬបាត់បង់មេត្តាចិត្ត ។
ការសប្បាយនោះបាត់អស់ទៅ កន្លងទៅ រហូតដល់ពេលជួបរឿងមិនល្អក៏មិនសប្បាយចិត្ត ក៏មានសេចក្តីទុក្ខកើតឡើង ដែលសម្បូរទៅដោយ សេចក្តីសៅហ្មងកើតឡើងក្នុងចិត្តកើតវិបរិតផ្សេងៗ ។ នេះហើយដែលហៅថា សេចក្តីសុខ ខុសពីការសប្បាយនោះ ៕ សាន សារិន
ចែករំលែកព័តមាននេះ