រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនចិនចំនួន២លានដូសបន្ថែមទៀត នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ។
ប្រទេសចិនបានក្លាយទៅជាប្រទេសឈានមុខគេ ក្នុងការផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មកដល់ប្រទេសកម្ពុជា ។ ចិនក៏ជាប្រទេសដែលបានផ្តល់ជំនួយវ៉ាក់សាំងមុនគេមកកាន់កម្ពុជាផងដែរ គឺផ្តល់មកដល់ដំបូង នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ ។
គិតត្រឹមថ្ងៃទី១៤ ខែវិច្ឆិកា កម្ពុជាចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋខ្មែរ និងជនបរទេសរស់នៅ និងធ្វើការនៅកម្ពុជា អាយុចាប់ពី៥ឆ្នាំឡើង បានចំនួនសរុបជាង ១៤លាននាក់ស្មើនឹងជិត ៨៨ភាគរយនៃប្រជាពលរដ្ឋសរុបប្រមាណ១៦លាននាក់ ។
វត្តមានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានក្លាយទៅជាធាតុដ៏សំខាន់ក្នុងការជួយឱ្យកម្ពុជាសម្រេចបាននូវការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋលឿនជាងផែនការ ។
ការសម្រេចបាននូវផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដ៏លឿននេះបានធ្វើឱ្យកម្ពុជាអាចយកឈ្នះលើការរាតត្បាតជំងឺកូវីដ-១៩ និងឈានដល់ការបើកសកម្មភាពសង្គម និងសេដ្ឋកិច្ចលើគ្រប់វិស័យឡើងវិញដូចពេលបច្ចុប្បន្ននេះ ៕
ចែករំលែកព័តមាននេះ