រាជធានីភ្នំពេញ ៖ ជាមួយការសណ្តោងម៉ូតូកម្លាំងធំៗ រ៉ឺម៉កដែលមានប្រវែងៗរហូតដល់ ៥ ម៉ែត្រ ដែលអាចដឹកមនុស្សបានរហូតដល់ ៣០ នាក់ មិនចាញ់រថយន្តទ្រុងនោះឡើយ ។ រ៉ឺម៉កនេះបានពេញនិយមខ្លាំង កាលពីទសវត្សរ៍ឆ្នាំ ៨០ និង ៩០ ។ ប្រជាពលរដ្ឋនៅតាមដងផ្លូវជាតិ ដូចជាផ្លូវជាតិលេខ ១ លេខ ២ លេខ ៣ និងលេខ ៤ លេខ ៥ ជាដើម តែងតែធ្វើដំណើរតាមមធ្យោបាយមួយនេះទៅផ្សារ ទៅធ្វើការរោងចក្រ និងទៅសាលាជាដើម ។
វាវែងអាចផ្ទុកបានច្រើន និងមានតម្លៃថោក ។ រហូតមកដល់សម័យនេះដែលមធ្យោបាយធ្វើដំណើរសម្បូរបែប មានទាំងម៉ូតូកង់បី នាំចូល ដែលគេហៅថា ទុកទុក និងមធ្យោបាយធ្វើដំណើរសាធារណ គឺរថយន្តក្រុងក្តី តែពលរដ្ឋនៅតែនិយមធ្វើដំណើរតាមរ៉ឺម៉កវែងៗនេះដដែល ពិសេសប្រជាពលរដ្ឋនៅតាមបណ្តោយផ្លូវជាតិលេខ ៥ ស្ថិតក្នុងភូមិសាស្ត្រខណ្ឌឫស្សីកែវ និងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
លោក យូ ម៉ាត់លី អាយុជាង ៣០ ឆ្នាំ ដែលឈប់រ៉ឺម៉កម៉ូតូកង់បួននៅមុខច្រកចូលវិទ្យាល័យឫស្សីកែវ ផ្លូវជាតិលេខ ៥ បាននិយាយឲ្យដឹងថា លោកចាប់មុខរបររត់ម៉ូតូកង់បួននេះបានរយៈពេលជាង ២០ ឆ្នាំមកហើយក្រោយពីឪពុកបានស្លាប់ និងបន្សល់ទុករ៉ឺម៉កមួយគ្រឿងឲ្យលោកនោះ ។ លោកថា នៅរៀងរាល់ថ្ងៃនេះពលរដ្ឋនៅតែជិះមធ្យោបាយធ្វើដំណើរមួយនេះ ហើយក្នុងមួយថ្ងៃយ៉ាងហោចលោកអាចរកប្រាក់សល់ពី ៤ ទៅ ៥ ម៉ឺរៀល ក្រោយពីទូទាត់ថ្លៃសាំងហើយនោះ ។ អ្នករត់រ៉ឺម៉កឲ្យដឹងថា នៅសម័យកូវីដ ១៩ នេះ លោកមិនហ៊ានដាក់មនុស្សជិះច្រើននោះទេ ហើយពលរដ្ឋក៍ចេះប្រយ័ត្នខ្លួនឯងមិនហ៊ានអង្គុយជាប់គ្នាឡើយ ។
លោក ញៀន ចំរើន អាយុប្រហែលជា ៦០ ឆ្នាំរស់នៅសង្កាត់ព្រែកព្នៅ បានរត់រ៉ឺម៉ក់នេះតាំងពីឆ្នាំ ១៩៨០ មកម្ល៉េះ ។ លោកនិយាយថានៅពេលចេញពីរបបប៉ុលពតភ្លាមៗលោកបានរត់រ៉ឺម៉ក់នេះ កាលណោះលោកលក់មាសមួយតម្លឹងដើម្បីទិញរ៉ឺម៉កយកដឹកមនុស្សនិងទំនិញ ពីផ្សារព្រែកព្នៅមកទៅផ្សារតូច និងផ្សារចាស់ ។
តម្លៃជិះរ៉ឺម៉ក់ម្នាក់នាពេលបច្ចុប្បន្ននេះថ្លៃតែ ៥០០ ទៅ ១០០០ រៀលប៉ុណ្ណោះក្នុងចន្លោះផ្លូវពីព្រែកភ្នៅមកផ្សារតូច ឬគល់ស្ពានជ្រោងចង្វារ ។ លោក ចំរើន បញ្ជាក់ថា នៅតែមានបងប្អូនប្រជាពលរដ្ឋមួយចំនួននិយមជិះរ៉ឺម៉កតូកង់បួននេះ ។ «កាលទសវត្សរ៍ឆ្នាំ ៨០-៩០ យើងសប្បាយដឹកមនុស្សណាស់ មានពលរដ្ឋពេញៗរ៉ឺម៉កឡើងចុះ ហូរហែ លើផ្លូវពីផ្សារព្រែកព្នៅទៅផ្សារតូច ។ តាមការសង្កេតរបស់ខ្ញុំនាពេលបច្ចុប្បន្ននេះរ៉ឺម៉ក់ម៉ូតូកង់បួននៅសល់ប្រហែលជា ៥០ គ្រឿងប៉ុណ្ណោះអ្នករត់ភាគច្រើនជាមនុស្សចាស់ហើយពេលខ្លះដឹកតែអីវ៉ាន់» ។
អ្នកស្រី លី ម៉ាស អាយុជាង ៦០ ឆ្នាំ ពលរដ្ឋខ្មែរឥស្លាម រស់នៅសង្កាត់ច្រាំងាំងចំរេះទី ១ ខណ្ឌឫស្សីកែវ បាននិយាយថា ពីដើមមានតែរ៉ឺម៉ក់ម៉ូតូកង់បួនទេដែលដឹកអ្នកដំណើរតាមផ្លូវជាតិលេខ ៥ ពីព្រែកក្តាមមកផ្សារចាស់ដឹកមនុស្សម្តងមិនតិចពី ៣០ នាក់ឡើយហើយឡើងចុះជាបន្តបន្ទាប់ ។ អ្នកស្រីថា បងប្អូនឥស្លាមគីឡូម៉ែត្រលេខ ៩ និយមជិះរ៉ឺម៉កនេះណាស់ព្រោះងាយដឹកអីវ៉ាន់ ដឹកបានច្រើនហើយតម្លៃថោក ។ នៅឥឡូវទោះជាសម្បូរម៉ូតូកង់បីថ្មីៗ ក៏ពិតមែនតែបងប្អូនឥស្លាមនៅតែនាំគ្នាជិះរ៉ឺម៉ក់ម៉ូតូកង់បួនជាដដែល ៕
ចែករំលែកព័តមាននេះ