ខេត្តកំពត ៖ ប្រជាពលរដ្ឋមួយគ្រួសាររស់នៅភូមិដើមចារ ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច បានចំណាយថវិកាទិញសម្ភារៈដំឡើងយន្តហោះ ដើម្បីទាក់ទាញភ្ញៀវទេសចរ ក៏ដូចជាប្រជាពលរដ្ឋរស់នៅតាមជនបទ មកទស្សនា ឬក៏ឡើងមកលើយន្តហោះ ដើម្បីអង្គុយពិសាការហ្វេ។
បើតតាមការអោយដឹងពីពលរដ្ឋម្នាក់ឈ្មោះ តុប ជ្រិន ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅភូមិដើមចារ ឃុំកំពង់ត្រាចខាងលិច បាននិយាយប្រាប់អោយដឹងនៅរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១នេះថា ការដំឡើងយន្តហោះនេះ បើគិតពីការចំណាយលុយសម្រាប់ទិញសម្ភារៈមកធ្វើអស់ប្រាក់ប្រហែលជិត២០លានរៀល ហើយយន្តហោះនេះ គឹមានបណ្ដោយប្រវែង១២ ម៉ែត្រ ទទឹងជាង២ម៉ែត្រ និងស្លាបទាំងសងខាង ដោយម្ខាងៗប្រវែង៣ម៉ែត្រ។
ម្ចាស់ដំឡើងយន្តហោះខាងលើនិយាយបន្តថា ការដំឡើងយន្តហោះនេះ គឺចង់បង្ហាញពីស្នាដៃកូនខ្មែរផង និងសម្រាប់ទាក់ទាញភ្ញៀវទេសចរឱ្យមកកំសាន្តផង ជាពិសេសទៅទៀតគឺមានលក់កាហ្វេនៅលើយន្តហោះនោះតែម្តង ។ ព្រោះទីតាំងកន្លែងតំឡើងយន្តហោះនេះ នៅជាប់ផ្លូវជាតិលេខ៣៣ ជាប់នឹងទំនប់អូច្រនៀង ដែលជាកន្លែងប្រណាំងទូក។
ម្ចាស់អ្នកដំឡើងយន្តហោះរូបនេះក៏បាននិយាយបន្ថែមទៀតថា យន្តហោះដែលកំពុងដំឡើងនេះ មិនទាន់ធ្វើហើយនោះទេ ដោយសារតែមានភ្លៀងធ្លាក់ស្ទើតែរាល់ថ្ងៃពេក ធ្វើអោយក្រុមជាងយុវវ័យមិនបានចូលមកធ្វើ។
ប៉ុន្តែតាមការរំពឹងទុករបស់ម្ចាស់អ្នកគំរោងដំឡើងយន្តហោះ នឹងធ្វើអោយរួចរាល់ក្នុងឆ្នាំ២០២១នេះជាកំណត់។ ហើយគេក៏បានសម្គាល់ឃើញថា នៅក្នុងខេត្តនេះ គឺជាលើកទី១ហើយ ដែលមានប្រជាពលរដ្ឋនៅតាមជនបទបានចំណាយទុនដំឡើងយន្តហោះ សម្រាប់ទាក់ទាញភ្ញៀវទេសចរអោយមកអង្គុយលើយន្តហោះ ដើម្បីកម្សាន្ត និងពិសាការហ្វេផងដែរ។
ចែករំលែកព័តមាននេះ