- ភ្នំពេញ
ភ្នំពេញ៖ ម្នាក់ៗ ដឹងលឺរួចហើយថា បើមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ អាចបែកក្បាល។ រីឯមិនពាក់ម៉ាស អាចប្រឈមនឹងឆ្លងកូវីដ។ នៅពេលនេះ ប៉ូលិសចរាចរណ៍…
ភ្នំពេញ៖ ម្នាក់ៗ ដឹងលឺរួចហើយថា បើមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ អាចបែកក្បាល។ រីឯមិនពាក់ម៉ាស អាចប្រឈមនឹងឆ្លងកូវីដ។ នៅពេលនេះ ប៉ូលិសចរាចរណ៍…
ភ្នំពេញ៖ ម្នាក់ៗ ដឹងលឺរួចហើយថា បើមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ អាចបែកក្បាល។ រីឯមិនពាក់ម៉ាស អាចប្រឈមនឹងឆ្លងកូវីដ។ នៅពេលនេះ ប៉ូលិសចរាចរណ៍ ក៏បន្តចាប់អ្នកធ្វើដំណើរតាមម៉ូតូ ដែលមិនពាក់មួកសុវត្ថិភាព និងមិនពាក់ម៉ាស។ វិធានការនេះ ដើម្បីតែសុខសុវត្ថិភាពរបស់អ្នកធ្វើដំណើរតែប៉ុណ្ណោះ។
កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ មន្ត្រីនគរបាលចរាចរណ៍ ក្រុងប៉ោយប៉ែត ជាប់ព្រំដែនថៃ បានដាក់កម្លាំង ត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ ដោយចាប់ឃាត់ និងផាកពិន័យលើអ្នកមិនពាក់មួកសុវត្ថិភាព ព្រមទាំងម៉ូតូមិនមានកញ្ចក់មើលក្រោយ។ ក្នុងនោះ ប៉ូលិស ក៏បានណែនាំឱ្យប្រជាពលរដ្ឋគ្រប់គ្នា ត្រូវពាក់ម៉ាស់ជាប់ជានិច្ច ដើម្បីកុំឲ្យឆ្លងកូវីដ។
ក្នុងប្រតិបត្តិការនៅទីប្រជុំជន ក្នុងក្រុងប៉ោយប៉ែត រយៈពេលតែជាង ១ម៉ោង មានម៉ូតូប្រមាណជិត ៣០គ្រឿង ដែលអ្នកបើកបរ មិនគោរពច្បាប់ ដោយមិនពាក់មួកសុវត្ថិភាព មិនមានកញ្ចក់មើលក្រោយ រួមទាំងមិនពាក់ម៉ាស។ ប៉ូលិស បានណែនាំ និងអប់រំ ព្រមទាំងផាកពិន័យតាមច្បាប់។
អ្នកធ្វើដំណើរតាមផ្លូវទាំងអស់ ពិសេសអ្នកធ្វើដំណើរតាមម៉ូតូ និងថ្មើរជើង ក៏ត្រូវពាក់ម៉ាស់អោយបានគ្រប់គ្នា និងរក្សាគម្លាត ដើម្បីចូលរួមទប់ស្កាត់កូវីដ១៩ ដែលបាន និងកំពុងឆ្លងរីករាលដាល ក្នុងសហគមន៍។ ដូច្នេះម្នាក់ៗ ត្រូវអនុវត្តអោយបាននូវវិធាន ៣ការពារ និង៣កុំ ទាំងអស់គ្នា។
តាមច្បាប់ចរាចរណ៍ អ្នកធ្វើដំណើរតាមម៉ូតូ មិនពាក់មួកសុវត្ថិភាព ត្រូវផាកពិន័យ ម្នាក់ ៦ម៉ឺនរៀល។ ម៉ូតូ ដែលមិនមានកញ្ចក់មើលក្រោយ ក៏ត្រូវផាកពិន័យ ៦ម៉ឺនរៀលដែរ។ ដោយឡែក អ្នកមិនពាក់ម៉ាស ក៏ត្រូវផ្តន្ទាទោសជាពិន័យអន្តរការណ៍ពី ២០ម៉ឺនរៀល ទៅ ១លានរៀល។ ការផាកពិន័យអ្នកមិនពាក់ម៉ាសនេះ ត្រូវបានកំណត់ នៅក្នុងអនុក្រឹត្យ ស្តីពី វិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ចេញថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ត្រង់មាត្រា១៩។
ប៉ូលិសស្ទាក់ឃាត់អ្នកមិនពាក់មួកសុវត្ថិភាព និងធ្វើដំណើរតាមម៉ូតូ ដែលមិនមានកញ្ចក់មើលក្រោយ ក៏ដើម្បីសុខសុវត្ថិភាពរបស់អ្នកធ្វើដំណើរតាមម៉ូតូ។ ចូរកុំភ្លេចថា នៅកម្ពុជាយើង គ្រោះថ្នាក់ចរាចរណ៍ កើតឡើងរៀងរាល់ថ្ងៃ ហើយជាមធ្យម បានបណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ និងរបួសជាង ១០នាក់ ក្នុង ១ថ្ងៃៗ នៅទូទាំងប្រទេស។ ភាគច្រើន គ្រោះថ្នាក់ចរាចរណ៍ កើតឡើងលើអ្នកធ្វើដំណើរតាមម៉ូតូ ហើយបើមិនពាក់មួកសុវត្ថិភាព ពេលធ្វើដំណើរតាមម៉ូតូ នៅពេលជួបគ្រោះថ្នាក់ចរាចរណ៍ នឹងអាចប៉ះពាល់ រហូតដល់បែកក្បាលថែមទៀត។
ដោយឡែក វិធានការពាក់ម៉ាស ក៏ជាកាតព្វកិច្ច ដែលរាជរដ្ឋាភិបាល តម្រូវឲ្យគ្រប់គ្នា នៅទូទាំងប្រទេស ដែលធ្វើដំណើរតាមផ្លូវ និងនៅទីកន្លែងជួបជុំ កន្លែងធ្វើការនានា ត្រូវតែពាក់ម៉ាស។ ពាក់ម៉ាស ដើម្បីការពារ កុំឲ្យឆ្លងកូវីដ បូករួមទាំងវិធានការចាំបាច់មួយចំនួនទៀត ដូចជា រក្សាគម្លាតសុវត្ថិភាព និងលាងដៃញឹកញាប់នឹងសាប៊ូ ឬអាល់កុល ជាដើម។
សរុបមក ដើម្បីសុខសុវត្ថិភាពយើងទាំងអស់គ្នា គឺម្នាក់ៗ ត្រូវតែពាក់មួកសុវត្ថិភាព នៅពេលធ្វើដំណើរតាមម៉ូតូ ទោះជិតផ្ទះ នៅផ្លូវក្នុងភូមិ។ ម្យ៉ាងកុំឲ្យប៉ូលិស ផាកអស់លុយដល់ទៅ ៦ម៉ឺនរៀល ដោយសារតែមិនពាក់មួកសុវត្ថិភាព។ ទុក ៦ម៉ឺនរៀលនោះ ទិញមួកសុវត្ថិភាព គឺអាចពាក់ប្រើបានរាប់ឆ្នាំ។ ម៉ូតូ និងឡាន រួមទាំងយានយន្ត ដែលធ្វើចរាចរណ៍ ក៏ត្រូវតែមានលក្ខណៈគ្រប់គ្រាន់ តាមច្បាប់តម្រូវ ដូចជា កញ្ចក់មើលក្រោយ ភ្លើងបំភ្លឺ ហើយអ្នកបើកបរ និងអ្នករួមដំណើរ ក៏ត្រូវចូលរួមគោរពច្បាប់ ទើបពេលគ្រោះថ្នាក់ មិនធ្ងន់ធ្ងរ រហូតដល់បែកក្បាលស្លាប់។ ម្យ៉ាងក៏កុំឲ្យខាតពេល ដោយសារតែមិនមានមួកសុវត្ថិភាព ពេលធ្វើដំណើរតាមម៉ូតូ ឬមិនពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព ពេលជិះឡាន ដែលត្រូវប៉ូលិសស្ទាក់ឃាត់តាមផ្លូវ។
ដោយឡែក នៅក្នុងកាលៈទេសៈពេលនេះ គឺម្នាក់ៗ ចេញក្រៅផ្ទះ ដាច់ខាត ត្រូវតែពាក់ម៉ាស។ ម៉ាសអាចការពារ កុំឲ្យយើងឆ្លងរោគ ពិសេសកូវីដដ៏កាចសាហាវ។ ចូរកុំភ្លេចថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ នៅទូទាំងប្រទេសកម្ពុជាយើង កូវីដឆ្លង ១ថ្ងៃៗ ជាង ៨០០នាក់ ហើយមានអ្នកស្លាប់ជាង ២០នាក់ រៀងរាល់ថ្ងៃ។ ក្នុងនោះ មេរោគកូវីដ ប្រភេទបំប្លែងថ្មី ដែលតា ក៏កំពុងឆ្លងរាលដាលនៅទូទាំងប្រទេសផងដែរ។
បើយើងប្រហែស ដោយធ្វើដំណើរតាមផ្លូវ មិនពាក់ម៉ាស គឺប្រឈមនឹងឆ្លងជំងឺកូវីដ ហើយបើត្រូវប៉ូលិសផាកទៀតនោះ គឺ២០ម៉ឺនរៀល ទៅ ១លានរៀល ដែលជាចំនួនលុយដ៏ច្រើន។ តែបើទិញម៉ាស សព្វថ្ងៃ ១ប្រអប់ ដែលមាន ៥០ម៉ាស ត្រឹមតែ ៥០០០រៀល ទៅ ៦០០០រៀលប៉ុណ្ណោះ។ ក្រៅពីម៉ាស យើងម្នាក់ៗ ត្រូវបន្តអនុវត្តវិធានការ ៣ការពារ និង ៣កុំ ពិសេសត្រូវរក្សាគម្លាតសុវត្ថិភាពពីម្នាក់ ទៅម្នាក់ ១ម៉ែត្រកន្លះ លាងដៃញឹកញាប់ ហើយមានអាល់កុលតាមខ្លួន និងកុំទាន់ជួបជុំ ទោះជាសាច់ញាត្តិបងប្អូនកូនក្មួយ ឬឪពុកម្តាយ ដែលនៅផ្ទះផ្សេងគ្នាក៏ដោយ៕
ចែករំលែកព័តមាននេះ