ខេត្តស្ទឹងត្រែង ៖ អតីតឃ្លាំងអំបិល និងជាភោជនីយដ្ឋាន «កូលាបស្ទឹងត្រែង» ស្ថិតនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ត្រូវយោធភូមិភាគទី១ ប្ដឹងទាមទាម ក្រោយមានវិវាទអូសបន្លាយពេលជិត៣០ឆ្នាំទៅហើយ ដែលផ្ទៃដីនោះមានទំហំ ២៤ម៉ែត្រ និងទទឹង ៤៩ម៉ែត្រ។
ជុំវិញករណីវិវាទខាងលើនេះ លោក ចេង ស្រៀង ជាមាជិកក្រុមប្រឹក្សាស្រុកថាឡាបរិវ៉ាត់ ៣អាណត្តិ និងជាអ្នកគ្រប់គ្រងទីតាំងខាងលើ បានរៀបរាបទាំងអួលដើម.ក ថា ទីតាំងដែលលោកបានរស់នៅអាស្រ័យផល ជាទីតាំងផ្ទះបាក់បែក និងអតីតជាឃ្លាំងអំបិលផ្ទះស្នាក់យោធា ក្រោមមកទើបក្លាយជា ភោជនីយដ្ឋាន «កូលាបស្ទឹងត្រែង»។
លោកបន្តថា កាលពីឆ្នាំ១៩៩៣ លោកបានជួលពីយោធភូមិភាគទី១ ក្នុងតម្លៃ១ឆ្នាំ១០០០ (មួយពាន់ដុល្លាអាមេរិក) ដើម្បីធ្វើអាជីវកម្មបើកជាភោជនីយដ្ឋាន ដែលមានយីហោ «កូលាបស្ទឹងត្រែង» ហើយខាងយោធភូមិភាគទី១ ក្នុងអាណត្តិឯកឧត្តម ស៊ើយ កែវ និងអាណត្តិ ឯកឧត្តម ថាវ គង់ ជាមេបញ្ជាការយោធភូមិភាគទី១ បានជំពាក់ប្រាក់ក្នុងការទទួលភ្ញៀវរបស់អង្គភាពចូលមកហូបចុកនៅក្នុងភោជនីយដ្ឋាន «កូលាបស្ទឹងត្រែង» សរុបជាង២ម៉ឺនដុល្លាអាមេរិកក្នុងអំឡុងឆ្នាំ១៩៩៣ ។ ក្រោយមកមិនមានប្រាក់សង មេបញ្ជាការយោធភូមិភាគឯកឧត្ដម ថាវ គង់ ក៏បានប្រគល់ទីតាំងខាងលើឲ្យរូបលោក ជាអ្នកគ្រប់គ្រង។
លោកបន្តទៀតថា ក្រោយមក លោក ហួត ឈាង បានមកកាន់តំណែងជាមេបញ្ជាការយោធភូមិភាគ១ថ្មី គឺលោកមិនបានទទួលស្គាល់បញ្ហាប្រាក់ដែលលោកមេបញ្ជាការចាស់ (ឯកឧត្តម ស៊ើយ កែវ និងឯកឧត្ត ម ថាវ គង់) បានជំពាក់នោះទេ ហើយថែមទាំងបានប្រើពាក្យថា «អ្នកណាស៊ី ទៅទារពីអ្នកនោះឲ្យសងទៅ បើអ្នកទាំងនោះមិនសង ថា ស្រៀង ឯង ប្តឹងទៅតុលាការទៅ» ។
លោក ចេង ស្រៀង បានបញ្ជាក់ថា មេបញ្ជាការយោធភូមិភាគទី១ លោក ហួត ឈាង បានបញ្ជាឲ្យមេបញ្ជាការរងម្នាក់បានមកចរចាជាមួយលោក ដើម្បីសូមចែកដីពាក់កណ្ដាល បើមិនឲ្យទេ ខាងយោធភូមិភាគទី១ និងដាក់ពាក់ប្ដឹងទៅតុលាការ ទាមទារយកទាំងអស់ តែលោកមិនព្រម ក្រោមមកទើបមានពាក្យបណ្តឹងប្តឹងមែន។
លោក សយ ហេង មេភូមិរាជានុកូល ឲ្យដឹងទៀតថា លោក ចេង ស្រៀង ពិតជាបានរស់នៅអាស្រ័យផលនៅលើទីតាំងនេះពិតប្រាកដមែន ពីព្រោះលោកបានធ្វើជាមេភូមិនៅតំបន់នេះជាង២០ឆ្នាំហើយ គឺលោកដឹងច្បាស់ទីតាំងនេះពីមុនលោកចេង ស្រៀង បានបើកភោជនីយដ្ឋាន «កូលាបស្ទឹងត្រែង» ប៉ុន្ដែរឿងផ្ទៃក្នុងរបស់យោធភូមិភាគទី១ វិវាទជាមួយលោក ចេង ស្រៀង លោកមិនបានដឹងស៊ីជម្រៅទេ។
លោកឧត្តមសេនីយ៍ទោ លី សុរារិទ្ធ នាយសេនធិការយោធភូមិភាគទី១ បានឲ្យដឹងដែលថា រឿងដីដែលលោក ចេង ស្រៀង រស់នៅបច្ចុប្បន្ន គឺជាដីស្របច្បាប់របស់ក្រសួងការពារជាតិ មានសាក្សីដែលដឹង មានរាប់ពាន់អ្នក ហើយករណីនេះបានកើតឡើងតាំងពីឆ្នាំ១៩៩៣ មកម្ល៉េះ។
លោកបញ្ជាក់ថា ដីនេះជាដីរបស់រដ្ឋ ជាដីរបស់ក្រសួងការពារជាតិ មិនមែនរបស់បុគ្គល ឬឯកជនណាអាចយកធ្វើកម្មសិទ្ធិបានទេ ហើយយោធភូមិភាគទី១ គ្រាន់តែជាអ្នកចាំដីឲ្យក្រសួងការពារជាតិតែប៉ុណ្ណោះ ដូចនេះប្រព័ន្ធតុលាការកំពូលបានសម្រេចសាលដីកាកាត់ក្ដីឲ្យយោធភូមិភាគទី១ឈ្នះ ពិតជាត្រឹមត្រូវហើយ។
ការវិវាទទំនាស់ដីធ្លីរវាងលោក ចេង ស្រៀង និងយោធភូមិភាគទឺ១ ដែលកើតឡើងជិត៣០ឆ្នាំ ត្រូវបានប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការក្នុងខេត្តស្ទឹងត្រែងមួយចំនួន មានការងឿងឆ្ងល់ថា ផ្ទៃដីដែលយោធភូមិភាគ១ គ្រប់គ្រងកន្លងមក មានទំហ៊ំធំណាស់ តែក្រោយមកត្រូវបានប្រជាពលដ្ឋចាប់យកធ្វើជាកម្មសិទ្ធិរាប់រយគ្រួសារ តែខាងយោធភូមិភាគមិនប្ដឹងទាមទារយកមកវិញទេ ប៉ុន្តែចំពោះទីតាំងដីផ្ទះដែលលោក ចេង ស្រៀង មួយកន្លែង ត្រូវបានយោធភូមិភាគទី១ ប្ដឹងទៅតុលាទាមទារយកមកគ្រប់គ្រងវិញ៕
ចែករំលែកព័តមាននេះ