នៅប៉ៃលិន ៦ខែ គ្រោះថ្នាក់ចរាចរណ៍ កើតមានតែ ២លើកប៉ុណ្ណោះ!
- ប៉ៃលិន
ខេត្តប៉ៃលិន៖ ក្នុងឆមាសទី១ ឆ្នាំ២០២១នេះ ពោលគឺរយៈពេល ៦ខែ ចាប់ពីខែមករា ដល់ខែមិថុនា គ្រោះថ្នាក់ចរាចរណ៍ ក្នុងខេត្តប៉ៃលិន កើតមានចំនួន…
ខេត្តប៉ៃលិន៖ ក្នុងឆមាសទី១ ឆ្នាំ២០២១នេះ ពោលគឺរយៈពេល ៦ខែ ចាប់ពីខែមករា ដល់ខែមិថុនា គ្រោះថ្នាក់ចរាចរណ៍ ក្នុងខេត្តប៉ៃលិន កើតមានចំនួន…
ខេត្តប៉ៃលិន៖ ក្នុងឆមាសទី១ ឆ្នាំ២០២១នេះ ពោលគឺរយៈពេល ៦ខែ ចាប់ពីខែមករា ដល់ខែមិថុនា គ្រោះថ្នាក់ចរាចរណ៍ ក្នុងខេត្តប៉ៃលិន កើតមានចំនួន ០២លើក។ គ្រោះថ្នាក់ចរាចរណ៍ទាំង ២លើកនោះ កើតឡើង ក្នុងក្រុងប៉ៃលិន ទាំង ២លើក។
របាយការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ ត្រូវបានលើកឡើងបង្ហាញ ក្នុងពេលលោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹកនាំមន្ត្រីអង្គភាព មន្ទីរជំនាញ ចូលរួមប្រជុំ បូកសរុបលទ្ធផលការងារសុវត្តិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ និងទិសដៅការងារ ឆមាសទី២ ឆ្នាំ២០២១ កាលពីព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១។ កិច្ចប្រជុំនេះ ប្រារព្ធឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក តាមប្រព័ន្ធអនឡាញ Zoom។
ដោយឡែក សម្រាប់ការងារចុះបញ្ជីយានយន្ត នៅខេត្តប៉ៃលិន ក្នុងរយៈពេល ៦ខែក្នុងឆ្នាំ២០២១ នេះ បានធ្វើការចុះបញ្ជីរថយន្តទេសចរណ៍ចំនួន ១២គ្រឿង រថយន្តដឹកទំនិញធុនតូចបានចំនួន ១១គ្រឿង រថយន្តដឹកទំនិញធុនធំ បានចំនួន ០៩គ្រឿង រថយន្តដឹកអ្នកដំណើរធុនតូច ចំនួន ០១គ្រឿង រថយន្តដឹកអ្នកដំណើរធុនធំ មិនមានទេ និងទោចក្រយានយន្ត (ម៉ូតូ) ចំនួន ៥៩គ្រឿង។
សូមរម្លឹកថា របាយការណ៍ចរាចរណ៍ ដែលបានឡើងក្នុងកិច្ចប្រជុំ បង្ហាញថា នៅទូទាំងប្រទេស ក្នុងរយៈពេល ៦ខែ ក្នុងឆ្នាំ២០២១ នេះ គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស បានកើតឡើងសរុប ១.២៦១លើក (យប់ ៥៤ភាគរយ) បណ្ដាលឱ្យស្លាប់ ៧០៩នាក់ និងរងបួស ១.៧៩២នាក់។ ក្នុងនោះរបួសធ្ងន់ ១.០៤៦នាក់។ គ្រោះថ្នាក់ចរាចរណ៍ ក្នុងឆមាសទី១នេះ បានថយចុះ ៣៥៨លើក ស្មើនឹង ២២ភាគរយ ហើយអ្នកស្លាប់ថយចុះ ១៥២នាក់ ស្មើនឹង ១៨ភាគរយ និងរងរបួសថយចុះ ៦៥៧នាក់ ស្មើនឹង ២៧ភាគរយ។
ចំណែកមូលហេតុនៃគ្រោះថ្នាក់ គឺល្មើសល្បឿន ៣៤ភាគរយ បើកបរមិនគោរពសិទ្ធិ ២៣ភាគរយ មិនប្រកាន់ស្ដាំ ១៦ភាគរយ វ៉ាជែង ៨ភាគរយ បត់ ៩ភាគរយ កត្តាយានយន្ត ៣ភាគរយ ស្រវឹង ៣ភាគរយ និងបញ្ហាសុខភាព ងងុយ ១ភាគរយ។
ជាការកត់សំគាល់ ក្នុងចំណោមជនរងគ្រោះ ស្លាប់ មាន ៧៨ភាគរយ គឺជាអ្នកជិះម៉ូតូ ស្មើនឹង ៥៥៥នាក់ និងមិនពាក់មួកសុវត្ថិភាព ចំនួន ៦៩ភាគរយ ស្មើនឹង ៣៨៥នាកក់។ ដោយឡែក រាជធានីខេត្ត ដែលមានអត្រាគ្រោះថ្នាក់ច្រើនជាងគេ រួមមាន នៅរាជធានីភ្នំពេញ ៣៤០លើក ខេត្តកណ្ដាល ៨៦លើក និងខេត្តស្វាយរៀង ៧៧លើក។
នៅទូទាំងប្រទេស ក្នុងរយៈពេល ៦ខែក្នុងឆ្នាំ២០២១ នេះ សមត្ថកិច្ច បានផាកពិន័យយានយន្តល្មើសច្បាប់ប្រមាណជាង ១សែន ៥ម៉ឺនគ្រឿង។ ក្នុងនោះ ទោចក្រយានយន្ត ត្រីចក្រយានយន្ត មាន ៧៣ភាគរយ។ ក្នុងចំណោម ៧៣ភាគរយនោះ មាន ៩០ភាគរយ មិនពាក់មួកសុវត្ថិភាព ៦ភាគរយ ល្មើសសញ្ញាចរាចរណ៍ ២ភាគរយ គ្មានស្លាកលេខ ២ភាគរយ ប្រើទូរសព្ទ និង១ភាគរយទៀត អ្នកបើកបរ ក្នុងស្ថានភាពស្រវឹងស្រា។
ដោយឡែករថយន្តល្មើសវិញ ក្នុងរយៈពេល ៦ខែមកនេះ មានចំនួន ២៨.២០១គ្រឿង ស្មើនឹង ២៧ភាគរយ។ ក្នុងនោះ រថយន្តធុនធ្ងន់ មាន ៦.៤៣១គ្រឿង។ ក្នុងចំណោមរថយន្តល្មើសទាំងនោះ មានបទល្មើស មិនពាក់ខ្សែក្រវ៉ាត់ ៥២ភាគរយ ល្មើសល្បឿន ១៦ភាគរយ ប្រើទូរសព្ទ ១០ភាគរយ គ្មានស្លាកលេខ ៥ភាគរយ ល្មើសសញ្ញាចរាចរណ៍ ៧ភាគរយ គ្មានបណ្ណបើកបរ ៤ភាគរយ ដឹកលើសចំណុះ ៤ភាគរយ គ្មានឆៀក ១ភាគរយ គ្មានអាជីវកម្ម ១ភាគរយ និងបើកបរក្នុងស្ថានភាពស្រវឹង ១ភាគរយ៕ នីយ៉ា
ចែករំលែកព័តមាននេះ