ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍សំរោងក្រោម បានឃាត់រថយន្តម៉ាកតូយ៉តា ព្រូស ស៊េរីឆ្នាំ២០១០ ពណ៌ស មួយគ្រឿង តាមបណ្ដឹងរបស់ម្ចាស់រថយន្តម៉ាកតូយ៉ូតាព្រូសស៊េរី ឆ្នាំ២០១០ ពណ៌កាំម៉ៃមួយគ្រឿងទៀត។ រថយន្តទាំងពីរគ្រឿង ដែលដូចកូនភ្លោះនេះ ត្រូវបានម្ចាស់ បើកបរតាមផ្លូវ ហើយបំពាក់ស្លាកលេខដូចគ្នាបេះបិត។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៣រសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ នៅតាមផ្លូវបេតុង ក្នុងបុរីពិភពថ្មី ឈូកវ៉ា២ ក្នុងភូមិតិក្ខបញ្ញា សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
នគរបាល បានប្រាប់ថា រថយន្តម៉ាក តូយ៉ូតា ព្រូសទាំង ២គ្រឿងនោះ ពាក់ស្លាកលេខ ភ្នំពេញ 2BK-4454 ហើយ ១គ្រឿង ពណ៌ស មានបិតស្កុតខ្មៅ លើស្តុបក្រោយ។ រថយន្តនេះ គ្មានឯកសារសម្គាល់អ្វីទាំងអស់ ហើយស្លាកលេខ មានប្រព័ន្ធ QR Code ដែរ តែស្គែនទិន្នន័យ អត់ចេញអ្វីឡើយ។ គេសង្ស័យថា ជាស្លាកលេខក្លែងក្លាយ។ ចំណែករថយន្តព្រូស ១គ្រឿងទៀត ពណ៌កាំម៉ៃ មានឯកសារត្រឹមត្រូវ គ្រប់គ្រាន់ទាំងអស់ ហើយប្រើប្រព័ន្ធ QR Code ស្គែន ចេញទិន្នន័យជាធម្មតា ដែលបញ្ជាក់ថា ស្របច្បាប់។
នគរបាល បានប្រាប់ថា នៅមុនពេលកើតហេតុ ម្ចាស់រថយន្ត ដែលមានឯកសារត្រឹមត្រូវគ្រប់គ្រាន់ បានបើកបររថយន្តរបស់ខ្លួន ធ្វើដំណើរតាមផ្លូវបេតុងបុរីពិភពថ្មី ឈូកវ៉ា២ ក្នុងភូមិតិក្ខបញ្ញា សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ខណៈនោះ ស្រាប់តែមានការភ្ញាក់ផ្អើល ដោយគាត់បានប្រទះឃើញរថយន្តព្រូស បិតស្កុតស្តុបខ្មៅនោះ ពាក់ស្លាកលេខដូចរថយន្តរបស់ខ្លួន កំពុងបើកបរ នៅតាមផ្លូវជាមួយគ្នានោះដែរ។
ប្រភពដដែល បានបន្តទៀតថា ពេលនោះ គាត់ក៏បានដេញតាម និងប្ដឹងឲ្យកម្លាំងនគរបាលប៉ុស្តិ៍សំរោងក្រោម ជួយឃាត់ទាំងរថយន្ត និងទាំងអ្នកបើកបរ នាំទៅសាកសួរនៅប៉ុស្តិ៍តែម្ដង។ ពេលនាំទៅដល់ប៉ុស្តិ៍សំរោងក្រោម នគរបាល បានសួរនាំអ្នកបើកបររថយន្តសង្ស័យនោះ ដើម្បីរកឯកសារសម្គាល់យានយន្ត។ ប៉ុន្តែបុរសនោះ បានឆ្លើយថា អត់មានទេ មិនតែប៉ុណ្ណោះ បុរសនោះ បាននិយាយទៀតថា រថយន្តនេះ ពុំមែនជារបស់ខ្លួនឡើយ គឺខ្លួនបានខ្ចីពីបងប្អូនជីដូនមួយ ជិះតែប៉ុណ្ណោះ។
ក្រោយមក នគរបាល បានសម្រេចដកហូតរថយន្តទាំង ២គ្រឿង ទុកសិន ដើម្បីធ្វើការស្រាវជ្រាវ និងរង់ចាំមន្ត្រីជំនាញ ក្រសួង និងមន្ទីរសាធារណការ និងដឹកជញ្ជូន ពិនិត្យបន្តទៀត។
ជាចុងក្រោយ ម្ចាស់រថយន្តព្រូស ដែលមានឯកសារត្រឹមត្រូវ បានសម្រេចឈប់ប្ដឹង តែសំណូមពរឲ្យនគរបាល ជួយដកហូតយកស្លាកលេខពីរថយន្តសង្ស័យនោះទុក៕ យន់ ស៊ីថា
ចែករំលែកព័តមាននេះ