រាជធានីភ្នំពេញ ៖ អត្រានៃការឆ្លងកូវីដ-១៩ នៅកម្ពុជា ទាំងការឆ្លងក្នុងសហគមន៍ និងករណីនាំចូលពីក្រៅប្រទេស ពិសេសជាមួយនឹងវត្តមានវីរុសបំប្លែងថ្មី ដែលតា កំពុងវាយលុកក្នុងប្រទេសកម្ពុជា គេកត់សម្គាល់ឃើញថា រយៈពេល១៥ ថ្ងៃដើមខែកញ្ញា ឆ្នាំ២០២១ នេះ កម្ពុជាបានកត់ត្រាករណឆ្លងកូវីដ-១៩ មានចំនួន៨៦៥៥ នាក់ កើនឡើងជាង៥០០ករណីធៀបនឹងរយៈពេលដូចគ្នានៃខែមុន ។
អ្វីដែលគួរឱ្យកត់សម្គាល់ គឺអត្រានៃការឆ្លងប្រចាំថ្ងៃរកឃើញកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ម្សិលមិញមានចំនួនដល់ទៅ ៦៩៣នាក់ ដែលជាការឆ្លងច្រើនបំផុតប្រចាំថ្ងៃ សម្រាប់រយៈពេល ១៥ ថ្ងៃកន្លងទៅនាខែកញ្ញា ឆ្នាំ២០២១ នេះ ។
យ៉ាងណាមិញ អត្រានៃការស្លាប់ប្រចាំថ្ងៃដោយកូវីដ-១៩ មានការថយចុះជាបន្តបន្ទាប់ ក្នុងនោះការស្លាប់ច្រើនបំផុតសម្រាប់រយៈពេល ១៥ ថ្ងៃកន្លងទៅ គឺថ្ងៃទី ៨ ខែកញ្ញា មានអ្នកស្លាប់ចំនួន ២០នាក់ ខណៈការស្លាប់ខ្ពស់បំផុតនាខែសីហា គឺថ្ងៃទី ២ ខែសីហា មានអ្នកស្លាប់ដល់ទៅ ២៩ នាក់ ។
យោងតាមប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចេញផ្សាយជាប្រចាំថ្ងៃអំពីស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២១ មានករណីឆ្លងកូវីដ-១១៩ សរុប ៨៦៥៥ នាក់ (ក្នុងនោះឆ្លងក្នុងសហគមន៍មានចំនួន ៦៤៥០ នាក់ និងករណីនាំចូលពីក្រៅប្រទេសចំនួន ២២០៥ នាក់) ស្លា.ប់ ចំនួន ១៦២ នាក់ និងជាសះស្បើយចំនួន ៦៦៩៦ នាក់ ។ ធៀបនឹងរយៈពេលដូចគ្នានៃខែសីហា ករណីឆ្លងថ្មីមានការកើនចំនួន ៥៣៣ នាក់ (ឆ្លងសរុប១៥ ថ្ងៃខែសីហាមានចំនួន ៨១២៧នាក់) ករណីស្លាប់ដោយកូវីដ-១៩ ថយចុះចំនួន ១២២ នាក់ និងការព្យាបាលជាសះស្បើយរយៈពេល ១៥ ថ្ងៃខែកញ្ញា ថយចុះចំនួន ៣៧៥២នាក់ បើធៀបនឹងរយៈពេលដូចគ្នានៃខែសីហា ។
ទន្ទឹមនឹងអត្រានៃការឆ្លងប្រចាំថ្ងៃមានសន្ទុះខ្ពស់ឡើងមកខ្ទង់ជាង ៦០០ក្រាស់រយៈពេល ៧ ថ្ងៃជាប់ៗគ្នានេះផងដែរ ក្រសួងសុខាភិបាលបានក្រើនរម្លឹកបុគ្គលគ្រប់រូបត្រូវចូលរួមឱ្យបានសស្រាក់សស្រាំក្នុងការអនុវត្ត ៣កុំ ៣ការពារ ខណៈកម្ពុជានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩បំប្លែងថ្មីដែលតា «Delta» មានរហូតដល់៣៧៣១នាក់ ដែលបានឆ្លងនៅក្នុងរាជធានី-ខេត្តចំនួន២៤ គិតត្រឹមថ្ងៃទី ៩ កញ្ញា លើកលែងតែខេត្តកែបមួយប៉ុណ្ណោះមិនឆ្លងជំងឺកូវីដ-១៩ បំប្លែងថ្មីនេះ ។
លោកស្រីវេជ្ជបណ្ឌិត Li Ailan ប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា កាលពីពេលថ្មីៗកន្លងមកនេះថា ការផ្ទុះរាតត្បាតជំងឺកូវីដ-១៩ ប៉ះពាល់គ្រប់ខេត្ត និងសហគមន៍ទាំងអស់ ។ ដូច្នេះហើយមនុស្សគ្រប់រូបត្រូវដើរតួនាទីរបស់ខ្លួនដោយការទទួលខុសត្រូវ ។
លោកស្រីបញ្ជាក់ថា ៖«សុវត្ថិភាពរបស់ប្រទេសយើងទាំងមូលពឹងផ្អែកលើ សកម្មភាពបុគ្គលម្នាក់ៗ ។ មានតែនៅពេលដែលមនុស្សគ្រប់រូបបំពេញតួនាទី ដោយការទទួលខុសត្រូវទេទើបយើងអាចទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ហើយអាចសម្លឹងឆ្ពោះទៅរកអនាគតដ៏ត្រចះត្រចង់មួយបាន» ៕
ចែករំលែកព័តមាននេះ