រាជធានីភ្នំពេញ ៖ ទីបំផុត កីឡាករ រិន សារ័ត្ន មកពីក្លិបបញ្ជាការដ្ឋានកងទ័ពជើងទឹកនៅតែមិនអាចសងសឹកបានសម្រេចដដែល ធ្វើឱ្យតំណែងម្ចាស់លានខារ៉ាបាវលើកនេះ ធ្លាក់ទៅលើកណ្ដាប់ដៃកីឡាករអេលីត ភក្ដី ក្លិបបញ្ជាការដ្ឋានអង្គរក្សទាល់តែបាន បន្ទាប់ពីឆ្លកាត់ការប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេល៥ទឹកពេញនៅលើសង្វៀនស៊ីអិន ស៊ីកាលពីថ្ងៃសៅរ៍ ទី២១ សីហា។
ចំពោះលទ្ធផលនៃការប្រកួតលើកនេះ ដូចកាលពីលើកមុនអញ្ចឹង គឺចាញ់ឈ្នះដោយមិនឯកច្ឆ័ន្ទ ៣ទល់និង២ដដែល ។ សម្រាប់ការប្រកួតលើកនេះផងដែរចាប់ពីទឹកទី១រហូតទៅ រិន សារ័ត្ន ព្យាយាមប្ដូស្នៀតកែងនិងជង្គង់បុកទៅលើអេលីត ភក្ដី យ៉ាងសាហាវបំផុត គោលបំណងរបស់គេគឺចង់ផ្ដួលអេលីត ភក្ដីឱ្យបានឆាប់បំផុត ដើម្បីក្លាយជាម្ចាស់ប្រាក់លានហើយក៏ចង់សងសឹកឱ្យបានសម្រចទៀតផង ។ ប៉ុន្តែអេលីត ភក្ដី មិនបណ្ដោយឱ្យរិន សារ័ត្ន ធ្វើអ្វីមកលើខ្លួនបានដោយងាយនោះទេ ផ្ទុយទៅវិញគេបានប្រើស្នៀតជើងទាត់សំដៅកណ្ដៀតក្អមនិងកញ្ចឹងក ឡើងចង់លស់ព្រលឹងម្ដងៗទៅហើយ ។ ម្យ៉ាងវិញទៀតចូលដល់ទឹកទី៣និងទី៤កម្លាំងស៊ុហ្វរិន សារ័ត្ន ក៏រាងធ្លាក់ចុះខ្សោយបន្តិចទៅហើយដែរ ។ ប៉ុន្តែសារ័ត្ននៅតែមិនដកថា សម្រុកដើរចូលវាយទៅលើ ភក្ដី ដូចខ្លាត្រូវរបួស។
ទោះជាយ៉ាងណា គូនេះចាប់តាំងពីប្រកួតទឹកទី១ភ្លាមមិនធ្វើឱ្យអ្នកតាមដានការប្រកួតខកបំណងឡើយ ដោយគេបានប្រើប្រាស់អស់ពីសមត្ថភាពបច្ចេកទេសរៀងៗខ្លួន ឡើងកក្រើកសង្វៀនតែម្ដង។ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះ ចប់ការប្រកួតទឹកទី៥កីឡាករ រិន សារ័ត្នជួបនូវរឿងខកចិត្តយ៉ាងខ្លាំងក្រោយពីគណៈកម្មការប្រកួតប្រកាសឱ្យចាញ់ពិន្ទុទាំងមិនអស់ចិត្ត៣-២។
ចំណែកគូប្រកួតដណ្ដើមប្រាក់លានមួយគូទៀត កីឡាករធន់ ស៊ីវហុងសមាគមកីឡាប្រដាល់កងយោធពលខេរភូមិន្ទក៏បានធ្វើឱ្យកីឡាករហ៊ីម គីមរៀងក្លិបជ្រៃសែនជ័យខេត្តកំពង់ស្ពឺខកចិត្តមិនស្ទើដែរ ក្រោយពីបានតស៊ូកណ្ដាប់ដៃគ្នាអស់រយៈពេល៥ទឹកពេញគឺលទ្ធផលចាញ់ឈ្នះមិនឯកច្ឆ័ន្ទដូចគ្នា។
គូនេះគ្រាន់តែស្នូជួងទឹកទី១បន្លឺឡើងភ្លាម ស្ទុះវាយសម្រុករកគ្នាតែម្ដង ព្រោះអីមុនពេលប្រកួតម្នាក់ៗសុទ្ធតែចង់ក្លាយជាម្ចាស់ប្រាក់លានដូចគ្នា។ធន់ ស៊ីវហុងដែលពូកែប្រើស្នៀតជើងនោះបានទាត់ទៅលើ ហ៊ីម គីមរៀងមិនបង្អង់យូឡើយ តែក៏ត្រូវ គីមរៀងបញ្ជូនស្នៀតកណ្ដាប់ដៃម៉ាត់បកសងមកវិញភ្លាមៗដែរ ។
ជាពិសេសនៅក្នុងទឹកទី៤តែម្ដងគេទាំងពីរបានប្ដូរស្នៀតជើងទាត់សំដៅកញ្ចឹងក ធ្វើឱ្យហ៊ីម គីមរៀង ដួលទាំងជំហ៊រទៅលើតាពី។ប៉ុន្តែគីមរៀង ហាក់បីដូចជាថមថយកម្លាំងបន្តិចនៅចុងទឹកទី៥ ធ្វើឱ្យចប់ការប្រកួតគណៈកម្មការប្រកួតប្រកាសលទ្ធផលឱ្យធន់ ស៊ីវហុងឈ្នះពិន្ទុដោយមិនឯកច្ឆ័ន្ទ៤-១។ធ្វើឱ្យហ៊ីម គីមរៀងបាត់បង់ឱកាសក្លាយជាម្ចាស់ប្រាក់លានទាំងមិនអស់ចិត្ត៕
ចែករំលែកព័តមាននេះ