រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ នេះ អាជ្ញាធរមូលដ្ឋានសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ បានសម្រេចបិទខ្ទប់៥ភូមិ តាមផ្លូវលេខ១៣៤ និងឌឿងហែមជាប់ផ្សារឌុយមិច ខាងក្រោយប៉ុស្តិ៍នគរបាលមិត្តភាព ដោយសារតែបានរកឃើញ២នាក់ប្តី-ប្រពន្ធស្នាក់នៅផ្ទះជាន់ទី១ ឆ្លងជំងឺកូវីដ១៩ ដែលសង្ស័យថា ជាមេរោគបំប្លែងប្រភេទថ្មី «ដែលតា» ដែលរស់នៅទីនោះ ។
![](https://kohsantepheapdaily.com.kh/wp-content/images/2021/08/a5771bce93e200c36f7cd9dfd0e5deaa-17.jpg)
ហើយពេលនេះ អាជ្ញាធរក៏បាននិងកំពុងរក្សាទុកប្តីប្រពន្ធទាំង២នាក់នៅក្នុងផ្ទះ ដើម្បីរង់ចាំអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ។ ក្នុងនោះដែរ ក៏មានមនុស្ស២នាក់ទៀត ដែលរស់នៅ និងស្និទ្ធស្នាលជាមួយប្តីប្រពន្ធឆ្លងជំងឺកូវីដ១៩ ដែលសង្ស័យថា (ដែលតា)នោះ ក៏ត្រូវបានសមត្ថកិច្ច និងអាជ្ញាធរ កំពុងយកសំណាក និងរក្សាមួយកន្លែងនៅសណ្ឋាគារស្កាយឡាយ ។
![](https://kohsantepheapdaily.com.kh/wp-content/images/2021/08/d67d8ab4f4c10bf22aa353e27879133c-16.jpg)
គួរបញ្ជាក់ថា ចំពោះមនុស្សទាំង៤នាក់ខាងលើនោះនៅមិនទាន់មានលទ្ធផលយ៉ាងណានៅឡើយទេ ខណៈពេលនេះកំពុងស្ថិតក្នុងការសង្ស័យ ដោយរង់ចាំធ្វើតេស្តពីម៉ាស៊ីនខ្នាតធំ ទើបដឹងលទ្ធផលយ៉ាងណា ។
ប៉ុន្តែទោះជាយ៉ាងណាក្តី ពេលនេះសមត្ថកិច្ចអាជ្ញាធរ បាននិងកំពុងសហការជាមួយខាងសុខាភិបាល ប្រឹងប្រែងបន្ត និងបិទខ្ទប់ភូមិមួយចំនួននៅក្នុងសង្កាត់មិត្តភាព ខណ្ឌមករា ជាបណ្តោះអាសន្ន ដើម្បី ទប់ស្កាត់ការឆ្លងរាលដាលនូវជំងឺឆ្លងបំប្លែងប្រភេទថ្មី «ដែលតា» នោះ ។
![](https://kohsantepheapdaily.com.kh/wp-content/images/2021/08/d645920e395fedad7bbbed0eca3fe2e0-20.jpg)
បើតាមការបង្ហើបពីខាងសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ២នាក់ប្តីប្រពន្ធដែលវិជ្ជមានកូវីដ១៩នោះ គឺសង្ស័យថា (ដែលតា) មេរោគកូវីដបំប្លែងថ្មី ហើយគាត់គឺជាអាជីវកររកស៊ីលក់ដូរនៅម្តុំសង្កាត់បឹងសាឡាង ខណ្ឌទួលគោក តែអាស័យដ្ឋានរបស់គាត់ស្ថិតនៅផ្ទះជាន់ទី១ ក្នុងច្រកឌឿងហែម ផ្លូវលេខ១៣៤ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ៕
![](https://kohsantepheapdaily.com.kh/wp-content/images/2021/08/3416a75f4cea9109507cacd8e2f2aefc-23.jpg)
![](https://kohsantepheapdaily.com.kh/wp-content/images/2021/08/a1d0c6e83f027327d8461063f4ac58a6-19.jpg)
![](https://kohsantepheapdaily.com.kh/wp-content/images/2021/08/17e62166fc8586dfa4d1bc0e1742c08b-16.jpg)
![](https://kohsantepheapdaily.com.kh/wp-content/images/2021/08/f7177163c833dff4b38fc8d2872f1ec6-18.jpg)
![](https://kohsantepheapdaily.com.kh/wp-content/images/2021/08/6c8349cc7260ae62e3b1396831a8398f-17.jpg)
ចែករំលែកព័តមាននេះ