រាជធានីភ្នំពេញ ៖ សមាគមសហគ្រិនស្ត្រីកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នារវាងសមាគមធនាគាកម្ពុជា និងសមាគមគ្រឹះស្ថានហិរញ្ញវត្ថុកម្ពុជាដើម្បីជំរុញឲ្យសហគ្រិនស្ត្រីទទួលបានប្រាក់កម្ចីយកទៅពង្រីកអាជីវកម្មរបស់ខ្លួន ឲ្យកាន់តែទូលំទូលាយ និងងាយស្រួលជាងមុន ។ ក្នុងពិធីចុះកិច្ចព្រមព្រៀងដែលធ្វើឡើងតាមប្រព័ន្ធបច្ចេកវិទ្យា នារសៀលថ្ងៃទី ៦ សីហា លោកស្រី កែវ មុំ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជាបានលើកឡើងថា កិច្ចព្រមព្រៀងនេះ នឹងបង្កភាពងាយស្រួលដល់សហគ្រិនដើម្បីទទួលបានប្រាក់កម្ចីនៅក្នុងបរិបទដែលសហគ្រាស និងអាជីវកម្មគ្រប់កម្រិតបានកំពុងរងគ្រោះដោយសារជំងឺកូវីដ ១៩ ។
សហគ្រិនស្ត្រីត្រូវគេដឹងថា មានចំនួនប្រមាណ ៦០% ក្នុងចំណោមសហគ្រាសក្នុងស្រុកសរុបជាង ៥០ ម៉ឺនសហគ្រាស ។ ប្រធានសមាសហគ្រិនស្ត្រីកម្ពុជា បានថ្លែងថា កន្លងមកស្ត្រីមានការលំបាកនៅក្នុងការទទួលបានឥណទាន ។ លំបាកបើតាមលោកស្រី កែវ មុំថា ដោយសារសហគ្រិនស្ត្រីនៅខ្វះចំណេះជំនាញក្នុងការធ្វើបញ្ជីស្នាមដើម្បីឆ្លើយតបតម្រូវការរបស់ធនាគារក្នុងការទទួលបានប្រាក់កម្ចី ។ លោកស្រីលើកឡើងទៀតថា កន្លងមកបើ សហគ្រិនស្ត្រីបើទទួលបានកម្ចីក៏ទទួលមិនបានតាមគ្រប់ចំនួនតាមតម្រូវការរបស់ខ្លួនដែរ ។ ផលលំបាកនៅក្នុងការទទួលបានឥនទានរបសស់អ្នកជំនួញជាស្ត្រីមួយចំណុចទៀត ក៏ដោយសារតែខាងធនាគារមានលក្ខណតឹងតែងចំពោះអតិថជនជាស្ត្រីផងដែរ ។
តំណាងភាគីធនាគារដែលលោកមានលោក អ៊ិន ចាន់នី តំណាងសមាគមធនាគារកម្ពុជា និងលោក សុខ វឿន តំណាងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានទទួលស្គាល់ថា កិច្ចព្រមព្រៀមដែលធ្វើនៅពេលនេះមានសារៈសំខាន់នៅក្នុងការជំរុញប្រាក់ឥណទានឲ្យដល់ដៃអតិថជនប្រកបដោយបរិយាប័ទនិងនីរន្តភាព ។ តាមរយៈអនុស្សរណៈយោគយល់នេះ គេសង្ឃឹមថា សិក្ខាសាលា និងការបណ្តុះបណ្តាលពីហិរញ្ញវត្ថុនឹងកើតមានបន្តបន្ទាប់ក្នុងការលើកកម្ពស់ការយល់ដឹងពីហិរញ្ញវត្ថុផងដែរ ។
ស្របពេលការរំពឹងថា នឹងទទួលបានឥណទានពីវិស័យធនាគារកាន់ទូលំទូលាយ និងមានភាពងាយស្រួលជាងមុន លោកស្រី កែវ មុំ បានលើកទឹកចិត្តដល់សហគ្រិនស្ត្រីទំាងអស់ត្រូវចុះបញ្ជីសហគ្រាសរបស់ខ្លួនបានគ្រប់ៗគ្នា ដើម្បីងាយស្រួលនៅក្នុងការទទួលបានឥណទាន និងជំនួយពេលជួបបញ្ហានានា ។ លោកស្រីបានបញ្ជាក់ថា «អាជីវកម្មដែលរឹងមំានឹងរីកចម្រើនទៅមុខដោយសារយើងហ៊ានខ្ចីលុយពីធនាគារ យកមកពង្រីកអាជីវកម្មរបស់យើង ។ បើយើងរកស៊ី ពឹងតែលុយយើងផ្ទាល់នោះ ការពង្រីកអាជីវកម្មនឹងនៅមានកម្រិត ពិបាកលូតលាស់ឲ្យបានលឿន ។ ការីកចម្រើនរបស់សហគ្រាសស្ត្រីនិងជួយដល់ការរីកចម្រើនសេដ្ឋកិច្ចសង្គមផងដែរ ៕
ចែករំលែកព័តមាននេះ