ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ព្រឹត្តិការណ៍​ដ៏​ធំ​ប្រចាំឆ្នាំ ២០២១ ស​ន្និ​សីទ​សហគ្រិន​កសិកម្ម​កម្ពុជា ដែល​មាន​អ្នកចូលរួម​ប្រមាណ​ជាង​៣០០​នាក់

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​កម្ពុជា សាខា​ភ្នំពេញ (JCI PHNOM PENH) បាន​រៀបចំ​នូវ​កម្មវិធី​ប្រចាំឆ្នាំ​របស់​ខ្លួន ENTREPRENEUR SQUARE លើក​ទី​៣…

រាជធានី​ភ្នំពេញ​៖ សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​កម្ពុជា សាខា​ភ្នំពេញ (JCI PHNOM PENH) បាន​រៀបចំ​នូវ​កម្មវិធី​ប្រចាំឆ្នាំ​របស់​ខ្លួន ENTREPRENEUR SQUARE លើក​ទី​៣ តាម​រយៈ ស​ន្និ​សិ​ទ​សហគ្រិន​កសិកម្ម​កម្ពុជា ក្រោម​ប្រធានបទ “​គំនិត​ច្នៃប្រឌិត​នៃ​កសិកម្ម​សម្រាប់​ការ​រីក​ចម្រើន​ប្រកបដោយ​ចីរភាព​” កាលពី​ព្រឹក ថ្ងៃ​អង្គា​រ៍ ទី​២៨ ខែកក្កដា ឆ្នាំ​២០២១ កន្លង​ទៅ​នេះ ដោយ​មាន​អ្នកចូលរួម​ប្រមាណ​ជាង ៣០០​នាក់ តាម​ប្រព័ន្ធ​អន​ឡាញ ZOOM CONFERENCE​។

កម្មវិធី​នេះ​មានការ​ចូលរួម​សហ​ការណ៍​ដោយ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា និង​សមាគម​ន៍​អ្នក​ផលិត​ចំណីអាហារ​កម្ពុជា ព្រមទាំង ទទួល​បានការ​គាំទ្រ​ដោយ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង នេសាទ អគ្គនាយកដ្ឋាន​កសិកម្ម សហគ្រិន​ខ្មែរ (KHMER ENTERPRISE) , FEED THE FUTURE, USAID, AUSTRALIAN AID និង CAMBODIA-AUSTRALIA AGRICULTURAL VALUE CHAIN PROGRAM (CAVAC)​។

កម្មវិធី​មួយ​នេះ​ទទួល​បាន​លទ្ធផល​យ៉ាង​ជោគជ័យ គួរ​ជាទី​ចាប់អារម្មណ៍ ដោយ​មាន​វាគ្មិន​ជំនាញ​មក​ពី​វិស័យ​កសិកម្ម បណ្តា​សមាគម និង​ដៃគូ​ពាក់ព័ន្ធ ក្នុង​ការ​មក​បកស្រាយ និង​ធ្វើ​របាយការណ៍​សំខាន់​ៗ ទាក់ទិន​នឹង បញ្ហា​ប្រឈម គោលនយោបាយ​អភិវឌ្ឍន៍​កសិកម្ម​របស់​រាជរដ្ឋាភិបាល​ឆ្នាំ​២០២១-២០៣០ និង​យុទ្ធសាស្ត្រ និន្នាការ​នៃ​ទីផ្សារ ក៏​ដូច​ជា​ឱកាស ដើម្បី​គាំទ្រ​កម្មវិធី​នានា ទាំង​រដ្ឋ និង​ឯកជន រួម​មានការ​ជួយ​ផ្នែក​បច្ចេកទេស ដើម្បី​ព​ន្លឿ​ន​អាជីវកម្ម​របស់​សហគ្រិន​កសិកម្ម​ផង​ដែរ​។
ស​ន្និ​សិ​ទ​នេះ ក៏​បាន​ឆ្លើយ​តប​ទៅ​នឹង​បេសកកម្ម​របស់ Junior Chamber International ហៅ​កាត់​ថា JCI ក្រោម​យុទ្ធនាការ JCI RISE ក្នុង​ការ​ចូលរួម​លើក​ស្ទួយ និង​ស្តារ​ឡើង​វិញ​នៃ​អាជីវកម្ម​នានា ក្នុង​កំឡុង​ពេល​នៃ​វិ​បត្ត​កូ​វីត​១៩ និង​ជា​ជំនួយ​នូវ​ផ្នែក​បច្ចេកទេស និង​ចំណេះដឹង ដើម្បី​ជម្រុញ​អាជីវកម្ម​របស់​សមាជិក​របស់​ខ្លួន និង​សហគ្រិន​ទូទៅ ដើម្បី​បន្ត​ឲ្យ​មានការ​អភិវឌ្ឍ​ទៅ​មុខ​ប្រកបដោយ​ចីរភាព​។

គួរ​ជម្រាប​ផង​ដែរ​ថា ស​ន្និ​សិ​ទ​សហគ្រិន​កសិកម្ម​កម្ពុជា​នេះ មានការ​ចូលរួម ក្រោម​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់ លោក ប៉ាក ចន្ទ​លី​ណូ ប្រធាន​ថ្នាក់​ជាតិ JCI CAMBODIA ឆ្នាំ ២០២១ កញ្ញា សែ សម្ផស្ស ប្រធាន​សាខា JCI PHNOM PENH ឆ្នាំ ២០២១ វាគ្មិន​កិត្តិយស ឯកឧត្តម ស្រី វុ​ទ្ធី អគ្គលេខាធិការ ក្រសួង កសិកម្ម រុក្ខ​ប្រមាញ់ និង​នេសាទ និង​វាគ្មិន​កិត្តិយស​ជា​ច្រើន​រូប​ទៀត​ផង​ដែរ​។
អ្វី​ដែល​កាន់តែ​ពិសេស នៅ​ក្នុង​ស​ន្និ​សិ​ទ​សហគ្រិន​កសិកម្ម​កម្ពុជា បាន​ប្រព្រឹត្ត​ទៅ យ៉ាង​រលូន ដែល​មានការ​បាន​បែងចែក​ជា ៤​វគ្គ ដែល​វគ្គ​នីមួយ​ៗ មានការ​ចូលរួម​បកស្រាយ​ពី​វាគ្មិន ដូច​ខាងក្រោម ៖

វគ្គ​ទី​១ លោក ឡៅ ប៉ូ​លី​វេ​ត អនុប្រធាន​នាយកដ្ឋាន​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច និង​សារពើពន្ធ នៃ​អគ្គនាយកដ្ឋាន​គោលនយោបាយ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​អ្នកស្រី ជឺ ពន្លឺ ប្រធាន AGRICULTURAL COMPETITIVENESS, CAVAC បាន​ឡើង​មក​បកស្រាយ​ពី​ដំណើរការ បញ្ហា និង​ឱកាស​សម្រាប់​វិស័យ​កសិកម្ម​កម្ពុជា​។

វគ្គ​ទី​២ មានការ​បកស្រាយ​ពី​សំណាក់ ឯកឧត្តម ស្រី វុ​ទ្ធី អគ្គលេខាធិការ​នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​បណ្ឌិត កែ មុ​ន្ធី​វុ​ធ ប្រធាន​នាយកដ្ឋាន​ការពារ​ដំណាំ អនាម័យ និង​ភូតគាម​អនាម័យ ដែល​បាន​បកស្រាយ អំពី គោលនយោបាយ​អភិវឌ្ឍន៍​កសិកម្ម​របស់​រាជរដ្ឋាភិបាល ឆ្នាំ​២០២១-២០៣០ ដើម្បី​ជា​ទិស​ដៅ​សម្រាប់​ដៃគូ និង​គម្រោង​អភិវឌ្ឍន៍ ជា​ពិសេស​សហគ្រិន​កសិកម្ម ក្នុង​ការ​រៀបចំ​គម្រោង​អោយ​សម​ស្រប​ទៅ​នឹង​គោលនយោបាយ​រាជរដ្ឋាភិបាល និង​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ សម្រាប់​នាំ​ចេញ​កសិផល​ទៅ​ក្រៅប្រទេស​។

វគ្គ​ទី​៣ មានការ​ចូលរួម​បកស្រាយ ពី​លោក​ឧកញ៉ា សុង សា​រ៉​ន ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា និង​លោក មៀ​វ សុខ​ទ្រី ប្រធាន​សមាគម​ន៍​អ្នក​ផលិត​ចំណីអាហារ​កម្ពុជា បាន​បកស្រាយ​អំពី​ករណី​ផ្សេង​ៗ​របស់​ធុរៈកិច្ច កសិកម្ម មេរៀន ឧបសគ្គ និង​ដំណើរ​ឆ្ពោះទៅ​មុខ​ក្នុង​វិស័យ​កសិកម្ម​។

ចំណែក​វគ្គ​ចុង​ក្រោយ មាន​វាគ្មិន​៣​រូប គឺ ឯកឧត្តម​បណ្ឌិត ឈៀង វណ្ណ​មុនិ​ណ្ឌ នាយក​ប្រតិបត្តិ នៃ​សហគ្រិន​ខ្មែរ (Khmer Enterprise) លោក ដួង សា​រ៉ា​ក់ ប្រធាន Agribusiness of IFC-Asia Pacific និង​អ្នកស្រី អ៊ិ​ត កល្យាណ ដែល​ជា​អនុប្រធាន​គម្រោង Harvest II, USAID ដែល​បាន​បកស្រាយ អំពី​កញ្ចប់​ជំនួយ​គាំទ្រ​ទាំង​កញ្ចប់​ថវិកា និង​បច្ចេកទេស ដល់​សហគ្រិន​កសិកម្ម​កម្ពុជា ពី​គម្រោង​គាំទ្រ របស់​រដ្ឋាភិបាល និង​ដៃគូ​អភិវឌ្ឍន៍​ផ្សេង​ទៀត​។

វគ្គ​ទាំង​៤ នៃ​ស​ន្និ​សិ​ទ​សហគ្រិន​កសិកម្ម​កម្ពុជា បាន​ញ៉ាំង​អោយ​កម្មវិធី​មួយ​នេះ​កាន់តែ​មានការ​ចាប់អារម្មណ៍ និង​មានការ​ចូលរួម​ឆ្លើយឆ្លង​នូវ​ច​ម្ង​ល់​ផ្សេង​ៗ រវាង​វាគ្មិន​កិត្តិយស និង​អ្នកចូលរួម​យ៉ាង​សកម្ម​ផង​ដែរ​។

ក្រុមការងារ ENTREPRENEUR SQUARE នៃ​សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​កម្ពុជា សាខា​ភ្នំពេញ (JCI PHNOM PENH) មាន​សេចក្តី​សោមនស្ស​រីករាយ និង​សូម​ធ្វើការ​ថ្លែងអំណរគុណ ដល់​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ពី​សំណាក់​វាគ្មិន​កិត្តិយស ដៃគូ​សហ​ការណ៍ បណ្តា​អ្នកគាំទ្រ ដៃគូ​ពាក់ព័ន្ធ អ្នក​ឧបត្ថម្ភ​នានា ដៃគូ​ផ្សព្វផ្សាយ និង​អ្នកចូលរួម​ទាំងអស់​ដែល​បាន​ចំណាយ​ពេលវេលា​ដ៏​មាន​តម្លៃ ដើម្បី​ចូលរួម​ចំណែក ក្នុង​ស​ន្និ​សិ​ទ​សហគ្រិន​កសិកម្ម​កម្ពុជា ប្រកបដោយ​ផ្លែផ្កា​៕ ដោយ​សហការ