ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឯកឧត្តម​ ថោ ជេដ្ឋា ចុះ​ពិនិត្យ​វឌ្ឍនភាពគម្រោង​អភិវឌ្ឍន៍​ទំនប់​ជូន​ទ្រី ក្នុង​ខេត្តបាត់ដំបង

2 អាទិត្យ មុន

នៅ​ថ្ងៃ​ទី ​២៧ ខែមេសា ឆ្នាំ​ ២០២៤ នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក…

នៅ​ថ្ងៃ​ទី ​២៧ ខែមេសា ឆ្នាំ​ ២០២៤ នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​អញ្ជើញ​អមដំណើរ​គណៈប្រតិភូ​ដឹកនាំ​ដោយ​សម្តេច​ក្រឡាហោម ស ខេ​ង ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​បាត់ដំបង ចុះ​ពិនិត្យ​គម្រោង​អភិវឌ្ឍន៍​ទំនប់​ដូន​ទ្រី ស្ថិត​ក្នុងស្រុក​រុក្ខ​គិរី ខេត្តបាត់ដំបង ​។ ក្នុង​ឱកាស​ចុះ​ពិនិត្យ​ពី​វឌ្ឍនភាព​ថ្មី​ៗ នៃ​សមិទ្ធផល​ក្នុង​ខេត្តបាត់ដំបង​នា​ពេល​នេះ​ក៏​មានការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម លោក​ជំទាវ សមាជិក​ព្រឹទ្ធសភា សមាជិក​រដ្ឋសភា សមាជិក​រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ឯកឧត្ដម​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តបាត់ដំបង និង​អង្គភាព​-​មន្ទីរ​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត​ ។

សូម​ជម្រាប​ថា គម្រោង​អភិវឌ្ឍន៍​ទំនប់​ដូន​ទ្រី ស្ថិត​នៅ​ចម្ងាយ​ប្រមាណ ៩០​ គីឡូម៉ែត្រ ភាគ​ពាយ័ព្យ​ពី​ក្រុង​បាត់ដំបង មាន​ទីតាំង​ស្ថិត​ក្នុងស្រុក​រុក្ខ​គិរី ខេត្តបាត់ដំបង​។ ហេដ្ឋារចនាសម្ព័ន្ធ​ការងារ​សំខាន់​រួម​មាន​ ៖ ទី​ ១)​ទំនប់​មេ​ប្រវែង​ ៦៥៤ ​ម៉ែត្រ ទី​ ២)​ សំណង់​បង្ហៀរ​ប្រវែង​ ៤១៤​ ម៉ែត្រ ទី​ ៣) ​រូង​ទូ​នេ​ល​ពង្វាង​ទឹក​រាង​ជា​ក្រចក​ជើងសេះ​ប្រវែង​ ៤៦២ ​ម៉ែត្រ ទី ​៤)​ សំណង់​គ្រប់គ្រង​ទឹកជា​ប្រភេទ​សំណង់​ប៉ម​មាន​ទ្វារ​ទឹក​ច្រើន​ថ្នាក់ ដែល​មាន​ទ្វារ​ទឹក​ចំនួន ​៥ និង​ស្ពាន​សម្រាប់​ឆ្លង​ទៅ​ប៉ម​ប្រវែង ៥៥ ​ម៉ែត្រ ទី ​៥) ​ផ្លូវ​ក្រាល​ថ្មភ្នំ​ប្រវែង ១៧,៣ ​គីឡូម៉ែត្រ និង​ទី ​៦) ​សំណង់​ដោះ​ទឹក​ចំនួន ៨ ​កន្លែង និង​ស្ពាន​បណ្តោះអាសន្ន​ចំនួន ៣​ កន្លែង ​។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ជម្រាប​ជូន​គណៈប្រតិភូ​ថា គម្រោង​អភិវឌ្ឍន៍​ទំនប់​ដូន​ទ្រី​ជា​ប្រព័ន្ធ​ធារាសាស្ត្រ​ថ្មី​មួយ​ជា​ប្រវត្តិសាស្ត្រ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី ​៧ នៃ​រដ្ឋសភា ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​ភាព​ឈ្លាសវៃ​របស់​សម្តេច​មហា​បវរ​ធិ​បតី​នាយក​រដ្ឋមន្ត្រី ដែល​សាងសង់​ប្រើប្រាស់​វិធីសាស្ត្រ​ថ្មី​មិន​ធ្លាប់​អនុវត្ត​នៅ​ក្នុង​ប្រទេស​កម្ពុ​ជានា​ពេល​កន្លង​មក​ដូច​ជា ការ​ជីក​រូង​ក្នុង​ភ្នំ ការ​ជីក​ថ្ម និង​វិធីសាស្ត្រ​ពង្រឹង​កែ​ច្នៃ​បាត​គ្រឹះ​ទំនប់​ជាដើម​ ។ ជាមួយ​គ្នា​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា គិត​មក​ដល់​ពេល​នេះ វឌ្ឍនភាព​នៃ​គម្រោង​អភិវឌ្ឍន៍​ទំនប់​ដូន​ទ្រី​សម្រេច​បាន​ប្រមាណ​ ៧៩ ភាគរយ ហើយ​គម្រោង​នេះ​ទទួល​បាន​កម្ចីសម្បទាន​ពី​សាធារណរដ្ឋ​កូរ៉េ (​កូរ៉េ​ខាងត្បូង​)​ ។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ក្រោយ​ពេល​សាងសង់​រួច​គម្រោង​នេះ​នឹង​មាន​លទ្ធភាព​ផ្គត់ផ្គង់​ទឹក​ស្រោចស្រព​សម្រាប់​បង្កើន​ផលិតផល​កសិកម្ម​លើ​ផ្ទៃដី​ប្រមាណ ៣៣ ០០០ ហិ​កតា នៅ​រដូវវស្សា និង ៤ ៥០០ ហិ​កតា នៅ​រដូវប្រាំង ព្រមទាំង​រួមចំណែក​ក្នុង​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត និង​កាត់​បន្ថយ​ទឹកជំនន់​តាម​តំបន់​មួយ​ចំនួន​នៅ​ផ្នែក​ខាងក្រោម ​។

សម្ដេច​ក្រឡាហោម ស ខេ​ង ឧត្ដម​ក្រុមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ បាន​ថ្លែង​នូវ​ការ​កោតសរសើរ​ដល់​ការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​លើ​គ្រប់​វិស័យ​នៅ​ក្នុង​ខេត្តបាត់ដំបង និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​បំពេញភារកិច្ច​យ៉ាង​សកម្ម​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ទឹក និង​ធានា​ដល់​ការ​ផ្គត់ផ្គង់​ទឹក​គ្រប់គ្រាន់​សម្រាប់​ការ​បង្កបង្កើន​ផល​ស្រូវ ដំណាំ​គ្រប់​ប្រភេទ និង​សម្រាប់​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ដែល​ជា​ផ្នែក​មួយ​ជួយ​លើក​ស្ទួយ​ដល់​ជីវភាព​រស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ តាម​រយៈ​វិស័យ​ទឹក ​។

គួរ​បញ្ជាក់​ថា គម្រោង​អភិវឌ្ឍន៍​ទំនប់​ដូន​ទ្រី​បាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃ​ទី ​២៥ ខែមិថុនា ឆ្នាំ​ ២០១៨ និង​គ្រោង​បញ្ចប់​នា​ខែតុលា ឆ្នាំ​ ២០២៥ ​ខាង​មុខ​នេះ ​៕ អត្ថបទសហការ