ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ប្រធាន ​ILO ​សរសើរ​វិស័យ​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​របស់​កម្ពុជា ​មាន​វឌ្ឍនភាព​លឿន

2 អាទិត្យ មុន

រាជធានីភ្នំពេញ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កាលពី​ថ្ងៃ​ទី​ ២៥ ខែមេសា…

រាជធានីភ្នំពេញ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កាលពី​ថ្ងៃ​ទី​ ២៥ ខែមេសា ឆ្នាំ​ ២០២៤ មក​នេះ បាន​ជួប​ពិភាក្សា​ជាមួយ​លោកស្រី Xiaoyan Qian នាយិការ​នៃ​ការិយាល័យ​អង្គការ​អន្តរជាតិ​ខាង​ការងារ​ (ILO)​ ប្រចាំ​កម្ពុជា ឡាវ និង​ថៃ ​នៅ​ទីស្តីការក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​។ ក្នុង​ជំនួប​នោះ លោកស្រី​នាយិកា បាន​សរសើរ​ថា វិស័យ​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​មាន​វឌ្ឍនភាព​លឿន​ជាង​បណ្តា​ប្រទេស​ក្នុង​តំបន់​មួយ​ចំនួន ​។

ទន្ទឹម​នឹង​នេះ ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​ថ្លែងអំណរគុណ​ដល់​លោកស្រី​ចំពោះ​ការ​វាយតម្លៃ​ និង​ការ​កោតសរសើរ ហើយ​ក៏​បាន​ថ្លែងអំណរគុណ​ដល់ ​ILO ​ដែល​បាន​ផ្តល់​កិច្ចសហការ​ដើម្បី​វឌ្ឍនភាព​នៃ​វិស័យ​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​តាម​រយៈ​គម្រោង ការ​បណ្តុះបណ្តាល​មន្ត្រី​ជំនាញ​លើ​ជំនាញ​ទន់​ដើម្បី​បង្កើន​ផលិតភាព​ការងារ គម្រោង​ការងារ​សមរម្យ​សម្រាប់​យុវជន គម្រោង​ទីផ្សារ​ការងារ​សកម្ម និង​គម្រោង​នៃ​ការ​កសាង​សមត្ថភាព​ស្ថាប័ន​ចំពោះ​បេឡា​ជាតិ​សន្តិសុខ​សង្គម​ជាដើម​ ។

បន្ថែម​ពី​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​បង្ហាញ​ចក្ខុវិស័យ​នៃ​ផែនការ​យុទ្ធសាស្ត្រ​រយៈពេល ​៥​ ឆ្នាំ​របស់​ក្រសួង​ដែល​ជា​គន្លឹះ​ ដើម្បី​ធ្វើ​ឱ្យ​វិស័យ​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​រីក​ចម្រើន​ឡើង​បន្ថែម​ទៀត ដែល​នេះ​ជា​ចំណុច​គន្លឹះ​ដ៏​សំខាន់​មួយ​ក្នុង​គោលបំណង​ធានា​ពី​ទំនាក់ទំនង​វិជ្ជាជីវៈ សិទ្ធិ​សេរីភាព ផលិតភាព និង​សុខមាលភាព រួម​ទាំង​បរិយាកាស​ល្អ​សម្រាប់​វិនិយោគិន​ផង​ដែរ​ ។

ក្នុង​នោះ​ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​ពន្យល់​លម្អិត​ពី​កម្មវិធី​ថ្នាក់​ជាតិ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ស្តី​ពី​ការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​វិជ្ជាជីវៈ​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​ងាយ​រង​ហានិភ័យ​ចំនួន ​១.៥​ លាន​នាក់​ដែល​ជា​យុទ្ធសាស្ត្រ​ដ៏​មុត​ស្រួច​ដើម្បី​ផ្លាស់​ប្តូរ​កម្លាំង​អតិពលកម្ម​ក្នុង​ទីផ្សារ​ការងារ​ឱ្យ​កម្ពុជា​ប្រែ​ក្លាយជា​សេដ្ឋកិច្ច​ដែល​ពឹងផ្អែក​លើ​ជំនាញ ​។

ទន្ទឹម​នឹង​នេះ​ទាំង​ឯកឧត្តម​រដ្ឋមន្ត្រី និង​លោកស្រី ​Xiaoyan Yan ក៏​បាន​ឯកភាព​គ្នា​ក្នុង​ការ​បន្ត​គាំទ្រ​ទៅ​វិញ​ទៅ​មក​ដើម្បី​ឱ្យ​គម្រោង​ដែល​ភាគី​ទាំង​ពីរ​បាន​កំពុង​សហការ​ឱ្យ​កាន់តែ​រលូន​ជា​បន្ត​ទៀត​ដើម្បី​វិបុលភាព​នៃ​វិស័យ​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​៕ អត្ថបទសហការ