ខេត្តកំពង់ចាម ៖ ប្រជាពលរដ្ឋមួយចំនួនរស់នៅតាមដងទន្លេមេគង្គបានចាប់យកអាជីពរាវលៀស នៅតាមដងទន្លេ ដើម្បីលក់ដោះស្រាយជីវភាពគ្រួសារ ។
ជាមួយនោះក៏មានឈ្មួញកណ្ដាលបានចុះមកទិញដល់មាត់ច្រាំងទន្លេនៅជិតក្រោមស្ពានគីហ្សុណា ក្នុងក្រុងកំពង់ចាម ដើម្បីយកទៅលក់នៅខេត្តព្រៃវែង និងរាជធានីភ្នំពេញ ។ សម្រាប់តម្លៃវិញនៅឆ្នាំ២០២១នេះថោកជាងឆ្នាំទៅ ដោយសារតែមានការផ្ទុះឡើងនៅជំងឺកូវីដ១៩ ។
លោកហឿន សុខ ហេង វ័យ២៦ឆ្នាំ រស់នៅខេត្តព្រៃវែងបានរៀបរាប់ឲ្យដឹងថា សម្រាប់រថយន្តរបស់គាត់ដឹករាល់ថ្ងៃបានក្នុងរង្វង់ពី៣០ទៅ៤០ធុង ដោយចេញពីក្រុងកំពង់ចាមនៅពេលល្ងាចដឹកយកទៅបោះឱ្យម៉ូយ នៅតាមបណ្ដាស្រុកមួយចំនួនក្នុងខេត្តព្រៃវែង ជួននៅម៉ោង៩ ឬទៅ១០យប់ទើបចូលផ្ទះសម្រាក ។
លោកសុខ ហេង ប្រាប់បន្តឲ្យដឹងទៀតថា មុខរបរនេះត្រូវបានស្នងតំណែងពីឪពុកម្ដាយដែលពួកគាត់បានដើរទិញលៀសនៅតាមបណ្ដាខេត្តមួយចំនួនយកមកលក់ក្នុងខេត្តព្រៃវែង តែដោយរាល់ថ្ងៃនេះឪពុកកាន់តែចាស់ណាស់ទៅហើយ ដូច្នេះរូបគេបានបន្តមុខរបរនេះពីឪពុកម្ដាយដោយបានចុះប្រមូលទិញលៀសមកដល់ក្រុងកំពង់ចាម ។ជាមធ្យមក្នុងមួយថ្ងៃដឹក បានតែមួយជើងប៉ុណ្ណោះសម្រាប់ប្រាក់ចំណេញវិញបានប្រហែលជាង២០ម៉ឺនរៀល ក្រោយពីចាក់សាំងរថយន្ត និងការហូបចុកផ្សេងៗ ។
នៅក្នុងរដូវវស្សាឆ្នាំ២០២១ នេះពេលណាលាសនៅកំពង់ចាមអស់ គាត់នឹងត្រូវទិញនៅតាមតំបន់ផ្សេងទៀតក្រៅពីខេត្តកំពង់ចាម ព្រោះថា រដូវលៀសហើយផល គឺពេលវេលាមិនដូចគ្នាទេ ។ សម្រាប់របរដែលទិញលៀសនេះ រូបគេមិនដឹងថា តើកូននឹងអាចស្នងរបបនេះដែរឬទេ0x017d7 បើសិនជាកូនគិតថា មុខរបរនេះពិបាកនោះគេនឹងអាចឈោងចាប់យករបរផ្សេងទៀត ដើម្បីរកកម្រៃថវិកាមកដោះស្រាយជីវភាពគ្រួសារ ។
អ្នកស្រី ឆេង រស់ អាយុ៥០ឆ្នាំ រស់នៅក្នុងខេត្តកំពង់ចាម ប្រាប់ឲ្យដឹងថា ក្រៅពីទំនេរដាំដុះស្រូវ រួចរាល់គាត់ឆ្លៀតបន្ថែមមុខរបរមួយទៀត គឺទិញលៀសពីមាត់ទន្លេក្រុងកំពង់ចាមដឹកតាមរថយន្តឈ្នួលយកទៅលក់នៅម្ដុំមុខរ៉ា រាជធានីភ្នំពេញ ដោយក្នុងមួយជើងគាត់អាចទទួលបានប្រាក់ចំណេញប្រមាណជាង៥ម៉ឺនរៀល គ្រាន់នឹងដោះស្រាយជីវភាពគ្រួសារ ។
រាល់ថ្ងៃគាត់ព្រួយបារម្ភពីជំងឺ covid 19 ជាមួយនោះគាត់ក៏មានវិធីការពារដោយប្រើប្រាស់ម៉ាសសំរាប់ពាក់ រួមទាំងអាល់កុលលាងដៃជាដើម ព្រមទាំងបានចាក់វ៉ាក់សាំងការពារកូវីដរួចរាល់ហើយដែរ ។ របរនេះបានចាប់ផ្ដើមរបរនេះ៣ទៅ៤ឆ្នាំមកហើយ ។
អ្នកស្រីជា សុខហៀង អាយុ៣៨ឆ្នាំ រស់នៅឃុំកៀនជ្រៃ ស្រុកកំពង់សៀម ប្រាប់ឲ្យដឹងថា កាលពីឆ្នាំទៅ២០២០ លៀសដែលគាត់គេអូសតាមដងទន្លេមេគង្គក្នុងមួយបាវ អាចលក់បាន១៥ម៉ឺនរៀល តែមកដល់ឆ្នាំ២០២១ ពេលដែលកូវីដផ្ទុះឡើងធ្វើឲ្យតម្លៃលៀសមួយបាវបានធ្លាក់ចុះនូវតែ៥ម៉ឺនរៀលជាងប៉ុណ្ណោះ ។
មានពេលខ្លះ កំពុងតែអូសតាមដងទន្លេជួនមេឃខ្មៅងងឹតភ្លៀងធ្លាក់លាយឡំដោយខ្យល់កន្ត្រាក់ធ្វើឱ្យទូកម៉ាស៊ីនរបស់គាត់ត្រូវលិចក៏មាន ។
អ្នករាវលៀសរូបនេះបញ្ជាក់ថា ទោះបីជាទូកលិចតែមិនបានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ដោយមនុស្សនៅលើទូកសុទ្ធតែចេះហែលទឹក និងមានប៊ីដុងតោងហែលទៀតផង ។
រាល់ថ្ងៃចិញ្ចឹមកូនបីនាក់ ឲ្យបានរៀនសូត្រនឹងគេ ក្រែងថ្ងៃអនាគតពួកគេល្អ គឺមិនពិបាកដូចម្ដាយដែលចេញរាវលៀសរាល់ថ្ងៃ ជាមធ្យមអាចរាវបានតែបីបានលក់បាន១៥ម៉ឺនរៀល មនុស្សនៅលើទូកបីនាក់ត្រូវចែកគ្នាបានប្រហែលជាង៤ម៉ឺនរៀលប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ