បន្ទាយមានជ័យ ៖ ជ្រូកកណ្តុរជាង១០០ក្បាល ឈ្មួញនាំចូលពីថៃ សម្រាប់ខ្វៃក្នុងឱកាសបុណ្យត្រូវបានមន្ត្រីជំនាញឃាត់ គ្មានជម្ងឺប៉េស្តជ្រូកអាព្រិច ត្រូវធ្វើការផាកវិន័យតាមច្បាប់ប្រគល់ជូនម្ចាស់វិញកាលថ្មីៗនេះ ។
លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យបានប្រាប់ថា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីដាក់វិធានការទប់ស្កាត់ការលួចនាំចូលសត្វពីប្រទេសជិតខាងជ្រូកការពារជម្ងឺឆ្លងបេស្តជ្រូកអាព្រិច និងលើកកម្ពស់ការចិញ្ចឹមសត្វក្នុងស្រុក ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសវិស័យសុខភាពសត្វ និងផលិតកម្មសត្វនៃមន្ទីកសិកម្ម និងរុក្ខាប្រម៉ាញ និងនេសាទខេត្តបន្ទាយមានជ័យ បានស្រាវជ្រាវឃាត់រថយន្តតួរីសសាំយ៉ុង១គ្រឿង ពាក់ផ្លាក់លេខភ្នំពេញ2AP.2535 បានលួចដឹកជ្រូកកណ្តុររស់ចំនួន១០៩ក្បាល ដែលឈ្មួញលួចនាំចូលតាមច្រករបៀងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។
លោកបានបញ្ជាក់ថា ក្រោយពេលមន្ត្រីជំនាញឃាត់បាននាំយកមកការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យ ដើម្បីយកសំណាក់ទៅវិភាគរកជម្ងឺបេស្តជ្រូកអាព្រិចដែលចេញលទ្ធអវិជ្ជមានត្រូវមន្ត្រីជំនាញធ្វើកិច្ចសន្យាណែនាំ និងធ្វើការផាកវិន័យតាមច្បាប់ហើយប្រគល់ជូនម្ចាស់វិញ ។
លោក ហ៊ុយ ទូច បានបញ្ជាក់ថា ឈ្មួញឈ្លាតឱកាសនៅថ្ងៃបុណ្យចូលឆ្នាំថ្មី ហើយលួចនាំជ្រូកកណ្តុររស់នាំចូលពីប្រទេសថៃដោយគ្មានច្បាប់ឬលោតឆ័ត្រ ដើម្បីធ្វើខ្វៃលក់នៅថ្ងៃបុណ្យត្រូវបានមន្ត្រីជំនាញឃាត់ហើយធ្វើការផាកវិន័យតាមច្បាប់ ៕
ចែករំលែកព័តមាននេះ