ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាច់ជ្រូកឡើង​ថ្លៃដល់ ៣ម៉ឺនរៀលមួយគីឡូ​ក្រាម ពលរដ្ឋផ្តើមត្អូញត្អែរ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នៅថ្ងៃនេះសាច់ជ្រូកបីជាន់លក់មួយគីឡូក្រាម ២៥ ០០០ រៀលនៅច្បារផ្សារអំពៅ សាច់​ជ្រូកសុទ្ធលក់ ៣០ ០០០រៀលក្នុងមួយគីឡូក្រាម នៅផ្សារអូរឫស្សី…

រាជធានីភ្នំពេញ ៖ នៅថ្ងៃនេះសាច់ជ្រូកបីជាន់លក់មួយគីឡូក្រាម ២៥ ០០០ រៀលនៅច្បារផ្សារអំពៅ សាច់​ជ្រូកសុទ្ធលក់ ៣០ ០០០រៀលក្នុងមួយគីឡូក្រាម នៅផ្សារអូរឫស្សី ។ នេះបើតាមការដក​ស្រង់​របស់ក្រសួងពាណិជ្ជកម្មជុំវិញតម្លៃទំនិញនៅលើទីផ្សារកម្ពុជា ។ ចំណែកអ្នកលក់​សាច់ជ្រូកនៅតាមផ្សារនានាក្នុងក្រុងភ្នំពេញថា តម្លៃពីពេលមុនមានចន្លោះ ១៥ ០០០រៀល, ១៨,០០០រៀល, ២០,០០០រៀល ឬ ២៣,០០០រៀលតែប៉ុណ្ណោះ ប៉ុន្តែមួយ​រយៈពេល​នេះសាច់ជ្រូកឡើងថ្លៃជាបន្តបន្ទាប់ដែលជាទូទៅគឺក្នុងរង្វង់​៣ម៉ឺនរៀលក្នុង ១គីឡូក្រាម ។

ការឡើងថ្លៃសាច់ជ្រូកនេះ បានធ្វើឲ្យពលរដ្ឋមួយចំនួនត្អូញត្អែរថា បានប៉ះពាល់​ជីវភាពរបស់ពួកគាត់ ពិសេសនៅក្នុងពេលវិបត្តិកូវីដ ១៩ នេះ ដែលការរកចំណូលរបស់​ពលរដ្ឋបានធ្លាក់ចុះនោះ ។ កាលពីប៉ុន្មានថ្ងៃមុននេះ កញ្ញា ធីតា អ្នករស់នៅភ្នំពេញម្នាក់បាននិយាយ​ប្រាក់គម្រោង​លុយ នៃសាធារព័ត៌មានកោះសន្តិភាពថា ដោយាសារការរកចំណូលនៅក្នុងគ្រួសារ​កញ្ញា​ធ្លាក់ចុះ ពិសេស​ដោយសារលោកពុក អ្នកម្តាយរបស់កញ្ញា ត្រូវបានកន្លែងធ្វើការ កាត់បន្ថយប្រាក់ខែម្នាក់ៗ ៥០% ដោយសារសណ្ឋគារពួកគាត់ធ្វើការគ្មាន​ភ្ញៀវចូល​ស្នាក់នៅនោះ បានធ្វើឲ្យគ្រួសារកញ្ញាកាត់បន្ថយការចំណាយលើម្ហូបអាហារ​ប្រមាណ ៥០% ដែរ ។

កញ្ញា ធីតា ឲ្យដឹងថា គ្រួសារគាត់ធ្លាប់ចំណាយថវិកាពី ៥ ទៅ ៦ម៉ឺនរៀលក្នុងថ្ងៃមកចាយត្រឹមតែ ២ ទៅ ៣ម៉ឺនរៀលប៉ុណ្ណោះនាពេលនេះ​ដោយត្រូវទិញសាច់បន្លែ យ៉ាងត្បិតត្បៀត ។ កញ្ញាបញ្ជាក់បន្ថែមថាពេលនេះមិនត្រឹមតែសាច់ជ្រូកទេបានឡើងថ្លៃ ទំនិញសឹងគ្រប់​ប្រភេទ រួមទំាងប្រងសំាង និងហ្គាសផងបានឡើងថ្លៃទំាងអស់ ដែលធ្វើឲ្យគ្រួសារ​គាត់ជួប​ការលំបាកផងដែរ ។

បើតាមលោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានឱ្យដឹងថា នៅក្នុង​ពេលបច្ចុប្បន្ន​នេះ តម្លៃជ្រូកពិតជាបានឡើងថ្លៃបន្តិចមែន តែកសិករអ្នកចិញ្ចឹមជ្រូក​នៅតែប្រឈមនឹងបញ្ហាក្នុងការចិញ្ចឹមដោយសារតែការយារយីពីជំងឺប៉េសជ្រូកអាហ្វ្រិក ហើយតម្លៃជ្រូកក៏មិនមែនឡើងថ្លៃហួសហេតុនៅឡើយដែរ ។

លោកបន្តថា ការឡើងថ្លៃនៃតម្លៃជ្រូកនេះ ដោយសារតែវត្ថុធាតុដើមដែលត្រូវយក​មកចិញ្ចឹមមានតម្លៃខ្ពស់ ពោលដើម្បីបានជ្រូកមួយគីឡូត្រូវចំណាយប្រមាណ ១២ ០០០រៀលទៅហើយ ដោយកសិករលក់ចេញក្នុងតម្លៃប្រមាណ ១៣ ០០០រៀលទៅ ១៤ ០០០រៀលក្នុងមួយគីឡូក្រាម ។ ចំណែកទីផ្សារលក់រាយតាមផ្សារនានា គឺក្នុងតម្លៃ​ប្រមាណ ២០០០០រៀលទៅ ២៣០០០រៀលក្នុងមួយគីឡូក្រាម ។

ការឡើងថ្លៃសាច់ជ្រូកអាចជាឱកាសសម្រាប់អ្នកចិញ្ចឹមប៉ុន្តែវាជាផលលំបាកសម្រាប់ពលរដ្ឋអ្នកទទួលទាន ដោយសារពេលនេះមនុស្សជាច្រើនបានត្អូញពីបញ្ហាចំណូល ៕ រាយការណ៍បន្ថែម ដោយ សុវណ្ណ ណែត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ