រាជធានីភ្នំពេញ ៖ ក្រុមឆ្លើយតបបន្ទាន់នៃក្រសួងសុខាភិបាលនិងមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានកំពុងចុះយកសំណាកកម្មករជាច្រើននាក់នៅរោងចក្រមួយកន្លែងក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ បន្ទាប់ពីរកឃើញកម្មករមួយរូបបានផ្ទុកកូវីដ ១៩ ។
លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានថ្លែងថា ពិតជាមានកម្មករម្នាក់ធ្វើក្នុងរោងចក្រមួយកន្លែង ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ បានផ្ទុកជំងឺកូវីដ-១៩ ពិតប្រាកដមែន ។ លោក វេជ្ជបណ្ឌិត ងី ម៉េងហេង បានបញ្ជាក់ថា ស្ត្រីដែលឆ្លងកូវីដ១៩នៅរោងចក្រកាត់ដេរ «Y&W» នៅខណ្ឌដង្កោ មានអាយុ៤៨ឆ្នាំ ដែលបានឆ្លងពីកូនជាអ្នកបើកឡានឲ្យជនជាតិចិន។
យ៉ាងណាមិញ នៅពេលសាកសួរថា តើនឹងមានកម្មករដែលប៉ះពាល់ផ្ទាល់ និងប្រយោលចំនួនប៉ុន្មាននាក់ នឹងត្រូវយកសំណាកធ្វើតេស្តរកវីរុសកូវីដ ១៩ នោះ? លោកវេជ្ជបណ្ឌិត បានអះអាងថា ពេលនេះលោកនៅខាងក្រៅមិនទាន់អាចបញ្ជាក់អំពីតួលេខបានទេ ដូច្នេះលោកបានសុំឲ្យសាកសួរព័ត៌មានលម្អិតទៅលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ។
លោកស្រី ឱ វណ្ណឌីន មិនបានឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានដែលបានសាកសួរលោកស្រីនៅឡើយទេ នារសៀលថ្ងៃទី ២ ខែមីនា នេះ ។
នារសៀលថ្ងៃទី ២ ខែមីនា កម្មករ-កម្មការិនី សរុប ៤៨នាក់ ស្រី៣៧ ប្រុស១១នាក់ មកពីរោងចក្រ «Y&W» ត្រូវបានអញ្ចើញមកកាន់ទីតាំងមណ្ឌលចត្តាឡីស័ក្តដង្កោ ស្ថិតនៅសាលាបឋមសិក្សាអនុវិទ្យាល័យដង្កោ ដើម្បីធ្វើចត្តាឡីស័ក្ត បន្ទាប់ពីពួកគេ ប៉ះពាល់ផ្ទាល់ និងប្រយោជន៍ជាអ្នកដែលវិជ្ជមានកូវីដ ១៩ ។
មន្ត្រីសុខាភិបាលនៅទីតាំងមណ្ឌលចត្តាឡីស័ក្តដង្កោបានឲ្យដឹងថា កម្មករ-កម្មការិនី ទាំង ៤៨នាក់នឹងត្រូវធ្វើចត្តាឡីស័កពេញ ១៤ថ្ងៃ ៕
ចែករំលែកព័តមាននេះ