បន្ទាយមានជ័យ៖ សត្វស្លាបជាច្រើនប្រភេទ កំពុងរស់នៅអូរវៀន និងរហាលកេះ ត្រូវមន្ត្រីជំនាញ អភិរក្ស សម្រាប់ទាក់ទាញភ្ញៀវមើលកំសាន្ត នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ។ តំបន់សត្វស្លាបអូរវៀន និងរហាលកេះ ស្ថិតឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ។
លោក ឃូរ ពៅ អភិបាលស្រុកព្រះនេត្រព្រះ បានប្រាប់ថា សត្វស្លាបជាច្រើនប្រភេទ រួមជាមួយសត្វស្លាប ដែលកម្រក បានមករស់នៅចំណុច អូរអាវៀន និងរហាលកេះ ជាច្រើនឆ្នាំមកហើយ។ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ ខិតខំយកចិត្តទុកដាក់ការពារ មិនអោយជនខិលខូច ចូលប្រម៉ាញ់ និងលួចពងសត្វនោះទេ។
លោកបានបញ្ជាក់ថា ហ្វូងសត្វស្លាប ដែលធំៗ មានទុង គ្រាលខ្យង កុក ទាព្រៃ ប្រវឹក និងសត្វជាច្រើនទៀត ដែលកំពុងត្រូវការពារ និងថែរក្សាពីអាជ្ញាធរ និងមន្ត្រីជំនាញ ដោយមានទូកម៉ាស៊ីនល្បាតជាប្រចាំ ដើម្បីការពារទុក សម្រាប់អ្នកទេសចរ មកមើលកំសាន្ត។
លោក ឃូរ ពៅ បានបញ្ជាក់ថា តំបន់អភិរក្សសត្វស្លាបច្រើនប្រភេទនេះ ស្ថិតនៅក្បែរផ្លូវជាតិលេខ៦ ខាងត្បូងប្រមាណជិត ៣.០០០ម៉ែត្រ ពីសាលាឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ដែលមានផ្លូវគ្រួសក្រហម ចូលបានងាយស្រួល។
លោកអភិបាលស្រុក បានអំពាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមការពារ និងអភិរក្សសត្វ ដើម្បីទាក់ទាញភ្ញៀវចូលមកកំសាន្ត៕ ដោយ៖ ប៊ុន ធឿន
ចែករំលែកព័តមាននេះ