រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលនៅមុននេះបន្តិច បានចេញបញ្ជារទៅថ្នាក់ដឹកនាំបណ្តាខេត្ត ដែលមានព្រំប្រទល់ជាប់នឹងប្រទេសវៀតណាមឲ្យ «បង្កើនការប្រុងប្រយ័ត្ន និងចាត់វិធានការប្រកបដោយប្រសិទ្ធភាពខ្ពស់ ទប់ស្កាត់ និងបង្ការការនាំចូលវីរុសកូវីដ-១៩ តាមច្រកព្រំដែនកម្ពុជា-វៀតណាម» ដើម្បីការពារកុំឲ្យឆ្លងចូលប្រទេសកម្ពុជា ខណៈប្រទេសវៀតណាមកំពុងមានការផ្ទុះឡើងវិញនូវវីរុសកូវីដ-១៩ ឆ្លងក្នុងសហគមន៍ ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានបញ្ជាក់ប្រាប់ទៅអភិបាលនៃគណៈអភិបាលខេត្ត-រាជធានី ដែលមានព្រំប្រទល់ជាប់នឹងប្រទេសវៀតណាមថា តាមការចាំបាច់ និងស្ថានភាពរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍នៅសាធារណៈរដ្ឋសង្គមនិយមវៀតណាម ជាពិសេសនោះ គឺមានការចម្លងនូវវីរុសកូវីដ-១៩ បម្លែងថ្មីពីចក្រភពអង់គ្លេសផងដែរ ។
ជាងនេះទៅទៀត ចាប់តាំងពីថ្ងៃទី ២៨ ខែមករា រហូតដល់ថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ២០២១នេះ វៀតណាមបានរកឃើញករណីវិជ្ជមាននៅតាមបណ្តាខេត្តមួយចំនួន ដូចជា ខេត្តហៃដុង ខេត្តក្វាងនិញ ទីក្រុងហាណូយ ខេត្តហៃឡៃ បាកណិញ ខេត្តហូវប៊ិញ ខេត្តប៊ិញដុង ទីក្រុងហូជីមិញ ខេត្តហៃហ្វុង និងប៊ិកយ៉ាង ដែលខេត្តខ្លះ ក៏មានព្រំប្រទល់នៅជិតកម្ពុជាដែរ ។
លោក ម៉ម ប៊ុនហេងបានបញ្ជាក់ថាខេត្តដែលជាប់នឹងវៀតណាម ដូចជាខេត្តកំពត តាកែវ កណ្តាល ព្រៃវែង ស្វាយរៀង ត្បូងឃ្មុំ ក្រចេះ មណ្ឌលគិរី និងរតនគិរី គឺត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់» និងចាត់វិធានការសំខាន់ៗមួយចំនួនដូចជា «អាជ្ញាធរពាក់ព័ន្ធទាំងអស់ជាពិសេសបណ្តាខេត្តដែលមានព្រំប្រទល់ជាមួយប្រទេសវៀតណាម ត្រូវបង្កើនសកម្មភាពត្រួតពិនិត្យសុខភាពអ្នកដំណើរចេញ-ចូលតាមច្រកព្រំដែន ឲ្យបានហ្មត់ចត់ និងត្រូវធ្វើតេស្តរកវីរុសកូវីដ-១៩ ព្រមទាំងដាក់អ្នកដំណើរដែលចូលមកកម្ពុជាទាំងអស់ឲ្យធ្វើចត្តាឡីស័កពេលលេញ១៤ ថ្ងៃ ។
លោក ម៉ម ប៊ុនហេង ក៏បានបញ្ជាក់ផងដែរ «ជាមួយគ្នានេះដែរ ក្រសួងសុខាភិបាលសូមធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យផ្អាក ឬពន្យារការធ្វើដំណើរទៅប្រទេសវៀតណាម ជាពិសេសទៅតំបន់ដែឡមានការរាតត្បាតនូវជំងឺកូវីដ-១៩ នៅក្នុងសហគមន៍» ៕
ចែករំលែកព័តមាននេះ